ព្រលឹង​ប្តី​ខ្ញុំ​នៅ​វិលវល់​

362
ចែករម្លែក

ដោយៈ​អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ថ្ងៃមួយ​នៅក្នុង​ខ្ទម កូនប្រុស​ច្បង​របស់ខ្ញុំ​បាន​ស្រែកហៅ​ខ្ញុំ​ខ្លាំងៗ​ថា «​ម៉ែៗ​! ឪ​មកវិញហើយ​!»​។ អារម្មណ៍​របស់ខ្ញុំ​វិលវល់​នៅពេល​ឮ​ពាក្យ​នេះ​។ ខ្ញុំ​ដើរ​ប្រញាប់ប្រញាល់​សំដៅទៅ​ខ្ទម​ដោយ​ក្នុង​ចិត្ត​នឹក​គិតថា​ប្តី​របស់ខ្ញុំ​ប្រហែលជា​នៅមាន​ជីវិត​រស់នៅ​ឡើយ​។ ខ្ញុំ​បាន​សួរ​កូន​ខ្ញុំ​ថា «​ឯណា​! ម៉ែ​មិនឃើញ​ឪពុក​កូន​»​។ កូន​របស់ខ្ញុំ​បាន​ស្ងាត់​មាត់​មួយរយៈ ហើយ​បាន​រៀបរាប់ថា «​ខ្ញុំ​បានឃើញ​ឪ​ឈរ​នៅក្រោម​ដើម​ស្វាយ​ខាងមុខផ្ទះ​នេះ​។ ឪ​ស្លៀកខោ​ក្រឡា​ត្រឹម​ភ្លៅ ដោះអាវ ហើយ​ថែមទាំង​ញញឹម​ដាក់​ខ្ញុំ​ទៀត​»​។ ឮ​កូន​និយាយ​ដូច្នេះ ខ្ញុំ​បាន​ស្រែកយំ​ខ្លាំងៗ និង​មិនបាន​និយាយស្តី​ទៀតឡើយ​។ ខ្ញុំ​មិនបាន​ឃើញ​ប្តី​របស់ខ្ញុំ​នៅក្រោម​ដើម​ស្វាយ​នោះទេ​។ ថ្ងៃនោះ​គឺជា​គម្រប់​៧​ថ្ងៃ​របស់​ប្តី​ខ្ញុំ បន្ទាប់ពី​ខ្មែរក្រហម​បាន​យក​គាត់​ចេញទៅ​។ ខ្ញុំ​គិតថា ព្រលឹង​របស់​ប្តី​នៅ​វិលវល់ ហើយ​បាន​តាម​មករក​កូន និង​ប្រពន្ធ​។


​ខ្ញុំ​ឈ្មោះ អ៊ូ សារ៉ាន់ ហៅ នាង សព្វថ្ងៃនេះ​មាន​អាយុ​៦២​ឆ្នាំ​។ ខ្ញុំ​មាន​ស្រុកកំណើត​នៅ​ភូមិ ត្រពាំង​ភ្លោះ ឃុំ​ជ្រៃ​ធំ ស្រុក​រមាសហែក ខេត្តស្វាយរៀង​។ ខ្ញុំ​គឺជា​អតីត​ពេទ្យឆ្មប​ដែល​ទើបតែ​ចូលនិវត្តន៍​។ ប្តី​របស់ខ្ញុំ​ឈ្មោះ ចាន់ សុវណ្ណ​។ ខ្ញុំ​មាន​បងប្អូន​ចំនួន​ប្រាំពីរ​នាក់ (​ស្រី​៤​នាក់ និង​ប្រុស​៣​នាក់​)​។ ឪពុក​របស់ ខ្ញុំ​គឺជា​អតីត​អ្នក​លេងភ្លេង​ការ​នៅ​ក្នុងសម័យ​សង្គមចាស់​។ ក្រោយមក ក្រុមគ្រួសារ​របស់ខ្ញុំ​បាន​ផ្លាស់ប្តូរ ទីលំនៅ​ទៅ​រស់នៅក្នុង​ខេត្តកំពង់ចាម​។ នៅក្នុង​របប​ខ្មែរក្រហម ឪពុក​ខ្ញុំ​គឺជា​ប្រធាន​សហករណ៍​ក្នុង​ខេត្ត កំពង់ចាម រីឯ​ម្តាយ​ខ្ញុំ​វិញ​គឺជា​កសិករ​។ ឪពុក​ខ្ញុំ​ត្រូវ​ខ្មែរក្រហម​វាយ​សម្លាប់​នៅឯ​ខេត្តកំពង់ចាម​។ រីឯ ម្តាយ​ខ្ញុំ​វិញ​មាន​ជំងឺ​វង្វេងវង្វាន់ ហើយ​ក្រោយមក​ក៏​ឈឺ​ស្លាប់​ដែរ​។ បងប្រុស​២​នាក់​របស់ខ្ញុំ​គឺជា​យោធា​នៅ​ខេត្តស្វាយរៀង ហើយ​ត្រូវ​ខ្មែរក្រហម​សម្លាប់ និង​ប្អូនប្រុស​ម្នាក់ទៀត​គឺជា​អ្នក​ដឹកជញ្ជូន​គ្រាប់រំសេវ​បាន ក្រឡាប់​រទេះ​ស្លាប់​ដែរ​។
​ខ្ញុំ​រៀបការ​នៅ​ក្នុងសម័យ​សង្គមរាស្ត្រនិយម និង​មានកូន​ប្រុស​ពីរ​នាក់​។ នៅពេលដែល​ខ្មែរក្រហម ចូលមក​កាន់កាប់​ខេត្តស្វាយរៀង​បាន​ទាំងស្រុង ខ្ញុំ​និង​ប្តី ដែល​ចេះ​វិជ្ជាពេទ្យ​តាំងពីដើម ត្រូវបាន​ខ្មែរក្រហម ចាត់​ឲ្យ​ខ្ញុំ​បន្ត​ធ្វើជា​ពេទ្យឆ្មប ហើយ​ប្តី​ខ្ញុំ​ជា​ពេទ្យ​ផ្នែក​ដាក់​ថ្នាំ​សណ្តំ​។ រស់នៅ​ទីនោះ ខ្ញុំ​បាន​ជួយ​បង្កើតកូន​ឲ្យ​ស្ត្រី​ជាច្រើន​នាក់ ហើយ​មិនដែល​ជួបប្រទះ​នឹង​គ្រោះថ្នាក់​អ្វី​ឡើយ​។ ខ្ញុំ​បាន​ប្រើប្រាស់​ថ្នាំ​ម្យ៉ាង​ដែលមាន ឈ្មោះថា អុក​ស៊ី​តូ​ស៊ីន ជួយ​ដល់​អ្នក​ឆ្លងទន្លេ​ទាំងអស់នោះ​។ រស់នៅក្នុង​ឃុំ​ជ្រៃ​ធំ ខ្ញុំ​មិនសូវ​ជួបប្រទះ នឹង​ការលំបាក​ខ្លាំង​ទេ ប៉ុន្តែ​នៅពេលដែល​ខ្មែរក្រហម​ភូមិភាគ​និរតី​ចូលមក​កាន់កាប់ ប្រជាជន​នៅទីនេះ ត្រូវបាន​ជម្លៀស​ចេញពី​ភូមិ និង​ប្រជាជន​មូលដ្ឋាន​ខ្លះ​ត្រូវបាន​ចោទប្រកាន់ថា​ក្បត់ និង​យកទៅ​សម្លាប់ចោល​។


​នៅ​អំឡុង​ឆ្នាំ​១៩៧៧ និង​ឆ្នាំ​១៩៧៨ នៅ​ទីកន្លែង​ដែល​ខ្ញុំ​រស់នៅ​ចាប់ផ្តើម​មាន​ភាពវឹកវ​រ​។ ខ្ញុំ​ឃើញ​មាន​ខ្មែរក្រហម​ពី​ភូមិភាគ​និរតី​ចូលមក​គ្រប់គ្រង និង​ចាប់ផ្តើម​មាន​ជម្លោះ​នៅក្នុង​តំបន់​ដោយមាន​ការប្រយុទ្ធ​គ្នា​ជារឿយៗ​។ ប្រជាជន​ត្រូវបាន​ជម្លៀស​ចេញពី​ភូមិ​ទាំងអស់ ដែល​ភាគច្រើន​ជម្លៀស​ទៅ​រស់នៅ​ភូមិភាគ​ពាយ័ព្យ រួមមាន ខេត្តកំពង់ឆ្នាំង បាត់ដំបង និង ពោធិ៍សាត់ ជាដើម​។ ខ្ញុំ ប្តី និង​ប្អូនស្រី ក៏ត្រូវ​ជម្លៀស​ចេញពី​ភូមិ​ដែរ​។ ពេលនោះ ខ្ញុំ​កំពុង​តែមាន​ផ្ទៃពោះ​កូនប្រុស​ទី​២​របស់ខ្ញុំ​ដែល​ហៀបនឹង​កើត​ទៅហើយ​។ យើង​ធ្វើដំណើរ​ដោយ​ថ្មើរជើង​មកដល់​ភ្នំ​ឈើកាច់ ខ្មែរក្រហម​ក៏​ឲ្យ​យើង​ស្នាក់នៅ​ទីនោះ​។ នៅ​ភ្នំ​ឈើកាច់​មាន​សភាព​ស្ងាត់ជ្រងំ គ្មាន​ផ្ទះ គ្មាន​មនុស្ស​រស់នៅ​ឡើយ​។ ខ្មែរក្រហម​បាន​ឲ្យ​យើង​រស់នៅ​ទីនោះ​មួយរយៈ​សិន​។ ខ្ញុំ​បានធ្វើ​ស្រែ និង​លីសែង​បាវស្រូវ​តាមតែ​អ្វីដែល​ខ្មែរក្រហម​បញ្ជា​។ ប្តី​របស់ខ្ញុំ​ចេញទៅ​ធ្វើ​ការងារ​នៅតាម​ចម្ការ​។ ចំណែក​កូនៗ​របស់ខ្ញុំ​ត្រូវ​យកទៅ​ផ្ញើ​យាយៗ​ឲ្យ​មើលថែរក្សា​។ មិនយូរប៉ុន្មាន ខ្ញុំ​ក៏បាន​បង្កើត​កូនប្រុស​ទី​២​របស់ខ្ញុំ​។ នៅពេលនោះ ប្តី​របស់ខ្ញុំ​និង​អ្នកជិតខាង​បាន​ជួយ​បង្កើតកូន​ឲ្យ​ខ្ញុំ​។ រដូវវស្សា​បានមក​ដល់ ទឹក​ក៏​ចាប់ផ្តើម​ឡើង​ខ្លាំង​។ យើង​មិនអាច​រស់នៅ​ទីនោះ​បាន​ទៀត​ទេ ព្រោះ​ទឹក​លិច​គ្រប់​ទីកន្លែង​នៅ​ជុំវិញខ្លួន​។ ខ្មែរក្រហម​បាន​ជម្លៀស​ប្រជាជន​ចេញពី​ភ្នំ​ឈើកាច់ ឲ្យ​ទៅកាន់​ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់​។ ខ្ញុំ ប្តី និង កូន បានធ្វើ​ដំណើរ​ទៅ​ទៅដល់​ខេត្តពោធិ៍សាត់​។ នៅតាម​ផ្លូវ យើង​ដើរ ឆ្លង​ទឹក​ដែលមាន​ជម្រៅ​ត្រឹម​ដើមទ្រូង​។ ប្តី​របស់ខ្ញុំ​បាន​លើក​កូនប្រុស​ច្បង​ដាក់​នៅលើ​ស្មា ចំណែក​ខ្ញុំ​បីកូន​ប្រុស​ពៅ​ដែល​ទើបនឹង​កើត​។ យើង​បាន​ដើរ​ទៅមុខ​រហូតដល់​ភូមិ​អូរ​តា​ប៉ោង ឃុំ​បឹង​ខ្នា ស្រុក​បាកាន​លើ ខេត្តពោធិ៍សាត់​។ យើង​បាន​រស់ និង​ធ្វើ​ការងារ​យ៉ាង​លំបាក​នៅ​ទីនោះ​។ យើង​មិនដែល​ទទួលបាន​របប​អាហារ​គ្រប់គ្រាន់​ឡើយ​។ ប្តី​របស់ខ្ញុំ​និង​ខ្ញុំ បាន​លាក់​ប្រវត្តិរូប​ជា​គ្រូពេទ្យ​។ ប៉ុន្តែ​ថ្ងៃមួយ នៅ​ចុងឆ្នាំ​១៩៧៨ ខ្មែរក្រហម​បាន​ស៊ើប​ដឹងថា​ប្តី​របស់ខ្ញុំ​គឺជា​គ្រូពេទ្យ​មកពី​ខាង​បូព៌ា​។ ខ្មែរក្រហម​បាន​យកប្តី​ខ្ញុំ​ទៅ​វាយ​ទម្លាក់​ចូលទៅក្នុង​រណ្តៅ​មួយ​នៅក្នុង​វត្ត​បឹង​ខ្នារ​នៅក្នុង​ភូមិ​ដែល​ខ្ញុំ​រស់នៅ​។ ខ្ញុំ​បានដឹង​រឿងនេះ​តាមរយៈ​បុរស​ម្នាក់​ដែលជា​អ្នក​ឡើងត្នោត​ប្រាប់​ខ្ញុំ​ថា នៅថ្ងៃនោះ ពេល​គាត់​កំពុងតែ​ឡើង​យក​ទឹកត្នោត​នៅក្បែរ​វត្ត គាត់​ក៏បាន​ឃើញ​ខ្មែរក្រហម​ចាប់​ប្តី​របស់ខ្ញុំ និង​មនុស្ស​ប្រហែល​១០​នាក់​ទៀត​ចង និង​វាយ​សម្លាប់​ទម្លាក់​ចូលក្នុង​រណ្តៅ​ក្បែរ​នោះ​។ បុរស​នោះបាន​អះអាងថា រណ្តៅ​សាកសព​នោះ​ជ្រៅ​ណាស់ និង​មាន​សាកសព​ជាច្រើន​។ គាត់​ភ័យ​តក់ស្លុត​យ៉ាងខ្លាំង​នៅពេល​ឃើញ​ការសម្លាប់​យ៉ាង​សាហាវឃោរឃៅ​បែបនេះ​។ នៅ​ថ្ងៃ​សម្លាប់​នោះ​មេកង​ឈ្មោះ ជួន និង​ខ្មែរក្រហម​ម្នាក់ទៀត​ដែល​ខ្ញុំ​មិន​ស្គាល់ឈ្មោះ បានមក​ហៅ​ប្តី​ខ្ញុំ​ថា​ឲ្យ​ទៅ​លី​អំបិល​នៅលើ​ភ្នំ​។ ប្រសិនបើ​ខ្ញុំ​ដឹងថា ខ្មែរក្រហម​យកប្តី​ខ្ញុំ​ទៅ​សម្លាប់ យ៉ាងហោចណាស់​ក៏​យើង​បាន​និយាយ​លាគ្នា​ជា​លើកចុងក្រោយ​ដែរ​។

រណ្តៅ​សាកសព​ជនរងគ្រោះ​ពីរ​បប​ខ្មែរក្រហម​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​បន្ទាប់ពី​ខ្មែរក្រហម​យកប្តី​ខ្ញុំ​ទៅ​សម្លាប់​បាន​រយៈពេល​៣​ថ្ងៃ កងទ័ព​វៀតណាម​ក៏​ចូល​មកដល់​ខេត្ត ពោធិ៍សាត់​។ កម្មាភិបាល និង​យោធា​ខ្មែរក្រហម ចាប់ផ្តើម​គេចខ្លួន​ចូលទៅ​ក្នុងព្រៃ​។ ឃើញ​ដូច្នេះ ខ្ញុំ​ក៏បាន​រត់គេច​ចេញពី​ភូមិ​ព្រោះ​ដែរ​ព្រោះ​ខ្ញុំ​គិតថា​ខ្មែរក្រហម​នឹង​សម្លាប់​ខ្ញុំ​ទៀត នៅពេលដែល​ដឹងថា​ខ្ញុំ​គឺជា​គ្រូពេទ្យ​។ ខ្ញុំ​បានទូល​បង្វេចខោអាវ​និង​ចានឆ្នាំង ចំណែក​ដៃ​ម្ខាង​របស់ខ្ញុំ​ពរ​កូន និង​ដៃ​ម្ខាង​ទៀត​ដឹក​ដៃ​កូនច្បង​ព្រោះ​ខ្ញុំ​ខ្លាច​វង្វេងគ្នា​។ ខ្ញុំ​ដើរ​សំដៅ​មក​ស្រុកកំណើត​វិញ​។ ខ្ញុំ​មិន​ហ៊ាន​ដើរ​នៅតាម​ផ្លូវជាតិ​ទេ ព្រោះ​ខ្លាច​ជួប​កងទ័ព​ខ្មែរក្រហម​។ នៅតាម​ផ្លូវ ខ្ញុំ​បាន​សុំ​អាហារ​អ្នកដំណើរ ឬ​ប្រជាជន​ដែល​រស់​នៅតាម​ភូមិ​ឲ្យ កូន​របស់ខ្ញុំ​ហូប​។ ជើង​ទាំងសងខាង​របស់ខ្ញុំ​ដំបៅ​និង​ចេញឈាម​ដោយសារតែ​ខ្ញុំ​ដើរ​ដោយ​ជើង​ទទេ​។ ខ្ញុំ​ដើរ​ស្ទើរតែ​មិន​រួច ព្រោះ​ខ្ញុំ​ឈឺ​ជើង និង​អស់កម្លាំង​។ ខ្ញុំ​ដេក​នៅតាម​ផ្លូវ​ជាច្រើន​ថ្ងៃ​ពេលធ្វើ​ដំណើរ ហើយ​ពេលខ្លះ​ខ្ញុំ​បាន​ដេក​នៅក្នុង​ព្រៃ​។ ខ្ញុំ​ដើរ​រហូតដល់​ខេត្តកំពង់ឆ្នាំង ក៏បាន​ជួបនឹង​ប្អូនស្រី​ទាំង​បីនាក់​របស់ខ្ញុំ​។ អារម្មណ៍​ពេលនោះ គឺ​ហាក់បីដូចជា​ខ្ញុំ​បាន​រស់​ឡើងវិញ​ម្តងទៀត​។ ខ្ញុំ​មិនមាន​អារម្មណ៍​ថា​រស់នៅ​ម្នាក់ឯង​ទៀតឡើយ​។ ប្អូនស្រី​ទាំង​បីនាក់​របស់ខ្ញុំ​បាន​ជួយ​ពរ​កូន និង​ស្ពាយ​អីវ៉ាន់​ខ្លះ​របស់ខ្ញុំ​រហូតមកដល់​ស្រុកកំណើត​វិញ​។ នៅពេលដែល​ខ្ញុំ​មកដល់​ស្រុកកំណើត​ភ្លាម ខ្ញុំ​គ្មាន​សេសសល់​អ្វី​ឡើយ​។ ខ្ញុំ​ត្រូវ​ទៅ​ស៊ីឈ្នួល​ច្រូតស្រូវ ស្ទូងស្រូវ ដើម្បី​ប្តូរ​យក​អង្ករ​មក​ដាំ​ហូប​។ ជួន​ពេលខ្លះ​ខ្ញុំ​ដើរ​សុំ​អង្ករ​ប្រជាជន​នៅក្នុង​ភូមិ​ដែរ​។ ខ្ញុំ​តែងតែ​នឹក​គិតថា ប្រសិនបើ​ប្តី​ខ្ញុំ​នៅមាន​ជីវិត ខ្ញុំ​និង​កូន​ប្រហែលជា​មិន​លំបាក​ទេ​។


​ពេលវេលា​ចេះតែ​កន្លងទៅ ប៉ុន្តែ​ខ្ញុំ​នៅតែ​ចងចាំ​មិន​ភ្លេច​ពី​អនុស្សាវរីយ៍​ទាំងឡាយ​ជាមួយនឹង​ប្តី​របស់ខ្ញុំ​។ ក្តី​អាណិតអាសូរ និង​ស្រណោះ​ដល់​ប្តី​និង​សាច់ញាតិ បាន​ជំរុញ​ទឹកចិត្ត​ខ្ញុំ​ឲ្យ​ចូលរួម​ដាក់​ញត្តិ​ប្តឹង​ទៅកាន់​អង្គការសហប្រជាជាតិ​ឲ្យ​ដក​ខ្មែរក្រហម​ចេញពី​អង្គការសហប្រជាជាតិ កាលពី​ទសវត្ស​ន៍​ឆ្នាំ​៨០​។ ក្រោយមក​ខ្ញុំ​ក៏បាន​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​ខ្មែរក្រហម តាមរយៈ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដើម្បី​ស្វែងរក​យុត្តិធម៌​ឲ្យ​ប្តី ឪពុកម្តាយ និង​សាច់ញាតិ​របស់ខ្ញុំ​។ គួរ​ឲ្យ​សោកស្តាយ ខ្ញុំ​មិន​ធ្លាប់​បានមក​ទស្សនា​តុលាការ​ខ្មែរក្រហម​ផ្ទាល់​ទេ​។ ខ្ញុំ​ទទួលបាន​ដំ​ដំណឹង​ថា មេដឹកនាំ​ខ្មែរក្រហម ត្រូវបាន​ដាក់​ពន្ធ​ធនាគារ​អស់​មួយជីវិត​។ សព្វថ្ងៃនេះ ខ្ញុំ​មាន​អារម្មណ៍​ធូរស្បើយ នៅពេលដែល​ប្រទេស​មាន​សន្តិភាព​និង​មិនមាន​អំពើរ​ឃោរឃៅ​បែបនេះ​កើតឡើង​ម្តងទៀត​។


​ទោះបី​រឿងរ៉ាវ​ដែល​កើតឡើង​ទាំងអស់នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺចាប់ ប៉ុន្តែ​ខ្ញុំ​បាន​ចែករំលែក​វា​ទៅដល់​កូនៗ​និង​ក្មេងៗ​ដទៃទៀត​ឲ្យ​បានដឹង​ពី​ប្រវត្តិ​របស់​គ្រួសារ​ខ្ញុំ និង​សម័យ​ដ៏​ឃោរឃៅ​របស់​ខ្មែរក្រហម​ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​។ ពេលដែល​ខ្ញុំ​និយាយ​ដល់​រឿង​ប្តី​របស់ខ្ញុំ កូនៗ​របស់ខ្ញុំ​តែងតែ​ទទូច​ឲ្យ​ខ្ញុំ​ទៅយក​ធាតុ​ឪពុក​មក​ស្រុកកំណើត​វិញ​។ ខ្ញុំ​មិនអាច​ធ្វើទៅ​បានទេ ព្រោះ​នៅក្នុង​រណ្តៅ​នោះ​មាន​សាកសព​ច្រើនណាស់ ហើយ​រណ្តៅ​នោះ​មាន​ជម្រៅ​ជ្រៅ​ថែមទៀត​។ អ្វីដែល​ខ្ញុំ​និង​គ្រួសារ​អាចធ្វើ​បាន​គឺ​ការធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​គាត់​តែប៉ុណ្ណោះ​។


​សព្វថ្ងៃ ខ្ញុំ​លើស​ជាតិ​ស្ករ ប៉ុន្តែ​ខ្ញុំ​តែងតែ​ដើរ​ហាត់ប្រាណ​ជាប្រចាំ​។ សុខភាព​ខ្ញុំ​មិនមាន​អ្វី​គួរ​ឲ្យ បារម្ភ​ទេ​។ ចំណែកឯ​ការរស់នៅ​វិញ កូនៗ​របស់ខ្ញុំ​គឺជា​អ្នក​ជួយ​ផ្គត់ផ្គង់​ដល់​ខ្ញុំ​៕សរន