អ្នកនាំពាក្យប៉ូលិសច្រានចោលការចោទប្រកាន់អាជ្ញាធរបិទបាំងសិទ្ធិសេរីភាពប្រជាពលរដ្ឋ

220
ចែករម្លែក
អ្នកនាំពាក្យប៉ូលិសច្រានចោលការចោទប្រកាន់អាជ្ញាធរបិទបាំងសិទ្ធិសេរីភាពប្រជាពលរដ្ឋ

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានច្រានចោលចំពោះការចោទប្រកាន់គ្មានការពិតរបស់ក្រុមអ្នកវិភាគមួយចំនួន និងបណ្តាញទំនាក់ទំនងសង្គមមួយចំនួន រួមទាំងវិទ្យុបរទេសដែលនិយាយភាសាខ្មែរ ដែលបានធ្វើ បទអត្ថាធិប្បាយ ឬការវិភាគពាក់ព័ន្ធដល់ការចោទប្រកាន់វាយតម្លៃដល់អាជ្ញាធរថា បិទបាំងសិទ្ធិសេរីភាព គាបសង្កត់សិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋ ក្នុងការជួបជុំប្រារព្ធពិធីសាសនាផ្សេងៗ។ ការចោទប្រកាន់នេះ មានលក្ខណៈលំអៀងទៅខាងផ្នែកនយោបាយ កេងចំណេងនយោបាយទៅភាគីនយោបាយម្ខាងទៀត គ្មានតម្លាភាពនិងមានចេតនាបង្កើតឲ្យមានបញ្ហាយល់ច្រឡំពីសាធារណជន។ 

អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជាកាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ថា ប៉ុន្មានថ្ងៃកន្លងមកនេះ មានបណ្តាញទំនាក់ទំនងសង្គមមួយចំនួន រួមទាំងវិទ្យុបរទេសដែលនិយាយភាសាខ្មែរ បានលើកឡើងនូវបទអត្ថាធិប្បាយ ឬការវិភាគពាក់ព័ន្ធដល់ការចោទប្រកាន់វាយតម្លៃដល់អាជ្ញាធរថា បិទបាំងសិទ្ធិសេរីភាព គាបសង្កត់សិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋ ក្នុងការជួបជុំប្រារព្ធពិធីសាសនាផ្សេងៗ។ 

អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តថា ការវិភាគវាយតម្លៃរបៀបនេះ គឺជាការវិភាគចេញពីទស្សនប្រកបដោយទុទិ្ទដិ្ឋនិយមខ្មៅងងឹត និងធ្វើឲ្យមានភាពជ្រួលច្របល់បំពុលបរិយាកាសសង្គម និងធ្វើឲ្យមានការភ័ន្តច្រឡំពីសំណាក់សាធារណជន និងប្រជាពលរដ្ឋ។ ដោយលោកបានលើកឡើងថា ការរៀបចំពិធីសាសនាផ្សេងៗ គ្មានច្បាប់ណាហាមឃាត់ទេ ប៉ុន្តែមានចំណុចបីសំខាន់ សម្រាប់បញ្ជាក់ជូនចំពោះបណ្តាទស្សនដ៏ខ្មៅងងឹតខាងលើ ទី១. ក្នុងបរិបទដែលពិភពលោកកំពុងតែយកចិត្តទុកដាក់បង្ការទប់ស្កាត់ប្រឆាំងនឹងវីរុសកូវីដ១៩  កម្ពុជាក៏ជាប្រទេសមួយដែលរងគ្រោះ នឹងក៏កំពុងតែខិតខំបង្ការទប់ស្កាត់ ដើម្បីការពារសុខភាព និងអាយុជីវិតប្រជាពលរដ្ឋផងដែរ។ ដូច្នេះវិធានសុខាភិបាល គឺជាភាពចាំបាច់ ដែលត្រូវតែអនុវត្តទៅតាមគោលការណ៍គន្លាតសង្គម ដូច្នេះការជួបជុំក្នុងទ្រង់ទ្រាយធំត្រូវបានហាមឃាត់។ ទី២. ជាធម្មតាប្រពៃណីទំនៀមទម្លាប់ខ្មែរ ការរៀបចំពិធីបុណ្យតែងតែធ្វើនៅតាមវត្តអារាម ឬក៏នៅតាមគេហដ្ឋានម្ចាស់បុណ្យ។ ហើយក៏គេមិនដែលទៅរៀបចំតាមទីផ្សារ ឬតាមហាង តាមផ្លូវសាធារណៈដែរ ឬក៏ទៅរៀបចំទៅតាមកន្លែងនានា ដែលមិនមែនជាគេហដ្ឋាននៃគ្រួសារសាច់ញាតិម្ចាស់បុណ្យនោះឡើយ។ ទី៣. តែប្រសិនបើធ្វើពិធីនៅតាមទីសាធារណៈ ឬទីតាំងឯកជន ក៏ត្រូវតែមានការអនុញ្ញាតពីអាជ្ញាធរនៅមូលដ្ឋាន ដែលនេះគឺជាច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ ហើយក៏ត្រូវសុំម្ចាស់កម្មសិទ្ធិទីតាំងដែរ។ 

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តទៀតថា ចំពោះការចោទប្រកាន់ខាងលើនេះ គឺគ្មានមូលដ្ឋានច្បាស់លាស់ ដោយមិនផ្អែកទៅលើទិដ្ឋភាពច្បាប់ និងមិនផ្អែកទៅលើស្ថានភាពជាក់ស្តែងនោះឡើយ និយាយជារួម គឺការចោទប្រកាន់នេះ គឺកើតឡើងចេញពីប្រភពបីផ្សេងគ្នាទី១. គឺកើតចេញពីអ្នកសារព័ត៌មាន និងអ្នកវិភាគ ដែលពុំមានប្រភពព័ត៍មានច្បាស់លាស់ គឺគ្រាន់តែផ្សាយបន្តចំពោះព័ត៍មានអកុសលតៗគ្នា ដោយពុំបានធ្វើការស្រាវជ្រាវឲ្យបានច្បាស់អំពីប្រភពព័ត៌មានពិត។ ទី២. អ្នកព័ត៍មាន និងវិទ្យុបរទេសនិយាយភាសាខ្មែរមួយចំនួន ធ្វើការវិភាគដើម្បីបម្រើឲ្យនយោបាយប្រឆាំងនិងរដ្ឋាភិបាលកម្ពុជា។ ទី៣. គឺអ្នកវិភាគដែលមានគំនុំជាមួយប្រទេសជាតិរបស់ខ្លួន អ្នកវិភាគមួយចំនួនទៀត គឺមានគំនុំជាមួយប្រទេសចាតិរបស់ខ្លួនដោយសារពួកគេបានរត់គេចចេញពីសំណាញ់ច្បាប់ ហើយមានកំហឹងចំពោះរដ្ឋាភិបាលហេតុនេះពួកគេ រិះរកវិធីបញ្ចេញនូវកំហឹងដោយធ្វើការវាយបកប្រឆាំងជាមួយរដ្ឋាភិបាលវិញ៕/Ha

រូបថត

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ