អាជ្ញាធរ​ស្រុក​បូ​ទុម​សាគរ កំពុង​ស្រង់​ស្ថិតិ​ពលរដ្ឋ​ដែល​រស់នៅ និង​អាស្រ័យ​ផល​ដីធ្លី​ក្នុង​តំបន់​ការពារ

207
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: ដើម្បី​ឱ្យមាន​ភាពប្រាកដប្រជា​កំណត់​ចំនួន ក្រុមមន្ត្រី​ជំនាញ​ស្រុក​បូ​ទុម​សាគរ កំពុង​ពិនិត្យ​ស្រង់​ស្ថិតិ​ប្រជាបលរដ្ឋ​ដែល​រស់នៅ និង​អាស្រ័យ​ក្នុង​តំបន់​ការពារ​អភិរក្ស ដោយ​ប្រើប្រាស់​ពេលវេលា​ចំនួន​១៤​ថ្ងៃ ក្នុង​ខែកក្កដា​នេះ ហើយ​ធ្វើ​របាយការណ៍​ជូន​រដ្ឋបាលខេត្ត និង​ក្រុមការងារ​ថ្នាក់ជាតិ​ពិនិត្យ​សម្រេច​បន្ត​។​

​គ្មានអ្វី​ប្រែប្រួល​ទេ គឺ​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​៣០ ខែ​កក្ដ​ដា នេះ ជា​ពេលវេលា​ដែល​រដ្ឋបាល​ស្រុក​បូ​ទុម​សាគរ កំណត់​បើក​យុទ្ធ​ការ​ស្រង់​ស្ថិតិ​ចំនួន​ម្ចាស់​ដី​ដែល​ពាក់ព័ន្ធ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​បូ​ទុម​សាគរ តំបន់​គម្រប​ព្រៃឈើ​២០០២ តំបន់​ដែនជម្រកសត្វព្រៃ និង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ទង​ពែង​។​

​កាលពី​រសៀល​ថ្ងៃទី​១៥ ខែកក្កដា លោក ហាក់ ឡេង អភិបាលស្រុក​បូ​ទុម​សាគរ ថ្លែង​បញ្ជាក់ថា ដើម​ហ​តុ​ដែល​តម្រូវឱ្យ​មានការ​ស​ម្រ​ង់​ស្ថិតិ​ចំនួន​ពលរដ្ឋ​រស់នៅ និង​អាស្រ័យ​ផល​ជាក់ស្តែង​អស់​ពេល​ច្រើន​ឆ្នាំ​ក្នុង​ឃុំ​កណ្តោល ឃុំ​ថ្ម​ស និង​ឃុំ​តា​នូ​ន ស្ថិតក្នុង​តំបន់​ការពារ​ខាងលើនេះ ធ្វើឡើង​តប​តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាពេល​កន្លងទៅ​។​

​បើតាម​លោក​អភិបាលស្រុក​បូ​ទុម​សាគរ ក្នុង​១​ថ្ងៃ ក្រុមការងារ​ស្រុក​បូកសរុប​ស្ថិតិ​ពលរដ្ឋ​ម្តង ក្រោយពី​ពួកគាត់​បាន​យក​ឯកសារ​នានា​មក​ប​ញ្ជា​ក់​ជាមួយ​អាជ្ញាធរ​ពី​ការកាន់កាប់​ដីធ្លី​កំពុង​រស់នៅ និង​អាស្រ័យ​ផល​បច្ចុប្បន្ន​។ ១៤​ថ្ងៃ​ដែល​ធ្វើ​កិច្ចការ​រួចរាល់ រដ្ឋបាល​ស្រុក​នឹង​ប​ញ្ចូ​ន​ទិន្នន័យ​ទាំងអស់​ទៅកាន់​រដ្ឋបាលខេត្ត ឬ​ក្រុមការងារ​ថ្នាក់ជាតិ​ពិនិត្យ​សម្រេច​បន្ត មុននឹង​ការ​មាន​កាត់​ឆ្វៀល​។​

​លោក ហាក់ ឡេង បន្ថែមថា ទំហំ​ដែល​ពលរដ្ឋ​កំពុង​រស់​នៅ និង​អាស្រ័យ​ជាក់ស្តែង​នេះ គឺ​ពិនិត្យ​ធ្វើ​កំណត់ហេតុ​ទាំងអស់ ប៉ុន្តែ​លើកលែងតែ​តំបន់​មួយចំនួន​មិន​ស្រង់ ពោលគឺ​ដី​វិវាទ​រវាង​ក្រុមហ៊ុន​ញូ​ញៀន អនុក្រឹត្យ​លេខ​១៥៩ ព្រោះតែ​តំបន់​នោះបាន​កាត់​ឆ្វៀល​រួចរាល់​មកហើយ​។​

​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ពិនិត្យ និង​សម្រេច​កាត់​ឆ្វៀល​ដីធ្លី​ក្នុង​តំបន់​ដែន​ការពារ​រួចរាល់ លោក ហាក់ ឡេង អភិបាលស្រុក​បូ​ទុម​សាគរ នឹងដាក់​ផែនការ​ច្បាស់ៗ​ដល់​អាជ្ញាធរ​ភូមិ​ឃុំ​ក្នុង​ដែន​គ្រប់គ្រង​របស់ខ្លួន មិនឱ្យ​ចុះហត្ថលេខា​ទិញ​លក់​លើ​ដីធ្លី​ដែល​កំណត់ថា​ជា​តំបន់​ឧទ្យាន​ជាតិ​ការពារ​តទៅទៀត​ឡើយ ប្រសិនបើ​អាជ្ញាធរ​រូប​ណា​ម្នាក់​នៅតែ​បន្ត​បំពាន​នឹង​ទទួលទោស​តាមច្បាប់​។​

​អ្នកស្រី ញ៉ែម ខុន និង​លោក សាយ ញឹម ជា​ពលរដ្ឋ​រស់នៅ​ភូមិ​ជី​មាល ឃុំ​អណ្តូងទឹក បាន​ប្រញាប់ប្រញាល់​កាន់​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​មក​សាលាស្រុក បាន​សម្តែង​នូវ​ក្តី​ត្រេកអរ​យ៉ាងខ្លាំង​គ្រា​រដ្ឋបាល​ស្រុក ជាពិសេស​រាជរដ្ឋាភិបាល​កម្ពុជា មាន​សម្តេច​តេ​ជោ ដឹកនាំ​ប្រទេស ដែល​បាន​ស្វែងរក​ដំណោះស្រាយ​បញ្ហាដីធ្លី​ជូន​ពលរដ្ឋ​។​

​ក្រុម​ពលរដ្ឋ​ដដែល​បញ្ជាក់ទៀតថា ការចង់បាន​ប្លង់​កាន់កាប់​ជា​កម្មសិទ្ធិ​របស់​ពួកគាត់ គឺ​រង់ចាំ​យូរ​ឆ្នាំ​ណាស់​មកហើយ ទំរាំ​មាន​ពេលនេះ ពួកគាត់​រំពឹង​ដែរ​ថា ទៅ​អនាគត​ពួកគាត់​នឹង​រស់នៅ​ធ្វើ​កសិកម្ម​ចិញ្ចឹមជីវិត​យ៉ាង​សំបូរ​សប្បាយ​លែង​បារម្ភ​ពី​ការរំលោភបំពាន​ពី​ក្រុមហ៊ុន ឬ​អ្នកមានអំណាច​ផ្សេងៗ​ទៀតហើយ ខណៈ​បច្ចុប្បន្ន​ខ្លាច​គេ​បំពាន​យក​ធ្វើ​កម្មសិទ្ធិ​។​
​រដ្ឋបាល​ខេត្តកោះកុង តាមរយៈ​លិខិត​របស់ខ្លួន​កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០​បដិសេធចោល​នូវ​រាល់​ការលក់​ទិញ​ដីធ្លី​ទាំងអស់​ណា​ដែល​ពុំមាន​លក្ខណៈ​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់ នឹងត្រូវ​ប្រឈម​ការផ្តន្ទាទោស​ផងដែរ​។ ដោយ​មើលឃើញ​ពី​ភាពប្រក្រតី​តាម​ភូមិ​ឃុំ​ស្រុក​ចំនួន​មានការ​ទិញ​លក់​ដីធ្លី​ស្ថិតនៅ​តំបន់ការពារធម្មជាតិ តំបន់​សហគមន៍ និង​គម្រប​ព្រៃឈើ​យ៉ាងណា​អធិបតេយ្យ​។​

​ជាក់ស្តែង​ការទិញ​លក់​ទាំងនោះ មិនមាន​ការចូលរួម​ពិនិត្យ និង​វាស់វែង​របស់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទេ ដោយ​គ្រាន់តែ​ផ្តិតមេដៃ​រវាង​អ្នកទិញ​លក់ ដែល​នេះ​ជា​ទង្វើ​ខុសច្បាប់​៕