ទស្សន​វិភាគ​៖ ប្រែក្លាយ​វិបត្តិ​កូ​វីដ ១៩ ឱ្យទៅជា​ឱកាស សម្រាប់​កាលានុវត្តភាព វិស័យ​កសិកម្ម​

268
ចែករម្លែក

គ្មាន​ប្រទេស​ណាមួយ ដែល​មិន​រង​ផលប៉ះពាល់អំពី​បញ្ហា​ជំងឺ​កូ​វីដ -១៩ នេះ​ទេ ប្រទេស ទាំងអស់ដែល​នៅលើ​ពិភពលោក តិច​ឬ​ច្រើន មានការ​ប៉ះពាល់​ទាំងអស់ មិន​ថា ប្រទេសអ្នកមាន ឬ​ប្រទេស​អ្នកក្រ​ឡើយ ។ សម្រាប់​កម្ពុជា ផលប៉ះពាល់​បាន​ជះឥទ្ធិពលទៅលើ​វិស័យ ឧស្សាហកម្ម វិស័យ​សេវា ដូចជា​ទេសចរណ៍ជាដើម ។ ក៏ប៉ុន្តែ កម្ពុជា មាន​ចំណុចខ្លាំង​មួយនៅត្រង់ថា ជា​ប្រទេស​កសិកម្ម ស្ថិតក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ វា​អាចជា​ឱកាស​កាលានុវត្តភាពរបស់​វិស័យ​កសិកម្ម ។​

​វិបត្តិ​នៃ​ជំងឺ​កូ​វីដ ១៩ បាន​បង្ក​ផលប៉ះពាល់​ខ្លាំងទៅលើ​វិស័យ​ជាច្រើន ដូចជា​វិស័យ​ឧស្សាហកម្ម និង​វិស័យ​ទេសចរណ៍ របស់​កម្ពុជា ជាក់ស្តែង ក្នុង​ឆ្នាំ​២០២០ នេះ វិស័យ បាន​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត ស្ទើ​រតែ​មិនមាន​ទេសចរណ៍ មកកាន់​ប្រទេស​កម្ពុជា​។ ឆ្នាំ​កន្លងទៅ កម្ពុជា ទទួលបាន​ទេសចរប្រមាណ ៦​លាន​៦​សែន​នាក់ តែ​ឆ្នាំនេះ យើង​ទទួលបាន​តិច​ណាស់ ។ ប្រទេស​កម្ពុជា ធ្លាប់​ទទួលបាន​យន្តហោះក្នុង​១​ថ្ងៃ ៣០០ ទៅ ៤០០ ជើង ឥឡូវនៅសល់ ៧​ទៅ​៨ ជើង ឬ ១០ ជើង ក្នុង​មួយថ្ងៃ​តែប៉ុណ្ណោះ ដែល​ទទួល​នៅ​អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ និង​អាកាសយានដ្ឋានកំពង់សោម ឯអាកាស​យានដ្ឋាន​អន្តរជាតិ សៀមរាប គឺ​សូន្យតែម្តង ។ ស្ថិតក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ វា​អាចជា​ឱកាស​កាលានុវត្តភាព របស់​វិស័យ​កសិកម្ម អាចជា​ឱកាស​មាស សម្រាប់​កសិករ ក្នុងការ​ដណ្តើមបាន​ឧត្តមភាពសម្រាប់​ផ្គត់ផ្គង់​ក្នុង​ផលិតផល​កសិកម្ម សម្រាប់​ទីផ្សារក្នុងស្រុក​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា មើលឃើញ​ចំណុច​នេះ បាន​ប្តូរ​ទិស​យ៉ាង​ឆាប់ ទៅក្នុង​ការ​ជំរុញ វិស័យ​កសិកម្ម ឱ្យមាន​ការលូតលាស់​ឡើង ដោយសារតែ​វិស័យនេះ នឹងចូលរួម​ចំណែក​មួ​យផ្នែក គឺ​ដោះស្រាយ​បញ្ហា​ស្បៀង និង​ធានា​សន្តិសុខ​ស្បៀង ក្នុងស្រុក ។ ប្រមុខ​រាជរដ្ឋាភិបាល បាន​ជំរុញ​ឲ្យ​ក្រសួងកសិកម្ម បាន​ដាក់ចេញ​យុទ្ធសាស្ត្រ ធ្វើ​ទំនើបកម្ម​កសិកម្ម តាមរយៈ​រៀបចំ ហេដ្ឋារចនាសម្ព័ន្ធ​ឆ្លើយតប​នឹង​សេចក្តីត្រូវការ របស់​ប្រជាជន ជាពិសេស​គឺ​កសិករ​តែម្តង ឲ្យ​ឆ្លើយតប​ជាមួយនឹង​ការប្រែប្រួល​ស​អាកាសធាតុ និង​មាន​និរន្តរភាព សម្រាប់​អ្នកបញ្ជា​ទិញ​។ ជាមួយនេះ ក៏បាន​ចាត់វិធានការ មួយចំនួន រឹតបន្តឹង​ការនាំ​ចូល ដូចជា​សត្វ ពី​ក្រៅប្រទេស ដោយ​កម្រិត​កូតា ដើម្បីកុំ​ឲ្យ​មក​បំផ្លាញ​អ្នក​ចិញ្ចឹម​ក្នុងស្រុក ។ ដោយបាន​ពង្រឹង​ទៅលើ សមត្ថភាព​នៃ​ការចិញ្ចឹម​របស់​កសិក​រ ឲ្យ​មាន​ប្រសិទ្ធភាព ឆ្លើយតប​នឹង​ទីផ្សារ​។

​ក្នុង​ឆ្នាំ​២០១៩ កន្លងទៅនេះ វិស័យ​កសិកម្ម បាន​ចូលរួមចំណែក ប្រមាណ ២០,៨% នៃ​ផលិតផល​ក្នុងស្រុក​សរុប ក្នុងនោះ​ផ្នែក​ដំណាំ បាន​ចូលរួម ៥៧,៦៧% ផ្នែក​ផលិត កម្ម​សត្វ ១១,១១% ផ្នែក​ជលផល ២៤,៣០% និង​ផ្នែក​ព្រៃឈើ ៦,៩១% ។ រីឯ​ការនាំចេញ​ផលិតផល​កសិកម្ម សរុប​បាន​កើនឡើង​ពី ៤,១៦ លាន​តោន នៅ​ឆ្នាំ​២០១៥ ដល់ ៤,៨៨ លាន​តោន នៅ​ឆ្នាំ​២០១៩ ស្មើនឹង ១៧,៣%​។ បរិមាណ​អង្ករ​នាំចេញ​ផ្លូវការ បាន​កើន​ពី ៥៣៨ ពាន់​តោន ដល់​ជាង ៦២០ ពាន់​តោន ក្នុង​ឆ្នាំ​២០១៩ គិត​ជា​មធ្យមក្នុង​រយៈពេល ៥ ឆ្នាំ កន្លងមកនេះ គឺមាន​កំណើន ប្រមាណ ១៥,២៤%​។ ផលិតកម្ម​សត្វ សម្រេចបាន​ចំនួន ៤៥,៨៥ លាន​ក្បាល គឺ​កើន​លើស ឆ្នាំមុន ចំនួន ៣,៣% ដែល​ធ្វើឱ្យ​កម្ពុជា មាន​សមត្ថភាព​ផលិត​សាច់ សម្រាប់​បម្រើ​តម្រូវ ការ​ក្នុងស្រុក បាន​ប្រមាណ ២៣៩ ពាន់​តោន ឬ​ស្មើនឹង ៨២% នៃ​តម្រូវការ​សាច់​សរុប​ប្រមាណ ២៩០ ពាន់​តោន ក្នុង​មួយឆ្នាំ ។ ការចិញ្ចឹម​សត្វ លក្ខណៈ​ពាណិជ្ជកម្ម មានការ​កើនឡើង ៣៧% ធៀប​នឹង​ឆ្នាំមុន គឺ​ដោយសារ​អ្នក​ចិញ្ចឹម មានការ​ផ្លាស់ប្តូរ​ឥរិយាបថ ពី​ការចិញ្ចឹម​តាមបែបធម្មជាតិ មក​ចិញ្ចឹម​តាមបែប​ពាណិជ្ជកម្ម ដែល​ធ្វើឱ្យមាន​កំណើន ប្រាក់ចំណូល​ខ្ពស់ ។ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ នេះ ផល​នេសាទ​ទឹកសាប សម្រេច បាន​៖ ១.​ដាយ​ត្រី បាន​ចំនួន ១.៥០០ តោន (២) នេសាទ​គ្រួសារ ក្នុង​ដែន​នេសាទ​អនុវត្តបាន​ចំនួន ១៣២.៩៥០ តោន​ស្មើនឹង ៣៨,៥% នៃ​ផែនការ​និង​(៣)​នេសាទ​គ្រួសារ​តាម​វាល ស្រែ​អនុវត្តបាន​ចំនួន ៣០.៧៨០ តោន ស្មើនឹង​២១% នៃ​ផែនការ ,​នេសាទ​សមុទ្រ អនុវត្តបាន​ចំនួន ៥៧.១៦០​តោន ស្មើនឹង ៥២% នៃ​ផែនការ ។

​ដោយឡែក ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ បរិមាណ​នាំចេញ​អង្ករ បាន​ចំនួន ៤០២.៤២៤ តោន និង​នាំចេញ​ទៅកាន់​ទិសដៅ ចំនួន ៥៦ ប្រទេស ដោយ​ក្រុមហ៊ុន​ឯកជន​ចំនួន ៦៦ ក្រុមហ៊ុន ។ ម្យ៉ាងទៀត ពិតមែនតែ​ប្រទេសជាតិ​កម្ពុជា កំពុង​ទទួលរង​នូវ​ហានិភ័យពី​វិបត្តិ​នៃ​កូ​វីដ​-១៩ យ៉ាងណាក៏ដោយ ក៏​ការងារ​បង្កបង្កើនផល​ស្រូវ មកទល់ពេលនេះ គឺមាន​វឌ្ឍនភាព គួរឱ្យ​កត់សម្គាល់ ដោយ​អនុវត្តបាន​ជិត ២ លាន​ហិកតា ស្មើនឹង ៧៥,២៨% នៃ​ផែនការ​ជាង ២,៥៨ លាន​ហិកតា លើស​ឆ្នាំមុន​ជាង ៣០ ម៉ឺន ហិកតា ធៀប​នឹង​រយៈពេល​ដូចគ្នា​។ រីឯ​ការនាំចេញ ផលិតផល​កសិកម្ម​ផ្សេងៗ ទៅ​ក្រៅប្រទេស ក៏មាន​វឌ្ឍនភាព គួរឱ្យកត់សម្គាល់​ផងដែរ ទាំង​ផ្លូវការ និង​ក្រៅផ្លូវការ មាន​ចំនួន​ជាង ៤ លាន​តោន ។​

​ដោយ​មើលឃើញ​ពី​សក្តានុពល នៃ​វិស័ក​សិ​កម្ម​នេះហើយ បានជា​ប្រមុខ​រាជរដ្ឋាភិបាល ធ្វើការ​បង្វិល​ទិស​ឆាប់រហ័ស ដើម្បី​ជំរុញ​វិស័យ​កសិកម្ម​របស់​កម្ពុជា ដែល​គេ​ថា​ឱកាស​ឱ្យក្លាយទៅជា​ឱកាស ពី​វិបត្តិ​កូ​វីដ​១៩​នេះ ឱ្យទៅជា​ឱកាស​នៃ​វិស័យ​កសិកម្ម​ដែល​វិស័យ កសិកម្ម​នេះ ប្រជាជន​របស់​កម្ពុជា ដែល​មុននេះ មាន​អត្រា​រហូត​ទៅដល់ ៨០% ឯណោះ ដែល​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម ប៉ុន្តែ​ដោយសារ​វិស័យ​សេវា និង​វិស័យ​ឧស្សាហកម្ម​រីក​ធំ ក៏​នៅសល់​ប្រមាណ​ជា ៧៣% ដែល​ធ្វើការ ក្នុង​វិស័យ​កសិកម្ម ។​

​កម្លាំង​ពលកម្ម ដែល​បាត់បង់​ការងារ នៅក្នុង​វិស័យ​ឧស្សាហក​ម្ម និង​វិស័យ​សេវា​អាច​វិលត្រឡប់ មក​ចូលរួមចំណែក ក្នុង​វិស័យ​កសិកម្ម​វិញ ដើម្បី​ទទួលបាន​នូវ​ការងារ​ធ្វើ និង​បង្កើត មុខរបរ ក្នុង​វិស័យ​កសិកម្ម ព្រោះ​ចំណែក​ដី ទាំង​ស្រូវប្រាំង ទាំង​ស្រូវវស្សា ដែលមាន​ជាង ៣ លាន​ហិកតា​ឯណោះ បូក​ជាមួយ​ដំណាំ​ឧស្សាហកម្ម ដទៃទៀត ។​

​សរុបមក វិបត្តិ​កូ​វីដ​១៩ បានផ្តល់​ឱកាស​ដល់ វិស័យ​កសិកម្ម​កម្ពុជា ឱ្យមាន​ភាពប្រសើរឡើងជាង​មុន ដោយ​រាជរដ្ឋាភិបាល បាន​បញ្ចេញ​កញ្ចប់​ថវិកា ដើម្បី​ជួយ​ទ្រទ្រង់​ដល់​វិស័យនេះ ឱ្យមាន​ដំណើរការកាន់តែ​ល្អប្រសើរ ដើម្បី​ផ្គត់​ផ្គង់ស្បៀង សម្រាប់​ប្រជាពលរដ្ឋ​ឱ្យបាន​គ្រប់ គ្រាន់ ។ បន្ថែម​លើ​នេះ រដ្ឋ​ក៏មាន​វិធានការ​ផ្សេងៗ ក្នុងការ​ទប់ស្កាត់ ផលិតផល​កសិកម្ម ដែល​នាំចូល​ពី​បណ្តា​ប្រទេសជិតខាង ផងដែរ ។ វិស័យ​កសិកម្ម នឹង​កាន់តែខ្លាំង​ជាង​មុន នៅពេលដែល​វិបត្តិ​កូ​វីដ ត្រូវបាន​បញ្ចប់ ហើយក៏​បានផ្តល់​ឱកាស​ការងារ ដល់​ប្រជាពលរដ្ឋ ដែល​កំពុងតែ​ប្រឈម​នឹង​បញ្ហា​កូ​វីដ ១៩​នេះដែរ ប៉ុន្តែ​ទាមទារ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវមានយន្តការ និង​ផែនការ​ច្បាស់លាស់​។ ភាព​ធ្លុះធ្លាយ​សេដ្ឋកិច្ច ដែល​កើតឡើង​ពី​ការ​នាំចូលផលិតផល​កសិកម្ម​ផ្សេងៗ សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍ នឹងត្រូវ​កាត់បន្ថយ​នៅពេល ដែល​ដំណើរការ​ទេសចរណ៍ ជាតិ និង​អន្តរជាតិ ចាប់ផ្តើម​ឡើងវិញ ៕ ដោយ​៖​តារា​រិ​ទ្ធ​/Ha