ព្រះមហាក្សត្រ​នឹង​ដឹកនាំ​បើក​សម័យប្រជុំ​លើក​ទី​៣៣ របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សានៃ​អង្គចៅក្រម​នៅថ្ងៃស្អែក

196
ចែករម្លែក
ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា(រូបឯកសារ)

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ព្រះករុណា​ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម នឹង​ដឹកនាំ​បើក​សម័យប្រជុំ​លើក​ទី​៣៣ របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​ព្រះបរមរាជវាំង ដើម្បី​ពិនិត្យ សម្រេច និង​ពិគ្រោះ​យោបល់​លើ​របៀបវារៈ​ចំនួន​៧​។​


​របៀបវារៈ ដែល​ត្រូវ​ពិនិត្យ សម្រេច និង​ពិគ្រោះ​យោបល់​រួមមានៈ របៀបវារៈ​ទី​១. ពិនិត្យ និង​សម្រេច អំពី​ការតែងតាំង ប្រធាន​សាលាឧទ្ធរណ៍​តំបន់ ការផ្ទេរ និង​តែងតាំង​ប្រធាន អនុប្រធាន ចៅក្រម​សាលាដំបូង​រាជធានី​-​ខេត្ត មួយចំនួន​។ របៀបវារៈ​ទី​២. ពិគ្រោះ​យោបល់ លើ​សំណើ​តែងតាំង អគ្គព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​តំបន់ ការផ្ទេរ និង​តែងតាំង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលា​រាជធានី​-​ខេត្ត​មួយចំនួន តាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​។​របៀបវារៈ​ទី​៣. ពិនិត្យ និង​សម្រេច លើ​សំណើសុំ​អនុញ្ញាត​ច្បាប់​ទៅ​បន្ត​ការសិក្សា របស់​ចៅក្រម ១​រូប​នៃ​សាលាដំបូង​ខេត្តកណ្តាល​។ របៀបវារៈ​ទី​៤. ពិនិត្យ និង​សម្រេច លើ​សំណើសុំ​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​ចៅក្រម ចំពោះ​ចៅក្រម​កម្មសិក្សា​ចំនួន​៣៩​រូប​។ របៀបវារៈ​ទី​៥. ពិគ្រោះ​យោបល់ លើ​សំណើសុំ​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​ព្រះរាជអាជ្ញា ចំពោះ​ព្រះរាជអាជ្ញារង​កម្មសិក្សា​ចំនួន​១៥​រូប តាម​សំណើរបស់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​។ របៀបវារៈ​ទី​៦. ពិនិត្យ និង​សម្រេច អំពី​ការកំណត់​ងារ​សម្រាប់​ចៅក្រម និង​ព្រះរាជអាជ្ញា​តាម​មុខតំណែង និង​របៀបវារៈ​ទី​៧.​បញ្ហា​ផ្សេងៗ​៕សរន/Ha