​លី​គ​ទី​២ របស់​កម្ពុជា គ្រោង​នឹង​ចាប់ផ្ដើម នៅ​ចុង​ឆ្នាំនេះ​

107
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ការប្រកួត​បាល់ទាត់ ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ លី​គ​ទី​២ (Cambodian Second League) ទំនងជា​ចាប់ផ្ដើម​ប្រកួត​ឡើងវិញ នៅ​ចុងឆ្នាំ​២០២០ នេះ​។​

​យោងតាម​លិខិត​ជូនដំណឹង ស្ដីពី​ការប្រកួត​បាល់ទាត់ សម្រាប់​ឆ្នាំ​២០២០ ដែល​ក្នុង នោះ មាន​ព្រឹត្តិការណ៍​សំខាន់ៗ ចំនួន​៦ ដែល​រួមមាន​លី​គ​លំដាប់​ទី​២ កម្ពុជា​ផង​នោះ ការជំរុញ​ឲ្យ​ដាក់ពាក្យ ចូលរួម​ប្រកួត នឹង​ចាប់ផ្ដើម​ទទួល ពីថ្ងៃ​ជូនដំណឹង​តទៅ រហូត ដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ ខណៈ​ជុំវិញ​កាលបរិច្ឆេទ​នៃ​ការប្រកួត គឺ​គេ​គ្រោង​នឹងធ្វើ​ពីថ្ងៃ​ទី​៣ ខែតុលា រហូតដល់​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២០ ហើយ​ចំនួន​ក្រុម គឺ​អាស្រ័យ​ទៅតាម​ចំនួន​ក្រុម ដែល​បានដាក់​ពាក្យ ចូលរួម​គ្រប់​ល័ក្ខខ័ណ្ឌ​។​

​ក្រៅតែពី​ពានរង្វាន់​លី​គ​ទី​២ ព្រឹត្តិការណ៍​បាល់ទាត់ ចំនួន​៥ ផ្សេងទៀត ក៏ត្រូវ​បានដាក់​ឲ្យ​ចាប់ផ្ដើម ដាក់ពាក្យ​ចូលរួម​ប្រកួត ដូចគ្នា​ផងដែរ រួមមាន ពានរង្វាន់​បាល់ទាត់ ក្នុង​សាល​ថ្នាក់ជាតិ ឆ្នាំ​២០២០ គ្រោង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២១, ជម្រើស​ជើងឯក បាល់ទាត់​នារី (​លី​គ​) គ្រោង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១, ជម្រើស​បាល់ទាត់​នារី អាយុ​ក្រោម ១៥​ឆ្នាំ គ្រោង​ចាប់ផ្ដើម ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២០ និង​ពានរង្វាន់​បាល់ទាត់​យុវជន ២ ប្រភេទ​អាយុ​ផ្សេងទៀត (​អាយុ​ក្រោម ១៥​ឆ្នាំ និង ១៨​ឆ្នាំ​) គ្រោង​ចាប់ផ្ដើម ពីថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២១ ។​

​សូមបញ្ជាក់ថា លី​គ​លំដាប់​ទី​២ កម្ពុជា បានចាប់ផ្ដើម​ជា​លើកដំបូង កាលពី​ឆ្នាំ​២០១៦ ដោយ​កាលនោះ មាន​៩​ក្រុម ចូលរួម​ប្រកួត​ជើងឯក គឺ​បាន​ទៅ​ក្លិប​គីរីវង់ សុខ​សែន​ជ័យ ខណៈ​នៅ​រដូវ​កាល​ទី​២ ឆ្នាំ​២០១៧ មាន ៧ ក្រុម ចូលរួម​ប្រកួត និង​ជើងឯក គឺ​បាន​ទៅ​ក្លិប​វិសាខា ដោយឡែក នៅ​រដូវ​កាល ២០១៨, ២០១៩ ខកខាន​មិនអាច​រៀបចំ​ដំណើរ ការ​ទៅបាន​៕v