​ពលរដ្ឋ​គ្រប់​សហគមន៍​អាច​ទទួលបាន​ការផ្គត់ផ្គង់​ទឹកស្អាត​នា​ឆ្នាំ​២០២៥

204
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​៖​អាជ្ញាធរខេត្ត​បាន​ថ្លែងថា​៖​ប្រជាពលរដ្ឋ​គ្រប់រូប​នៅ​បណ្តា​សហគមន៍ នឹង​ទទួលបាន​ការផ្គត់ផ្គង់​ទឹកស្អាត​និង​អនាម័យ​គ្រប់គ្រាន់​ព្រមទាំង​រស់នៅក្នុង​បរិស្ថាន​ដែលមាន​អនាម័យ​នា​ឆ្នាំ​២០២៥​។​ខេត្តសៀមរាប​ត្រូវការ​កំណើន​ផ្នែក​ទឹកស្អាត​អនាម័យ​ក្នុង​រង្វង់​យ៉ាងតិច​៥​ទៅ​៦​ភាគរយ​ក្នុង​មួយឆ្នាំ​។​
​ដូចនេះ​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​អនុវត្ត​ក៏ដូចជា​ការផ្សព្វផ្សាយ​បន្ត​ដល់​អ្នកពាក់ព័ន្ធ​នានា​ធ្វើ​យ៉ាណា​ជួយ​បញ្ជ្រាប ផែនការ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ទៅក្នុង​ផែនការអភិវឌ្ឍន៍ ក្រុង​ស្រុក​ឃុំ​សង្កាត់ និង​ត្រូវ​លើក​ជា​គម្រោង​អាទិភាព​ក្នុង​មូលដ្ឋាន​របស់ខ្លួន​។​

​លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្តសៀមរាប ថ្លែង​ដូច្នេះ គឺ​នៅក្នុង​កិច្ចប្រជុំ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា​ឆ្នាំ​២០២០​នៅ​មន្ទីរ​អ​ភ​វឌ្ឍន៍​ជនបទ​ខេត្ត​ស្តីពី​ត្រួតពិនិត្យ​លើ​វឌ្ឍនភាព​នានា​ក្នុងការ​អនុវត្ត​ផែន ការ​សកម្មភាព​ស្តីពី​ការផ្គត់ផ្គង់​ទឹក​សម្អាត​និង​អនាម័យ​ជនបទ​ឆ្នាំ​២០២០២០២៣​។​ក្នុង​នោះបាន​បូកសរុប​ការងារ​ឆមាស​ទី​១ ឆ្នាំ​២០២០ និង ពិនិត្យ​វឌ្ឍនភាព​ក្នុងការ​អនុវត្ត​សកម្មភាព​របស់​មន្ទីរ និង អង្គការ​ដៃគូ​។​ធ្វើការ​ចែករំលែក​បទ​ពិសោធន៍​នានា​ពាក់ព័ន្ធ​និង​បញ្ហា​ប្រឈម​និង​ដំណោះស្រាយ​ក្នុងការ​អនុវត្ត​ការងារ​ធ្វើការ​ពង្រឹង​ចំណង​ទំនាក់ទំនង​ឱ្យ​កាន់តែ​ប្រសើរឡើង​រវាង​ស្ថាប័ន​អង្គការ​សហគមន៍​ដែល​ពាក់ព័ន្ធ​។​

​លោក​បាន​ថ្លែងបន្តថា​ការផ្គត់ផ្គង់​ទឹកស្អាត​និង​ការលើកកម្ពស់​អនាម័យ​នៅ​ជនបទ​គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់ ដែល​មិនអាច​ខ្វះ​បាន ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​កម្រិតជីវភាព នៃ​ការរស់នៅ​របស់​ប្រជា​ពល រដ្ឋ​ស្របទៅតាម​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​ដោយបាន​យល់ច្បាស់​ពី​ផលប៉ះពាល់​អវិជ្ជមាន​នៃ​កង្វះខាត​ការផ្គត់ផ្គង់​ទឹកស្អាត​និង​ការលើកកម្ពស់​អនាម័យ​ល្អ​នៅ​ជនបទ​។​


​រាជរដ្ឋាភិបាល​ក៏ដូចជា​បណ្តា​ដៃគូរ​អភិវឌ្ឍន៍​អង្គការ​ជាតិ​និង​អន្តរជាតិ​នានា​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​រិះរក​នូវ​យុទ្ធសាស្ត្រ​គន្លឹះ​ផ្សេងៗ ដើម្បី​វិភាគ​អំពី​លទ្ធភាព នៃ​ប្រភពធនធាន​ធ្វើយ៉ាងណា សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ឆ្នាំ​២០២៣​ឱ្យបាន​៩០​ភាគរយ​នូវ​អត្រា​ផ្គត់ផ្គង់​ទឹកស្អាត​និង​អត្រា​គ្របដណ្តប់​អនាម័យ​ឲ្យ​បាន​៩០​ភាគរយ​។​លើសពីនេះទៅទៀត​គឺ​ការសម្រេច​ឲ្យ​ខាន​តែ​បាន​នូវ​ទស្សនវិស័យ​របស់​រាជរដ្ឋាភិបាល​“​នៅ​ឆ្នាំ​២០២៥​។​ប្រជាពលរដ្ឋ​គ្រប់រូប​នៅ​សហគមន៍​ជនបទ​ត្រូវមាន​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​គ្រប់គ្រាន់​ព្រមទាំង​រស់នៅក្នុង​បរិស្ថាន​ដែលមាន​អនាម័យ​ប្រកបដោយ​និរន្តរភាព​”​។


លោក​បាន​បញ្ជាក់ថា​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០២០​នេះ​ការផ្តល់សេវា​ផ្គត់ផ្គង់​ទឹកស្អាត​កម្រិត​មូលដ្ឋាន​មាន ៧៣,៩០​ភាគរយ​,​សេវា​អនាម័យ​៧៤,៦០​ភាគរយ​និង​ភូមិ​បញ្ឈប់​ការ​បន្ទោ​របង់​ពាសវាល​ពាសកាល​ចំនួន​១៦៩​ភូមិ​ក្នុង​ឃុំ​ចំនួន​៥​។​ក្នុងនោះដែរ​សាងសង់​អណ្តូង​អា​ហ្វ្រិ​ដេ​វ​ថវិកា​មន្ទីរ​បាន​១៤​អណ្តូង​និង​អណ្តូង​អា​ហ្វ្រី​ដេ​វ​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចំនួន​១០០​អណ្តូង​និង​ជីក​ស្រះ​សហគមន៍​បាន​៧​ស្រះ​ដោយ​រៀប​ថ្មភ្នំ​បាន​ចំនួន​៤​ស្រះ​ព្រមទាំង​សាងសង់​បង្គន់​អនាម័យ​បាន​២០០​បង្គន់​ផងដែរ​៕S/​