ចិនហៅអង់គ្លេសថា “អាយ៉ងអាម៉េរិក” ចំពោះការ ហាមឃាត់ក្រុមហ៊ុន Huawei

144
ចែករម្លែក

កាលពីថ្ងៃពុធទី១៥កក្កដា របបក្រុងប៉េកាំងបានពន្លះខ្លាំងៗចំពោះការសម្រេចចិត្ត របស់អង់គ្លេសក្នុងការហាមឃាត់គ្រឿងបរិក្ខាររបស់ក្រុមហ៊ុន Huawei ដោយនិយាយថា របបក្រុងឡុងដ៍បានក្លាយជា “អាយ៉ងអាម៉េរិក” ហើយប្តេជ្ញា​ចាត់វិធានការដើម្បីការពារផលប្រយោជន៍របស់ក្រុមហ៊ុនចិន។

រដ្ឋាភិបាលអង់គ្លេសបានឱនក្បាលចុះចាញ់ក្រោមការដាក់សម្ពាធខ្លាំងឡើងពីសហរដ្ឋអាម៉េរិកនិងបានសន្យាកាលពីថ្ងៃអង្គារថានឹងដកក្រុមហ៊ុនទូរគមនាគមន៍យក្សចិន Huawei ចេញពីបណ្តាញ 5G របស់ខ្លួនត្រឹមឆ្នាំ ២០២៧ ទោះបីជាមានការ​ព្រមានពីការសងសឹកពីរដ្ឋាភិបាលក្រុងប៉េកាំងក៏ដោយ។

អ្នកនាំពាក្យក្រសួងការបរទេសចិន​លោកស្រីហួ ឈុនយីង​បាននិយាយនៅក្នុង​សន្និសីទ​សារព័ត៌មានមួយថា “ចិននឹងធ្វើការវាយតម្លៃលើបញ្ហានេះយ៉ាងពេញលេញ​និងយ៉ាងឧឡារិក ហើយនឹងចាត់វិធានការចាំបាច់មួយចំនួនដើម្បីការពារសិទ្ធិនិង​ផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន”។

លោកស្រីហួនិយាយដោយមិនបញ្ជាក់លម្អិតយ៉ាងដូច្នេះថា “រាល់ការសម្រេចចិត្តនិង​សកម្មភាពណាមួយ (ដោយអង់គ្លេស) ច្បាស់ជាត្រូវខាតបង់”។

ក្រុមមន្រ្តីអាម៉េរិកបានសាទរចំពោះការសម្រេចចិត្តរបស់អង់គ្លេស​ដោយនិយាយថា​វាបានបង្ហាញពី “ការមូលមតិគ្នាជាអន្តរជាតិ” ថាក្រុមហ៊ុន Huawei និងក្រុមហ៊ុន​ផ្សេងទៀត​ដែលផ្សារភ្ជាប់ទៅនឹងរដ្ឋចិន បង្កការគំរាមកំហែងដល់សន្តិសុខជាតិ។

លោកស្រីហួបានអះអាងថា របបក្រុងឡុងដ៍បានធ្វើសកម្មភាពត្រូវរ៉ូវគ្នាជាមួយ​សហរដ្ឋអាម៉េរិកដើម្បី “រើសអើងប្រឆាំង បង្ក្រាប និង លុបបំបាត់” ក្រុមហ៊ុន Huawei និងចោទប្រកាន់ចក្រភពអង់គ្លេសថាក្លាយជា “អាយ៉ងអាម៉េរិក”៕ ដោយ៖ កញ្ញាដាលីស/Ha

ក្រុមហ៊ុន Huawei នឹងត្រូវដកចេញអស់ពីបណ្តាញ 5G របស់អង់គ្លេសត្រឹមឆ្នាំ ២០២៧