៧៧​ថ្ងៃ : គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់ ៣១៤​នាក់ និង​របួស​៩៤៣​នាក់​

153
ចែករម្លែក
រថយន្តសាំយុងមួយគ្រឿងដឹកអ្នកដំណើរបានរេចង្កូតក្រឡាប់ធ្លាក់ពីលើផ្លូវបណ្ដាលឲ្យមនុស្សស្លាប់និងរបួសជាច្រើននាក់លើកំណាត់ផ្លូវជាតិលេខ 78 Aពីខេត្តស្ទឹងត្រែងទៅកាន់ខេត្តរតនគិរីថ្ងៃទី១៦ខែកក្កដា

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល ៧៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​ជាង​៣១០​នាក់​បាន​ស្លាប់ និង​ជាង ៩៤០​នាក់ បាន​របួសធ្ងន់ និង​ស្រាល​. ចំណែក​យានយន្ត​ប្រមាណ​ជាង ១០​ម៉ឺន ៦​ពាន់​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ត្រួតពិនិត្យ និង ផាកពិន័យ នៅក្នុង​ការអនុវត្ត​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្ល​វ​គោក រយៈពេល​៧៦​ថ្ងៃ​។

អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន


​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​១៦ ខែកក្កដា ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល​៧៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​១៦ ខែកក្កដា បានកើត​ឡើង ៥៨៦​លើក ស្លាប់​មនុស្ស​ចំនួន ៣១៤​នាក់ របួស​ចំនួន ៩៤៣​នាក់​។ ក្នុងនោះ​របួសធ្ងន់ ៥៣៨​នាក់​។ ដោយឡែក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១៦ ខែកក្កដា កើតឡើង​ចំនួន​ប្រាំ​ពីរលើក បណ្តាល​ឲ្យ​ស្លាប់ ប្រាំ​នាក់ របួស ១៨​នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន បួន​នាក់​។​


​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​អ្នកនាំពាក្យ បាន​បន្តថា សម្រាប់​លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល ៧៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​១៦ ខែកក្កដា​យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ១០៦.៤៩៨​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ៧៨.៤៦៩​គ្រឿង និង​រថយន្ត​មាន​ចំនួន ២៨.០២៩​គ្រឿង ក្នុងនោះ​រថយន្ត​តូច​ចំនួន ២៤.២១៤​គ្រឿង និង​រថយន្ត​ធំ​ចំនួន ៣.៨១៥​គ្រឿង​។​


​ដោយឡែក​សម្រាប់​ការអនុវត្ត​នៅ ថ្ងៃទី​១៦ ខែកក្កដា សមត្ថកិច្ច​ត្រួតពិនិត្យ​និង​ផាកពិន័យ​យានយន្ត​ចំនួន ១.៥៩៤​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ១.២៩៦​គ្រឿង និង​រថយន្ត​មាន​ចំនួន ២៩៨​គ្រឿង ក្នុងនោះ​រថយន្ត​តូច​ចំនួន ២៣៣​គ្រឿង និង​រថយន្ត​ធំ​ចំនួន ៦៥​គ្រឿង​។ បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ផ្លាកលេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​។ សម្រាប់​រថយន្ត​ភាគច្រើន គឺ​ល្មើស​ល្បឿន ល្មើស​សញ្ញា អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវាត់ លើស​ចំណុះ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​៕សរន​