ស្លាប់​ពីរ​នាក់ ​របួសធ្ងន់​ម្នាក់ ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​ចំ​ពីមុខ​ពេញទំហឹង​

134
ចែករម្លែក

ដោយ​: សម្បត្តិ / ភ្នំពេញ​: បុរស​៣​នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​ត្រឡប់​មកពី​ខេត្តព្រៃវែង​វិញក្នុង​ល្បឿន​យ៉ាង​លឿន ដោយ​អកុសល​ក៏បាន​បុក​ជាមួយ​រថយន្ត​សាំ​យ៉ុង ដែល​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​២​នាក់​យ៉ាង​អាណោចអាធ័ម និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សង្គ្រោះដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១២​និង​១០​នាទី រំលង​អ​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

​សព​បុរសរងគ្រោះ​ទី​១​មានឈ្មោះ សោម វិចិត្រ អាយុ ២៦​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ស្រុកកំណើត​នៅឃុំអង្គរ​រា​ជ ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។ ឯ​សព​បុរសរងគ្រោះ​ទី​២ មានឈ្មោះ​មិន​ស្គាល់ឈ្មោះ​នោះទេ​។

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​៣​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ​ព្រៃវែង 1R-8990 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ពី​ព្រៃវែង​មក​ភ្នំពេញ ទិសដៅ​ពី​កើតមក​លិច ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​វ៉ា​ជែង​រថយន្ត​មិន​ចាំ​ម៉ាក​មួយគ្រឿង ទៅខាង​ធ្វេ​ង​ដៃ​រួច​ក៏​ចូល​គន្លង​ម្ខាង​ទៀត ភ្លាមនោះ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង ម៉ាកសាំ​យ៉ុង (​ប្រភេទ​រថយន្ត​ដឹក​បន្លែ ) ពណ៌​ស ពាក់​ផ្លាក​លេខ ភ្នំពេញ 2AQ-1947 ទិសដៅ​ពី​ភ្នំពេញទៅ​ព្រៃវែង ក្នុង​ល្បឿន​លឿន​ដូចគ្នា ពី​លិចទៅ​កើត ក៏បាន​បុក​ចំ​ពីមុខ​ចំហៀង​ខាងស្ដាំ​ពេញទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ​ប៉ើង​ខ្ទាត​អូស​នឹង​ថ្នល់​ប្រហែល​៥០​ម៉ែត្រ ខ្ទេច​ទាំង​រថយន្ត​និង​ម៉ូតូ​មើល​លែង​ចង់​យល់ ព្រមទាំង​ធ្វើ​ឲ្យ​បុរស​ពីរ​នាក់ (​ម្នាក់​ជា​អ្នក​ឌុប​និង​អ្នកជិះ​កណ្ដាល​) បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​យ៉ាង​អាណោ​ច​អា​ធ័​ម ចំណែកឯ​អ្នករួមដំណើរ​ខាងក្រោយ​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​ជីវិត​នៅឯ​មន្ទីរពេទ្យ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ឲ្យ​មក​ធ្វើការ​វាស់វែង យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​។ ដោយឡែក​សព​ជន​គ្រោះ​ទាំង​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច ប្រគល់​ឲ្យ​ទៅ​ក្រុមគ្រួសារ​​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​/Ha