ចិន​បើក​រោងភាពយន្ត​ឡើង​វិញ​នៅ​សប្តាហ៍​ក្រោយ នៅពេល​រដ្ឋ​ឥណ្ឌា​មួយ​បិទ​ឡើងវិញ​

117
ចែករម្លែក

​បណ្តា​រោងភាពយន្ត​ចិន​ភាគច្រើន​នឹង​ត្រូវ​អនុញ្ញាត​អោយ​បើក​ឡើង​វិញ​នៅ​សប្តាហ៍​ក្រោយ​ជាមួយនឹង​ច្បាប់​គម្លាត​សង្គម បន្ទាប់​ពី​ការបិទ​អស់​ពេល​រាប់​ខែ នេះ​បើ​តាម​អាជ្ញាធរ​ចិន​បាន​ប្រកាស​អោយ​​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​កក្កដា នៅពេល​មិន​មាន​អ្នក​ឆ្លងកូវី​ដ​១៩​នៅក្នុង​ប្រទេស​ចិន​អស់​ពេល​១០​ថ្ងៃ​ជាប់ៗ​គ្នា​។​

​រដ្ឋបាល​ភាពយន្ត​ចិន​បាន​និយាយថា បណ្តា​រោងភាពយន្ត​នៅ​តំបន់​ប្រឈម​ការឆ្លង​ទាប​ក្នុង​ប្រទេស​ចិន អាច​បន្ត​ការបើក​រកស៊ី​ឡើងវិញ​នៅ​ថ្ងៃ​២០​កក្កដា​ទៅ តែ​ត្រូវ​វាស់​កំដៅ​ភ្ញៀវ​និង​អនុវត្ត​គម្លាត​សង្គម រួម​ទាំង​ពាក់​ម៉ា​ស់មុខ​។​

​សូមបញ្ជាក់​ថា ចិន​កាលពី​ថ្ងៃ​១៦​កក្កដា​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​តែ​ម្នាក់​គត់ គឺជា​អ្នក​ដំណើរ​មក​ពី​ក្រៅប្រទេស ហើយ​ភាគច្រើន​នៃ​ប្រទេស​ចិន​ឥឡូវ​ត្រូវបាន​ចាត់ទុក​ថា​ជា​តំបន់​ប្រឈម​ហានិភ័យ​​ទាប​ពី​កូវី​ដ​១៩​។​

​នៅពេល​ចិន​សម្លឹង​ទៅរក​ការបើក​ប្រទេស​កាន់តែ​ខ្លាំង​ឡើង រដ្ឋ​ឥណ្ឌា​មួយ​បាន​បិទ​សកម្មភាព​មនុស្ស​និង​សេដ្ឋកិច្ច​ឡើង​វិញ​នៅ​ពេល​មនុស្ស ៣២.៦៩៥​នាក់​ទៀត​បាន​ឆ្លង​កាលពី​ថ្ងៃ​១៦​កក្កដា​នៅ​ទូទាំង​​ប្រទេស​ឥណ្ឌា​។​

​ការបិទ​រដ្ឋ​ប៊ី​ហា​ភាគ​ខាងជើង​នេះ​បាន​ចាប់ផ្តើម​នៅ​ពេល​ឥណ្ឌា​បាន​ប្រកាស​ការស្លាប់​ជាង​៦០០​នាក់​ទៀត​នៅ​២៤​ម៉ោង​កន្លងមក ហើយ​កាកបាទក្រហម​បាន​ព្រមាន​ថា​វីរុស​នេះ​ឆ្លង​រាលដាល​ក្នុង​កំរិត​​ប្រកាសអាសន្ន​នៅ​ទូ​ទាំង​អាស៊ី​ខាងត្បូង​។​

​ដោយ​ចំនួន​ឆ្លង​នឹង​ឡើងដល់​១​លាន​នាក់​នៅ​ត្រឹម​ថ្ងៃ​សុក្រ​និង​អាទិត្យ​នេះ អាជ្ញាធរ​នៅ​ពាសពេញ​ឥណ្ឌា​កំពុង​ដាក់​ការ​រឹតត្បិត​ឡើងវិញ បន្ទាប់ពី​បាន​បន្ធូរបន្ថយ​កាលពី​ពេល​ថ្មីៗ​។​

​រដ្ឋ​ប៊ី​ហា​ជាប់​នេ​ប៉ាល់ បានចាប់ផ្តើម​បិទ​ខ្ទប់​រយៈពេល​១៥​ថ្ងៃ ដោយ​ចាប់ផ្តើម​ពី​ពាក់កណ្តាល​យប់​ថ្ងៃ​១៦​កក្កដា នៅ​មួយថ្ងៃ​បន្ទាប់​ពី​ក្រុង​បាង​ហ្កា​ឡ័​រ ដែល​ជា​មជ្ឈមណ្ឌល​IT បាន​បិទ​ក្រុង​មួយ​សប្តាហ៍​។​សា​​លា​រៀន​ទាំងអស់ ក្លឹប វត្ត​និង​កន្លែង​អាជីវកម្ម​មិនចាំបាច់ ត្រូវបាន​បញ្ជា​អោយ​បិទ​នៅ​ក្នុង​រដ្ឋ​ប៊ី​ហា​៕​ប្រែ​សម្រួល​៖​វាសនា​

អ្នក​ឆ្លង​សរុប​នៅ​ឥណ្ឌា​កើន​ដល់​៩៦៨.៨៧៦​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​មុខជា​នឹង​ឡើង​ដល់​១​លាន​នាក់​នៅ​យ៉ាងយូរ​ត្រឹម​ថ្ងៃ​សៅរ៍​និង​អាទិត្យ​នេះ