ក្តីសង្ឃឹមមានខ្ពស់បន្ទាប់ពីវ៉ាក់សាំងកូវីដ១៩ចំនួន ២ របស់អង់គ្លេសនិងអាម៉េរិកបង្ហាញប្រសិទ្ធភាពក្នុងការសាកល្បងលើមនុស្ស

219
ចែករម្លែក

ក្តីសង្ឃឹមសម្រាប់វ៉ាក់សាំងកូវីដ១៩ដែលមានប្រសិទ្ធភាព កំពុងមានកាន់តែខ្ពស់ឡើង ខណៈវ៉ាក់សាំងចំនួនពីរនៅចក្រភពអង់គ្លេសនិងសហរដ្ឋអាម៉េរិកបានបង្ហាញលទ្ធផលគួរជាទីរំពឹងនៅក្នុងការពិសោធន៍ដំណាក់កាលដំបូង។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យអក់ស្វតនិងក្រុមហ៊ុនឱសថអាម៉េរិក Moderna បានបង្ហាញថា មនុស្សនៅក្នុងការសិក្សារបស់ពួកគេកំពុងបង្ហាញសញ្ញានៃភាពស៊ាំ។

ក្រុមស្រាវជ្រាវរបស់ប្រទេសនីមួយៗបានកំពុងធ្វើការនៅកន្លែងពិសោធន៍ដាច់ដោយឡែកពីគ្នាអស់រយៈពេលជាច្រើនខែដើម្បីព្យាយាមការពារមនុស្សរាប់លាននាក់ពីការឆ្លងមេរោគកូរ៉ូណា។

ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យអក់ស្វតបាននិយាយរួចហើយថា ពួកគេមានភាពជឿជាក់ ៨០ ភាគរយថា ពួកគេនឹងអាចផលិតវ៉ាក់សាំងបាននៅត្រឹមខែកញ្ញានេះ។

មនុស្ស ដែលត្រូវបានចាក់វ៉ាក់សាំងនៅអក់ស្វត បានកំពុងបង្កើតអង្គបដិប្រាណនិងកោសិកាឈាមសហៅថាកោសិកា “T” ដែលនឹងជួយឱ្យរាងកាយរបស់ពួកគេប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ប្រសិនបើពួកគេឆ្លងមេរោគនេះ។

ចំណែកឯក្រុមអ្នកជំនាញនៅក្រុមហ៊ុន Moderna ដែលមានមូលដ្ឋាននៅទីក្រុងខេមប្រ៊ីច រដ្ឋម៉ាសាឈូសេត បាននិយាយថា អ្នកចូលរួមក្នុងការសាកល្បងវ៉ាក់សាំងផ្សេងៗរបស់ពួកគេទាំងអស់សុទ្ធតែបង្កើតអង្គបដិប្រាណដោយជោគជ័យ។

វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ដំណើរការដោយបោកបញ្ឆោតរាងកាយឱ្យគិតថាវាឆ្លងកូវីដ១៩ ហើយជំរុញឱ្យវាផលិតសារធាតុភាពស៊ាំ ដែលមានសមត្ថភាពបំផ្លាញកូវីដ។

ខណៈការស្រាវជ្រាវដំបូងៗផ្តោតលើអង្គបដិប្រាណ ក្រុមអ្នកវិទ្យាសាស្ត្រឥឡូវកំពុងងាកទៅរកប្រភេទនៃភាពស៊ាំមួយហៅថា កោសិកាភាពស៊ាំ “T” ដែលគ្រប់គ្រងដោយកោសិកាឈាមស និងបានបង្ហាញសញ្ញាគួរជាទីរំពឹង។

ប្រភពមួយនៅក្នុងគម្រោងផលិតវ៉ាក់សាំងរបស់សាកលវិទ្យាល័យអក់ស្វតបានប្រាប់ទូរទស្សន៍ ITV News ថា “ចំណុចសំខាន់ដែលត្រូវចងចាំគឺថាមានវិមាត្រពីរចំពោះការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ គឺអង្គបដិប្រាណ និង កោសិកា T។ គ្រប់គ្នាផ្តោតសំខាន់លើអង្គបដិប្រាណប៉ុន្តែមានភស្តុតាងកាន់តែច្រើនឡើងបង្ហាញថា ការឆ្លើយតបរបស់កោសិកា T មានសារសំខាន់ក្នុងការការពារប្រឆាំងនឹងមេរោគកូរ៉ូណាដូចគ្នា”៕ ដោយ៖ កញ្ញាដាលីស

វ៉ាក់សាំងសាកល្បងរបស់អាម៉េរិកនិងអង់គ្លេសបង្ហាញប្រសិទ្ធភាព