ក្រុមហ៊ុនអាកាសចរណ៍ American Airlines ជូនដំណឹងដល់បុគ្គលិក ២៥.០០០ នាក់អំពីលទ្ធភាពបញ្ឈប់ពីការងារ

125
ចែករម្លែក

ក្រុមនាយកប្រតិបត្តិបាននិយាយកាលពីថ្ងៃពុធទី១៥កក្កដាថា ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានជូនដំណឹងដល់កម្មករ និយោជិតចំនួន ២៥.០០០ នាក់ថាពួកគេអាចនឹងត្រូវបញ្ឈប់ពីការងារចាប់ពីថ្ងៃទី ១ ខែតុលា ដែលនេះជា ក្រុមហ៊ុនអាកាសចរណ៍ខ្នាតធំចុងក្រោយបង្អស់មួយដែលបានព្រមានអំពីការបញ្ឈប់ការងារទ្រង់ទ្រាយធំ។

នាយកប្រតិបត្តិ លោក ដូក ផាកឃើ និងប្រធានលោក រ៉ូបឺត​ អាយសូម បាននិយាយនៅក្នុងអនុស្សរណៈមួយទៅកាន់និយោជិតថា ទោះបីជាចំនួននៃ ការបញ្ឈប់ពីការងារអាចត្រូវបានបង្រួមជាអប្បបរមាតាមរយៈការចាកចេញដោយស្ម័គ្រចិត្តក៏ដោយ ក៏ប៉ុន្តែក្រុមហ៊ុន American Airlines នៅតែមានកម្មករលើសជាង ២០.០០០ នាក់ចាំទទួលប្រាក់បៀវត្សរ៍ដោយសារតែការធ្លាក់ចុះ យ៉ាងខ្លាំងនៅក្នុងអាជីវកម្មដែលបណ្តាលមកពីជំងឺកូវីដ១៩។

ដូចក្រុមហ៊ុនអាកាសចរណ៍សំខាន់ៗដទៃទៀតដែរ ពួកនាយកប្រតិបត្តិបាននិយាយថា ការកាត់បន្ថយចំណាយថ្លៃដើមនឹងត្រូវការចាំបាច់ ដោយសារតែការលក់សំបុត្រ មិនដាច់ ចំពេលមានក្តីសង្ឃឹមតិចទៅៗសម្រាប់ការត្រឡប់មកវិញយ៉ាងរហ័ស ក្នុងការធ្វើដំណើរពីវិបត្តិកូវីដ១៩។

ពួកគេនិយាយថា “ជាមួយនឹងអត្រាឆ្លងមានការកើនឡើង ហើយរដ្ឋជាច្រើនកំពុង ដាក់ចេញឡើងវិញនូវការបង្ខាំងខ្លួនដាច់ដោយឡែកជាចាំបាច់ តម្រូវការសម្រាប់ការ ធ្វើដំណើរតាមផ្លូវអាកាសកំពុងធ្លាក់ចុះម្តងទៀត”។

ក្រុមហ៊ុនអាកាសចរណ៍អាម៉េរិកនានា ដែលបានទទួលជំនួយពីរដ្ឋាភិបាល ក្រោមច្បាប់ឈ្មោះ CARES មិនអាចបញ្ឈប់កម្មករនិយោជិតរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា៕ ដោយ៖ កញ្ញាដាលីស/Ha

ក្រុមហ៊ុនអាកាសចរណ៍ American Airlines អាចនឹងបញ្ឈប់បុគ្គលិក ២៥.០០០ នៅក្រោយថ្ងៃ ៣០ ខែកញ្ញា​