យុវជន​ម្នាក់​ចុច​លេង​ទូរស័ព្ទ​ដែល​កំពុង​សាក​ថ្ម បណ្ដាល​ឲ្យ​ឆក់​ស្លាប់​មួយ​រំពេច​

935
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: យុវជន​ម្នា​ក់បាន​ស្លាប់​បន្ទាប់ពី​យក​រឡូ​ដោត​ជញ្ជាំង រួច​ទាញ​មក​ដាក់​លើ​កង់​បី​ដោត​សាក​ទូរស័ព្ទ រួច​យក​ទូរស័ព្ទ​មក​ចុច​លេង​បណ្ដាល​ឲ្យ​ឆក់​ស្លាប់​គួរ​ឲ្យ​រន្ធត់​ បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​៩​និង​១០​នាទី យប់​ថ្ងៃ​ពុធ ទី​១៥ ខែ​កក្ក​ដា ឆ្នាំ​២០២០​​ស្ថិតនៅ​ភូមិ​សែន​សុខ​៥​ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​

​សព​ជនរងគ្រោះ​មានឈ្មោះ ទូច បញ្ញា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករសំណង់​ស្នាក់នៅ​ភូមិ​សែន​សុខ​៥​ ​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​។ ម្ដាយ​មានឈ្មោះ ហ៊ី ក្រពុំ ​អាយុ​៥២​ឆ្នាំ មុខរបរ​កម្មករសំណង់​ ស្នាក់​ជាមួយគ្នា មាន​ស្រុកកំណើត​នៅ​ភូមិ​ទួល​អង្គ ឃុំ​គគី​សោម ស្រុក​ស្វាយទៀប ខេត្តស្វាយរៀង​។​

​តាម​ប្រភពពី​ម្ដាយ​រងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ កូនប្រុស​របស់គាត់​បាន​យក​រឡូ​មក​ដោត​នឹង​ជញ្ជាំង រួច​ទាញ​មក​ដាក់​លើ​រ៉ឺម៉ក ​ហើយ​យក​ខ្សែ​ទូរស័ព្ទ​ដោត​រួច​ចុច​លេង បណ្ដាល​ឲ្យ​ឆក់​ប្រកាច់​ស្លាប់​ភ្លាមៗ តែ​គាត់​មិន​អស់ចិត្ត​ក៏​ដឹក​កូន​របស់គាត់​ទៅ​មន្ទីរពេទ្យ ពេលទៅដល់​គ្រូពេទ្យ​បាន​ប្រាប់​​ថាកូន​បាន​ស្លាប់​បាត់ទៅហើយ​។ ហេតុតែ​គ្មាន​លុយ​ជួល​រថយន្ត​ដឹក​សព គាត់​ក៏បាន​ដឹក​សព​កូនប្រុសរបស់គាត់​តាម​រ៉ឺម៉ក​ដឹក​បន្លែ ដោយ​អ្នកជិតខាង​ជួយ​ដឹក​មក​តម្កល់ទុក​នៅ​វត្ត​កប់​ស្រូវ និង​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ដោយ​គាត់​មិន​ប្ដឹងផ្ដល់​នោះទេ ដោយ​គ្មាន​លុយ​គាត់​សូម​អំពាវនាវ​ដល់​សប្បុ​រស​ជន មេត្តាជួយ​ផ្ដល់​ជា​លុយ​ ដើម្បី​បាន​លុយ​យកមក​ធ្វើបុណ្យ​កូន​គាត់​ផង តាមរយៈ​លេខ​ទូរ​សព្ទ 0965213940៕ ល​/Ha