បង់​ក្លា​ដែស​ចាប់ខ្លួន​ម្ចាស់​មន្ទីរពេទ្យ​ពីបទ​ចេញ​លទ្ធផល​ធ្វើតេស្តិ៍​ក្លែងក្លាយ​

158
ចែករម្លែក

​ប៉ូលិស​បាន​និយាយថា ​ម្ចាស់​មន្ទីរពេទ្យ​បង់​ក្លា​ដែស​ម្នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ចេញ​លទ្ធផល​ធ្វើតេស្តិ៍​រក​វីរុស​កូវី​ដ​១៩​ក្លែងក្លាយ​រាប់ពាន់​ដល់​អ្នកជំងឺ​នៅឯ​គ្លីនិក​២​របស់​គាត់​នោះ ត្រូវបាន​ចាប់​​ខ្លួន​កាលពី​ថ្ងៃ​ពុធ​ទី​១៥​កក្កដា ខណៈ​ដែល​ពេល​ព្យាយាម​រត់គេចខ្លួន​ទៅ​ប្រទេស​ឥណ្ឌា​។​

​ការចាប់ខ្លួន​នេះ ​បាន​នាំ​ដល់​ការបញ្ចប់​នៃ​ការ​តាម​ចាប់ខ្លួន​អស់​រយៈពេល​៩​ថ្ងៃ​ដើម្បី​ចាប់ខ្លួន​លោក​ម៉ូ​ហា​ម៉ា​ត សា​ហេ​ត ជា​ម្ចាស់​មន្ទីរពេទ្យ​នេះ ជុំវិញ​ការចោទប្រកាន់​ថា​បាន​ផ្តល់​លទ្ធផល​ក្លែងក្លាយ​ដល់​​ពួក​អ្នកជំងឺ​ ដោយ​និយាយថា ពួក​គេ​គ្មាន​វីរុស​កូវី​ដ​១៩​ទេ ដោយ​តាមពិត​នោះ​ពួកគេ​មិនបាន​ធ្វើតេស្តិ៍​រក​ជំងឺ​កូវី​ដ​១៩​ទេ​។​

​លោក ម៉ូ​ហា​ម៉ា​ត សា​ហេ​ត អាយុ ៤២​ឆ្នាំ​នេះ ​គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​ជាង​១០​នាក់​ដែល​ត្រូវបាន​ចាប់ឃុំខ្លួន​ដោយ​ក្រុម​អាជ្ញាធរ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ក្នុង​ការពាក់ព័ន្ធ​នឹង​ល​ទ្ធ​​ផល​ធ្វើតេស្តិ៍​ក្លែងក្លាយ​នេះ​។​

​មន្ត្រី​អ្នកនាំពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស បាន​និយាយប្រាប់​សារព័ត៌មាន​AFP​ថា មន្ទីរពេទ្យ​របស់​លោក ម៉ូ​ហា​ម៉ា​ត សា​ហេ​ត បាន​ធ្វើតេស្តិ៍​រក​វីរុស​កូវី​ដ​១៩ ចំនួន​១០.៥០០ តេស្តិ៍​ ដែល​ក្នុងនោះ ចំនួន​៤.២០០​តេ​ស្តិ៍ ត្រូវបាន​ធ្វើ​ពិតប្រាកដ​ហើយ​នៅសល់​៦.៣០០ តេ​ស្តិ៍ ត្រូវបាន​ផ្តល់​លទ្ធផល​ដោយ​មិន​បាន​ធ្វើតេស្តិ៍​នោះទេ​។​

​គិត​រហូត​មកដល់ពេលនេះ បង់​ក្លា​ដែសមាន​ករណី​ឆ្លង​វីរុស​កូវី​ដ​១៩​សរុប​ចំនួន​១៩៣.០០០ នាក់ មាន​អ្នកស្លាប់​សរុប​ដោយ​ជំងឺ​នេះ​ចំនួន ២.៤៥៧ នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

ប៉ូលិស​នាំ​ខ្លួន លោក​ម៉ូ​ហា​ម៉ា​ត សា​ហេ​ត (​រូប​កណ្តាល​) បន្ទាប់ពី​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ចេញ​លទ្ធផល​ធ្វើតេស្តិ៍​កូវី​ដ​១៩ ក្លែងក្លាយ​