​ប្រធាន គ​.​ជ​.​ប​៖ ធ្វើ​អ្វី​ក៏ដោយ​ត្រូវអនុវត្ត​ទៅតាម​ច្បាប់​

96
ចែករម្លែក

មុនី​រ័ត្ន​/​ភ្នំពេញៈ​បន្ទាប់ពី​បានបញ្ចប់​ភារកិច្ច​នៅ​ខេត្តព្រះវិហារ​លោក​ស៊ិ​ក​ប៊ុន​ហុក​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​បាន​បន្តដំណើរ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​នៃ​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្ត​(​លខ​ប​)​ស្ទឹងត្រែង​នៅ​ព្រឹក​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០២០​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​កាំ​ង មេម៉ាយ សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​

​ប្រធាន លខ​ប ស្ទឹងត្រែង លោក ហង់ កុង បាន​រាយការណ៍​សង្ខេប​ជូន​គណៈប្រតិភូ​ជាន់ខ្ពស់ គ​.​ជ​.​ប ថា​ខេត្តស្ទឹងត្រែង​មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន​៣៧.១៣១​គ្រួសារ​ស្មើនឹង​១៥៨.៥៦៧​នាក់​ក្នុងនោះ​អ្នក​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើង​សរុប​មាន​ចំនួន​៨៦.១៣៩​នាក់​ហើយ​ប្រជាពលរដ្ឋ​មិនទាន់បាន​ចុះឈ្មោះ និង​ប៉ាន់ស្មាន​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០​សរុប​មាន​ចំនួន​៣.៦៣០​នាក់​ប៉ុន្តែ​តាម​ផែនការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០ គឺមាន​ចំនួន ២.៧៦០ នាក់​។​

​បើតាម​លោក​ហង់​កុង​ខេត្តស្ទឹងត្រែង​មាន​ការិយាល័យ​ចម្បង​សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត​ចំនួន​៣៤​និង​ការិយាល័យ​ចល័ត​ចំនួន​១៣៣​ការិយាល័យ​។​ក្នុងនោះ​មាន​ការិយាល័យ​ចំនួន​៤០​ស្ថិតនៅ​ទីតាំង​លំបាក​ដោយ​ត្រូវ​ប្រើ​កាណូត​និង​គោយន្ត​ដើម្បី​ដឹក​សម្ភារ​ទៅកាន់​ទីតាំង​កា​រិ​យា ល័យ ចុះឈ្មោះ​បោះឆ្នោត​ទាំងនោះ​ដោយសារ​កត្តា​ភូមិសាស្ត្រ​។

​សម្រាប់​អ្នក​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​២០១៩ លោក ហង់ កុង បាន​រាយការណ៍​ថា មាន​ចំនួន​៨២.៥៥៧​នាក់​។​លោក​បន្តទៀតថា​មន្ត្រី​លខ​ប​ទាំងអស់​បាន​សហការ​និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាជ្ញាធរខេត្ត ក្រុង ស្រុក ទាំង ៦​ឃុំ​សង្កាត់​ទាំង​៣៤​និង​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ខេត្ត​។ លខ​ប​ស្ទឹងត្រែង​ក៏បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន​ជូន​ដល់​ភាគី​ពាក់ព័ន្ធ ជាពិសេស​អាជ្ញាធរ​មូល​ដ្ឋា​ន ដើម្បី​ចូលរួម​ក្នុងការ​អនុវត្ត​ការងារ ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ នា​ខែតុលា ខាងមុខនេះ​។​

​ក្រោយពី​បាន​ស្តាប់​របាយការណ៍​របស់ លខ​ប ខេត្ត​លោក​ប្រធាន គ​.​ជ​.​ប បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ លខ​ប ស្ទឹងត្រែង ដែល​បាន​យកចិត្តទុកដាក់​ក្នុងការ​ថែរក្សា​សម្ភារ បរិក្ខារ បាន​យ៉ាង​ល្អ​ត្រឹមត្រូវ​ជាពិសេស​មានការ​សហការ​ល្អជា​មួយ​ភាគី​ពាក់ព័ន្ធ​។​ទន្ទឹមនឹងនេះ​លោក​ប្រធាន​នឹង​ខិតខំ​ដោះស្រាយ​នៅ​ថ្នាក់ជាតិ​បន្តទៀត​ចំពោះ​ការលំបាក​ដែ​លលខប​បាន​ជួបប្រទះ​ព្រោះថា​ការបោះឆ្នោត​គឺធ្វើឡើង​នៅតាម​រាជធានី​ខេត្ត​។​លខ​ប​ជា​អ្នកធ្វើការងារ​នេះ​ផ្ទាល់​នៅនឹងកន្លែង​ទើបត្រូវ​ធ្វើការ​ពង្រឹង​បន្ថែម​កោសិកា​បោះឆ្នោត​នៅ​ថ្នាក់ក្រោម​។​

​លោក​ប្រធាន គ​.​ជ​.​ប ក៏បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការបន្ត​ការកែទម្រង់​ការបោះឆ្នោត ទៅដល់​មន្ត្រី លខ​ប ទាំងចាស់​និង​ថ្មី​ថា​ការបោះឆ្នោត​នេះ​គឺ​សំខាន់​ណាស់​ក្នុង​ការចូលរួម​ថែរក្សា​ស្ថិរភាព​និង​សុខសន្តិភាព​របស់​ប្រទេស​ដូច​យើង​បាន​ឆ្លងកាត់​រួចមកហើយ​នាពេល​កន្លងមក​វិបត្តិ​ដែល​កើតឡើង​។​ក្រោយ​ការបោះឆ្នោត មិន​ថា​នៅ​ប្រទេស​កម្ពុជា ឬ​នៅ​ប្រទេស​ដទៃ​។​លោក​ប្រធាន​បាន​សង្កត់ធ្ងន់​ទៀតថា រឿង​បោះឆ្នោត​នេះ គឺ​រសើប​ណាស់ ចុះបើ​យើង​រៀបចំ​ការបោះឆ្នោត​បានល្អ តើ​គេ​មក​តវ៉ា​រឿង​អ្វី តវ៉ា​ម៉េច​នឹង​កើត​។​
​លោក​ប្រធាន​បាន​គូសបញ្ជាក់ថា​“​ធ្វើ​អ្វី​ក៏ដោយ​ត្រូវអនុវត្ត​ទៅតាម​ច្បាប់​។​មន្ត្រី​បោះឆ្នោត​ត្រូវ​រៀនសូត្រ​និង​ស្គាល់​ក្រមសីលធម៌​សម្រាប់​អ្នកបោះឆ្នោត​ដែលជា​ត្រីវិស័យ​នៃ​ការងារ​របស់​យើង​”​។​
​ទស្សនវិស័យ​របស់ គ​.​ជ​.​ប គឺ​មិន​ត្រឹមតែ​នៅ​ឆ្នាំ​២០១៦ គ​.​ជ​.​ប បាន​ប្តូរ​ពី​ការចុះឈ្មោះ​ដោយ​ដៃ មក​ចុះឈ្មោះ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ប៉ុណ្ណឹង​ទេ​។​ដើម្បីឱ្យ​ការបោះឆ្នោត​កាន់តែ​ទទួលយកបាន​ទំនុកចិត្ត​ខ្លាំង​ពី​មហាជន គ​.​ជ​.​ប គ្រោង​ធ្វើតាម​ប្រព័ន្ធ​អេឡិចត្រូនិក​នូវ​៖

-​ការចុះឈ្មោះ​គណបក្សនយោបាយ​និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​-​ឮ​ការប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​រួមមាន​៖•​ការទទួល​និង​ការបញ្ជូន​លទ្ធផល​បោះឆ្នោត​•​ការប្រកាស​លទ្ធផល​ប​ឋ​ម​នៃ​ការបោះឆ្នោត​• ការបែងចែក​អាសនៈ​• ការ​ស្រង់​បេក្ខជន​ជាប់ឆ្នោត​។​បន្ថែម​ពីលើ​នេះ​ទៅទៀត​។ លោក​ប្រធាន​គ​.​ជ​.​ប​បាន​ណែ​នាំឱ្យ​មន្ត្រី​បោះឆ្នោត​ទាំងអស់​ត្រូវតែ​គោរព​ឱ្យខាងតែបាន​នូវ​ក្រមសីលធម៌​សម្រាប់​មន្ត្រី​បោះឆ្នោត​និង​គោរព​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​លុបបំបាត់​ការតវ៉ា​និង​ធានាថា​គ្មាន​វិបត្តិ​នៅក្រោយ​ការបោះឆ្នោត​។​

​ចំពោះ​មន្ត្រី​ថ្មី​ដែលជា​កិច្ចសន្យា​រយៈពេល​ខ្លី​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ស្វែងយល់​ពី​ច្បាប់​ទាក់ទង​នឹង​ការបោះឆ្នោត​ឱ្យបាន​ច្បាស់លាស់ ព្រោះ​បច្ចេកទេស​នៃ​ការបោះឆ្នោត គ្មាន​បង្រៀន​នៅ​សាលា​ណា​ទេ​។​
​នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០​លោក​ប្រធាន​នឹង​បន្ត​ជួប​ផ្ទាល់​មន្ត្រី​នៅ លខ​ប រតនគិរី​៕S/​