អាម៉េរិកពិចារណាដាក់បម្រាមលើសមាជិកបក្សកុម្មុយនីស្តចិនរាប់លាននាក់ ហើយគ្រួសារពួកគេរស់នៅអាម៉េរិកអាចនឹងបណ្តេញចេញ

357
ចែករម្លែក

សហរដ្ឋអាម៉េរិកបានដាក់កំហិតលើការធ្វើដំណើរជាច្រើនជុំរួចមកហើយទៅលើក្រុមជនជាតិចិនផ្សេងៗគ្នាក្នុងឆ្នាំកន្លងមកនេះ ទោះបីសំណើបច្ចុប្បន្ននេះប្រសិនបើអនុវត្តអាចប៉ះពាល់ដល់ចំនួនមនុស្សយ៉ាងច្រើនសម្បើមមិនធ្លាប់មានពីមុនមកក៏ដោយ។

កាសែតញូវយ៉កថែមស៍បានរាយការណ៍កាលពីថ្ងៃពុធទី១៥កក្កដាថា រដ្ឋបាលត្រាំកំពុងពិចារណាលើការរឹតត្បិតខ្លាំងបំផុតលើការធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិកពីសំណាក់ពលរដ្ឋចិន ជាសកម្មភាពមួយដែលទំនងជានឹងបង្កឱ្យមានការសងសឹកពីរបបក្រុងប៉េកាំង ចំពេលដែលទំនាក់ទំនងកំពុងតែយ៉ាប់យ៉ឺន។

មន្រ្តី ដែលដឹងអំពីសំណើ ដែលមិនទាន់ត្រូវបានធ្វើរួចនិងទទួលបានការយល់ព្រមពីប្រធានាធិបតីត្រាំនៅឡើយនេះ បានប្រាប់កាសែតញូវយ៉កថែមស៍ថា ការហាមឃាត់ការធ្វើដំណើរអាចអនុវត្តចំពោះសមាជិកគណបក្សកុម្មុយនីស្តចិន (CCP) និង គ្រួសាររបស់ពួកគេ។

បទបញ្ជាប្រធានាធិបតីដែលបានស្នើឡើងនេះក៏អាចផ្តល់អំណាចដល់រដ្ឋាភិបាលអាម៉េរិកក្នុងការដកហូតទិដ្ឋាការរបស់សមាជិក CCP និងក្រុមគ្រួសាររបស់ពួកគេ ដែលកំពុងរស់នៅសហរដ្ឋអាម៉េរិក ដែលនេះមានន័យថា ពួកគេនឹងត្រូវបណ្តេញចេញ។

បទបញ្ជានេះក៏អាចហាមឃាត់ការចូលមកសហរដ្ឋអាម៉េរិកពីសំណាក់សមាជិកកងកម្លាំងប្រដាប់អាវុធចិន (កងទ័ពរំដោះប្រជាជនចិន) និង ពួកនាយកប្រតិបត្តិនៅឯក្រុមហ៊ុនអាជីវកម្មដែលគ្រប់គ្រងដោយរដ្ឋផងដែរ។

យោងតាមរបាយការណ៍កាសែតខាងលើ មូលហេតុផ្លូវច្បាប់ចំពោះការហាមឃាត់ដែលបានស្នើឡើងនេះគឺ បទប្បញ្ញត្តិនៅក្នុងច្បាប់អន្តោប្រវេសន៍និងសញ្ជាតិឆ្នាំ ១៩៥២ ដែលផ្តល់សិទ្ធិអំណាចដល់ប្រធានាធិបតីអាម៉េរិកដើម្បីហាមប្រាមក្រុមជនអន្តោប្រវេសន៍ដែលត្រូវបានចាត់ទុកថា “ធ្វើឱ្យអន្តរាយដល់ផលប្រយោជន៍របស់សហរដ្ឋអាម៉េរិក”៕ ដោយ៖ កញ្ញាដាលីស

សមាជិកបក្សកុម្មុយនីស្តចិនរាប់លាននាក់កំពុងស្ថិតក្នុងការពិចារណាហាមឃាត់មិនឱ្យចូលមកសហរដ្ឋអាម៉េរិក