ក្រសួង២រួមគ្នាបង្កើតកម្មវិធីទូរស័ព្ទឆ្លាតវៃសម្រាប់ “ការអប់រំពីចម្ងាយ” ដើម្បីដោះស្រាយបញ្ហាប្រឈម នឹងស្ថានការណ៍ដែលជំងឺឆ្លងកូវីដ១៩កំពុងរាតត្បាត

877
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖ ក្រសួងចំនួនពីរ គឺក្រសួងអប់រំ យុវជន និងកីឡា និងក្រសួង​ប្រៃស ណីយ៍និងទូរគមនាគមន៍ កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បាន​ប្រកាសដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទឆ្លាតវៃ  “ការអប់រំពីចម្ងាយ” ក្នុងគោលបំណង​ដោះស្រាយ​បញ្ហាប្រឈម​​នឹងស្ថានការណ៍ដែលជំងឺឆ្លងកូវីដ១៩កំពុងរាតត្បាត។

បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងបណ្ឌិត​សភា​ចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញ​ចូលរួមជា​គណៈអធិបតីក្នុងពិធីដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទឆ្លាតវៃ “ការអប់រំពីចម្ងាយ”នៅ​ទីស្តីការក្រសួងប្រៃស​ណីយ៍និងទូរគមនាគមន៍នេះ។

 កម្មវិធីទូរស័ព្ទឆ្លាតវៃ“ការអប់រំពីចម្ងាយ”នេះ ត្រូវបានអភិវឌ្ឍឡើងដោយវិទ្យាស្ថានជាតិ NIPITCT និងក្រុមហ៊ុន Sabay Digital និងមានគោលដៅចម្បងៗដូចខាងក្រោម៖

១.ផ្តល់ជូននូវplatformដែលអនុញ្ញាតឱ្យសិស្សានុសិស្ស​អាចចុះឈ្មោះដើម្បី​ទទួល​បាន​​មេរៀនទៅតាមកម្រិត​ថ្នាក់នីមួយៗ នៃសិស្សម្នាក់ៗច្បាស់លាស់។

២.ពន្លឿនល្បឿន Download ​និងកាត់បន្ថយការចំណាយថ្លៃ​សេវាអ៊ិនធឺណិត​តាម​រយៈ​កិច្ចសហការជាមួយក្រុមហ៊ុនដែលមាន​តំណតភ្ជាប់ផ្ទាល់ជាមួយនឹង​ប្រតិបត្តិ​ករ​ទូរសព្ទចល័ត និងប្រតិបត្តិករផ្តល់សេវាអ៊ិនធឺណិត (ISP) និង។

៣. អនុញ្ញាតឱ្យក្រសួងនិងសាលារៀនទទួលបាននូវស្ថិតិ​សិស្សដែលចូលទៅប្រើ​ប្រាស់​​មាតិកាព័ត៌មានពី e-Learning app ដើម្បីអាចឱ្យ​ក្រសួង និងសាលារៀន​អាចមាន​ផែន​ការភ្លាមៗដើម្បីទទួលបានលទ្ធផលកាន់​តែប្រសើរក្នុងការសិក្សា។

សូមជម្រាបថា៖ e-Learning app នេះតម្រូវឱ្យសិស្សានុសិស្សចុះឈ្មោះជាមុន ដើម្បី​អាចចូលទៅប្រើប្រាស់មាតិកាព័ត៌មាន។ កម្មវិធីនេះ កំណត់ជាមុខវិជ្ជា, មេរៀន, ការ​ទាញយកមេរៀនជាវីដេអូ (Video Download), ការមើលមេរៀន (View Lesson), និងការជូនដំណឹងនៅពេលដែលមេរៀនថ្មីត្រូវបានបញ្ចូល។

លោក ហ៊ាន សំបឿន អនុប្រធានវិទ្យាស្ថានជាតិ NIPTICT បានលើកឡើងថា ៖​ វិទ្យា​ស្ថាន​ជាតិ NIPTICT បានសិក្សានិងផ្លាស់ប្តូរយោបល់ជាមួយក្រុមការងារពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងន័យធ្វើយ៉ាងណាឱ្យកម្មវិធីទូរសព្ទឆ្លាតវៃ “ការអប់រំពីចម្ងាយ” នេះ​មានភាពល្អប្រសើរ ងាយស្រួលក្នុងការប្រើប្រាស់ និងស្របតាមតម្រូវការរបស់​សិស្សា​នុ​សិស្សនាពេលបច្ចុប្បន្ន។ លោកបានបន្តទៀតថា វិទ្យាស្ថានជាតិ NIPTICT នឹងបន្ត​អភិវឌ្ឍកម្មវិធីខាងលើបន្តទៀតនាពេលខាងមុខ ធ្វើយ៉ាងណា​ឱ្យកម្មវិធីនេះកាន់តែមាន​ភាពល្អប្រសើរដើម្បីសម្រួលដល់ការសិក្សាពីចម្ងាយរបស់សិស្សានុសិស្សឱ្យកាន់តែ មានភាពសម្បូរបែប និងមានប្រសិទ្ធភាពខ្ពស់។

លោក ជី សិលា ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital បានមាន​ប្រសា​​ស​ន៍ថា ក្រុមហ៊ុន Sabay Digital ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការ​សហការជាមួយវិទ្យាស្ថានជាតិNIPTICTអភិវឌ្ឍកម្មវិធីទូរសព្ទឆ្លាតវៃ“ការអប់រំ​ពី​ចម្ងា​យ” នេះឡើង ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួង ប.ទ. និងក្រសួង អ.យ.ក។ ដើម្បីចូលរួមចំណែកគាំទ្រការដោះស្រាយបញ្ហាប្រឈមនៃជម្ងឺកូវីដ ១៩ ចំពោះវិស័យ​អប់រំ ក្រុមហ៊ុន Sabay Digital ទទួល Host Content នៅលើម៉ាស៊ីនមេ (server) របស់ខ្លួន ដោយមិនគិតថ្លៃរហូតដល់ដំណាច់ឆ្នាំ២០២០ នេះ។

លោក ជី សិលា ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital

ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទឆ្លាតវៃ “ការអប់រំពីចម្ងាយ”បណ្ឌិត ជា វ៉ាន់​ដេត បានមានប្រសាសន៍ថានៅពេលដែលលោកបានចូលមកដឹកនាំ​ក្រសួងប្រៃស​ណី​យ៍​និងទូរគមនាគមន៍ប្រហែល១ខែលោកបានផ្តួចផ្តើមគំនិតដើម្បីអភិវឌ្ឍកម្មវិធី​ទូរស័ព្ទ​ឆ្លាតវៃ សម្រាប់ “ការអប់រំពីចម្ងាយ”  ក្នុងគោលបំណងដោះស្រាយបញ្ហា​ប្រឈមនឹង​ស្ថានការណ៍ដែលជំងឺឆ្លងកូវីដ១៩ កំពុងរាតត្បាតនៅទូទាំងពិភពលោក​ដែលបង្ខំឱ្យ​សិស្ស និងនិស្សិតទាំងអស់ផ្អាកការសិក្សាជាបណ្តោះអាសន្ន ហើយតម្រូវឱ្យពួកគាត់​សិក្សាពីចម្ងាយ ឬ តាម Online ជំនួសវិញ។ លោកពិតជារីករាយណាស់​ដែលបាន​ឃើញពីលទ្ធផលការងាររៀបចំកម្មវិធីសិក្សាពីចម្ងាយនេះសម្រេចបានក្នុងដំណាក់កាលទី ១ ព្រមទាំងស្នើឱ្យក្រុមការងារក្រសួងទាំងពីរ បន្តសហការកែលម្អ និងអភិវឌ្ឍ​កម្មវិធី​នេះ ឱ្យបានកាន់តែល្អប្រសើរ និងធ្វើការបកប្រែមុខវិជ្ជាវិទ្យាសាស្រ្តមួយចំនួននៅលើ Platform Khan Academyដើម្បីបង្កើតមេរៀនជាភាសាជាតិកាន់​តែ​សម្បូរបែប។ ក្រសួង​ប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានវិទ្យាស្ថានជាតិNIPTICTជាសេនា​ធិការនឹងបន្តគាំទ្រយ៉ាងពេញទំហឹងលើការអភិវឌ្ឍនិងធានាសុវត្ថិភាពសន្តិសុខព័ត៌មានវិទ្យាកម្មវិធីនេះ។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ ក្រុមការងារក្រសួងអប់រំ យុវជន និងកីឡា និង​វិទ្យាស្ថានជាតិ NIPTICT  ដែលបានខិតខំអភិវឌ្ឍកម្មវិធីទូរសព្ទឆ្លាតវៃនេះឡើង ដោយ​ចំណាយពេលត្រឹម ៤ សប្តាហ៍ និងក្រុមហ៊ុនSabay Digital  ដែលបានទទួលយក​ការ​ Hosting កម្មវិធីទូរសព្ទដៃឆ្លាតវៃនេះ និងមាតិកាឌីជីថលនៅលើមជ្ឈមណ្ឌលទិន្នន័យ​របស់​ខ្លួនដែលមានទំហំធំ និងល្បឿនលឿន ព្រមទាំងប្រតិបត្តិករ និងក្រុមហ៊ុនផ្គត់ផ្គង់​សេវាអ៊ិនធឺណិតទាំងអស់ដែលបានផ្តល់កញ្ចប់ទិន្នន័យអនុគ្រោះដែលអនុញ្ញាតឱ្យ​សិស្សា​​នុ​សិស្សនៅតាមជនបទអាចមានលទ្ធភាពសិក្សាស្មើភាពគ្នា។លោក​ក៏បានលើក​ឡើងពីគម្រោងថ្មីមួយទៀតគឺ E-Library ដែលនឹងរៀបចំដាក់ឱ្យដំណើរការក្នុង​ពេល​ដ៏​ខ្លីខាងមុខនេះ។

បណ្ឌិត ជា វ៉ាន់​ដេតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ​ក្រសួង​ប្រៃសណីយ៍និងទូរគមនាគមន៍ ដែលជាដៃគូរដ៏ជិតស្និតក្នុងការជំរុញ​និងគាំទ្រដល់ការ​អប់រំពីចម្ងាយ ជាពិសេសក្នុងអំឡុងពេលវិបត្តិនៃជម្ងឺកូវីដ១៩នេះ។ ក្រសួងអប់រំ យុវជន និងកីឡាបាននិងកំពុងកែប្រែបញ្ហាប្រឈមដែលបង្កពីជម្ងឺកូវីដ១៩នេះឱ្យក្លាយជា​កាលា​នុវត្តភាព ដោយហេតុថា នេះជាពេលដែលសាកសមបំផុតដែលសិស្សានុសិស្ស​អាច​បន្សាំខ្លួនទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីសិក្សា។ ក្រសួងអប់រំ យុវជន និងកីឡានឹងនៅតែបន្តជំរុញដល់ការអប់រំតាមរយៈ​ប្រព័ន្ធឌីជីថលនាពេលអនាគត​ស្រប​តាមបរិបទនៃការអប់រំក្នុងសតវត្សទី២១។ជាថ្មីម្តងទៀតជាមួយនឹងការថ្លែង​អំណ​រ​គុណ​ចំពោះកិច្ចសម្របសម្រួល នៃមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងពីចំងាយ និង​ការរៀបចំបង្កើត App របស់វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍បច្ចេក​វិទ្យា​គម​នាគមន៍និងព័ត៌មាននិងដោយមានកិច្ចសហការយ៉ាងជិតស្និតជាមួយ​ក្រសួង​ប្រៃ​ស​ណី​យ៍និងទូរគមនាគមន៍ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សូមប្រកាស ដាក់ឱ្យ​ប្រើ​ប្រាស់ កម្មវិធីទូរស័ព្ទឆ្លាតវៃ “ការអប់រំពីចម្ងាយ” ចាប់ពីពេលនេះតទៅ។

បណ្ឌិត​សភា​ចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

គួរបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្នកម្មវិធីទូរស័ព្ទឆ្លាតវៃ “ការអប់រំពីចម្ងាយ” នេះមាន​មាតិកាអប់រំសម្រាប់សិស្សានុសិស្សចាប់ពីថ្នាក់ទី៩ដល់ថ្នាក់ទី១២ហើយគ្រោងនឹង​បញ្ចូល​​មាតិកាអប់រំសម្រាប់ថ្នាក់ផ្សេងៗទៀតនាពេលខាងមុខ៕PH