អាជ្ញាធរ​ស្រាវជ្រាវ​រកមុខ​ជនល្មើស​ដែល​កាប់ទន្ទ្រាន​ឈូសឆាយ​ដីព្រៃ​រដ្ឋ​ជាច្រើន​ហិកតា​

196
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ដីព្រៃ​រដ្ឋ​ជាច្រើន​ហិកតា​បាន​រង​ការកាប់​ទន្ទ្រាន​និង​ឈូសឆាយ​យក​ធ្វើជា​កម្មសិទ្ធិ​ពី​ជនខិលខូច​មួយក្រុម​។​បច្ចុប្បន្ន​អា​ជ្ញ​ធរ​ថ្នាក់​ខេត្ត​និង​ស្រុក​កំពុងបើក​ការស្រាវជ្រាវ​កំណត់​មុខសញ្ញា​ជនសង្ស័យ​ដើម្បី​នាំខ្លួន​មក​ផ្តន្ទាទោស​តាមច្បាប់​។​

សកម្មភាព​នាំ​គ្រឿងចក្រ​ចូល​ឈូសឆាយ​ដីព្រៃ​រដ្ឋ​ជា​កម្មសិទ្ធិ​ទាំង​បំពាន​ច្បាប់​នោះ​គឺ​បាន​កើតឡើង​ច្រើន​ថ្ងៃ​កាលពី​ចុង​សប្តាហ៍​ក្នុងខែកក្កដាឆ្នាំ២០២០នេះ។​នៅជាប់​ព្រំប្រទល់​ស្រុក​ជ័យ​សែន​ចំណុច​ទួល​អូរ​សុ​ក្រម​ស្ថិតនៅ​ក្នុងភូមិ​ឆែប​កើត​ឃុំ​ឆែប​១​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​

​លោក​សុខសាន្ត​តា​រ៉ា​អភិបាលស្រុក​ឆែប​បានឱ្យដឹងថា​នៅ​ច្រើន​ថ្ងៃ​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​មាន​ដែនដី​ព្រៃ​អចិន្ត្រៃយ៍​របស់​រដ្ឋ​ជាច្រើន​ហិកតា​ត្រូវបាន​ក្រុម​ជនខិលខូច​នាំយក​គ្រឿងចក្រ​ចូលមក​ឈូសឆាយ​និង​ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់​។​អាជ្ញាធរ​កងកម្លាំង​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ព្រៃឈើ​ប្រចាំ​មូលដ្ឋាន​មិនបាន​ដឹង​នោះទេ​។​ប៉ុន្តែ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ពី​ជន​ឈ្លាត​ឱកាស​មួយក្រុម​នេះ​នៅតែ​មិនអាច​បិទបាំង​សមត្ថកិច្ច​បានឡើយ​។​

​លោក​សុខសាន្ត​តា​រ៉ា​បាន​បន្តទៀតថា​ក្រោយពី​ដឹង​រឿងនេះ​ភ្លាម​លោក​បាន​រាយការណ៍​ជូន​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ដើម្បី​ទទួលបាន​បទបញ្ជា​និង​មាន​ចំណាត់ការ​ទៅលើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ​រដ្ឋ​ល្មើសច្បាប់​នោះ​។​បន្ទាប់ពី​មានការ​សម្រេច​ពី​លោក​អភិបាលខេត្ត​រួច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ឆែប​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅក្នុង​មូលដ្ឋាន​បាន​ចុះទៅ​ដល់ទី​តាំង​ដីព្រៃ​ក្នុង​ដែន​ព្រៃ​អចិន្ត្រៃយ៍​របស់​រដ្ឋ​នោះ​។​

​សមត្ថកិច្ច​បាន​ពិនិត្យឃើញថា​ដីព្រៃ​ជាច្រើន​ហិកតា​បាន​រង​ការកាប់​ទន្ទ្រាន​ឈូសឆាយ​ដោយ​នៅក្នុង​ពេលនេះ​ដីព្រៃ​ដែល​រង​ការ​ឈូសឆាយ​ទាំងនោះ​ត្រូវបាន​អាជ្ញាធរ​ថ្នាក់​ខេត្ត​សម្រេច​ដកយក​មក​ទុកជា​កម្ម​សិទ្ធ​ដី​រដ្ឋ​វិញ​ហើយ​។​លោក​បាន​បន្តថា​នៅក្នុងពេល​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅដល់​ក្រុម​ជនល្មើស​បាន​ដក​គ្រឿងចក្រ​និង​រត់គេចខ្លួន​បាត់អស់​។

​ប៉ុន្តែ​បាន​បន្សល់ទុក​នូវ​រណា​យន្ត​១​គ្រឿង​ហើយ​សមត្ថកិច្ច​បាន​ដកហូត​យមក​រក្សាទុក​។​ចំណែក​ទំហំ​ដីព្រៃ​ដែល​រង​ការ​ឈូសឆាយ​ពី​ក្រុម​ជនល្មើស​នោះ​នៅ​មិនទាន់​ដឹងថា​មាន​ផ្ទៃដី​ប៉ុន្មាន​ហិកតា​នៅឡើយ​ទេ​។ ព្រោះ​មន្ត្រី​ព្រៃឈើ កំពុង​កសាង​ផែនទី វាស់វែង​លើ​ផ្ទៃដី នោះ​។​

​លោក​សុខសាន្ត​តា​រ៉ា​បាន​បញ្ជាក់ថា​នៅក្នុង​ពេលនេះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​រួមជាមួយ​កម្លាំង​សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន​កំពុង​បន្ត​បើក​ការស្រាវជ្រាវ​កំណត់​រកមុខ​សញ្ញា​ជន​ប្រព្រឹត្ត​បទល្មើស​ឈូសឆាយ​ដីព្រៃ​រដ្ឋ​ជា​កម្មសិទ្ធិ​ដើម្បី​នាំខ្លួន​មក​ផ្តន្ទាទោស តាមច្បាប់​នោះ​ហើយ​៕S/​សរន