​ផល​នេសាទ​នៅ​ខេត្តកំពត​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០២០​ប្រមូលបាន​ជិត​មួយ​ម៉ឺន​តោន​

162
ចែករម្លែក

​ដោយ​បូកគោ​/​កំ​ពតៈ​មន្ត្រី​ជំនាញ​បាន​អះអាងថា​ទោះបី​ស្ថិតក្នុង​ដំណាក់កាល​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩​ក្តី ការប្រមូល​ផល​នេសាទ​នៅ​ខេត្តកំពត​សម្រាប់​ឆមាស​ទីមួយ​ឆ្នាំ​២០២០​ទទួលបាន​ជិត​មួយ​ម៉ឺន​តោន​។ បរិមាណ​នេះ​មានការ​កើនឡើង​ប្រមាណ​៥​ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៩​។​

លោក​ស​សូ​រិ​ន​នាយខ​ណ្ខ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពត​មានប្រសាសន៍ថា​រយៈពេល​៦​ខែ​នៃ​ឆ្នាំ​២០២០​នៅ​ទូទាំង​ខេត្ត​ប្រមូល​ផល​នេសាទ​បាន​ទម្ងន់​៩.៣៥៣​តោន​។ បរិមាណ​នេះ​មានការ​កើនឡើង​ប្រមាណ​៥​ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លងទៅ​។​ក្នុងនោះ​ផល​នេសាទ​សមុទ្រ​ទទួលបាន​៨.៩៩១​តោន​និង​ផល​នេសាទ​ទឹកសាប​មាន​៣៦២​តោន​។
​លោកនាយខ​ណ្ខ​បាន​បន្តថា​៖​ខេត្តកំពត​មាន​ស្ថានីយ​ភ្ញាស់​កូន​ត្រី​ចំនួន​១៥​កន្លែង​ដែល​អាច​ភ្ញាស់​បាន​ប្រមាណ​១.៥០០.០០០​កូន​។​ជាមួយ​នោះ​ក៏មាន​ស្រះ​ចិញ្ចឹម​ត្រី​ទឹកសាប​១៥.០០០​កន្លែង​បែរ​ចិញ្ចឹម​ត្រី​សមុទ្រ​ចំនួន​៦០០ និង​ស្រែ​បង្គា​ប្រមាណ​៤០០​ហិកតា​ផងដែរ​។

​លោ​កស សូ​រិ​ន​បាន​បន្តទៀតថា រយៈពេល​៦​ខែ​ដើម​ឆ្នាំនេះ ផល​វារីវប្បកម្ម​សរុប​មាន​៣.៥៣៥​តោន ដោយ​ផល​ទឹកប្រៃ​មាន​២.៥១០​តោន​និង​ទឹកសាប​ទម្ងន់​១៣៥​តោន​ព្រមទាំង​សារាយសមុទ្រ​៨៩០​តោន​ទៀតផង​។​ជាមួយនឹង​ការកើនឡើង​នូវ​ទិន្នផល​ព្រមទាំង​វត្តមាន​ភ្ញៀវ​ដ៏​ច្រើន​កុះករ​ដែល​បានមក​កម្សាន្ត​ក្នុង​ខេត្តកំពត​។​

សម្រាប់​បច្ចុប្បន្ន​ប្រជា​នេសាទ​ក៏ដូចជា​អ្នកលក់​ផល​នេសាទ​បាន​រៀបរាប់ថា​ពួកគាត់​មាន​ក្តី​រីករាយ​ជាមួយ​មុខរបរ​ដែល​បាន​សមប្រកប​ឡើងវិញ​នា​ដំណាក់កាល​នេះ​។ លើសពីនោះ ពួកគាត់​បាន និង​កំពុង​បន្ត​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​១៩​ស្របតាម​ការ​ក្រើនរំលឹក​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ផ្នែក​ពាក់ព័ន្ធ​ដែល​បាន​ផ្សព្វផ្សាយ​ជារឿយៗ​៕S/​