ម៉ា នី​តា កាន់តែ​បង្ហាញ​ស្នាដៃ ជា​អ្នកដឹកនាំ​ថត និង​បង្ហាញ​ភាព​ស៊ិច​ស៊ី

187
ចែករម្លែក

ភ្នំពេញ​៖ កញ្ញា ម៉ា នី​តា ដែលជា​តារា​សម្តែង និង​បច្ចុប្បន្ននេះមិន​ត្រឹមតែ​វិ​វឌ្ឍន៍ខ្លួន ជា​អ្នក​ដឹកនាំ​ថតរឿង​ខ្លី និង​វិ​ឌី​អូ​ចម្រៀង តែ​នាង​ថែមទាំង​កាន់តែ​បង្ហាញ​ស្នាដៃ​របស់ខ្លួន​ច្រើនឡើង​ថែមទៀត រួមទាំង​បាន​បង្អួត​សម្រស់​ស៊ិច​ស៊ី​របស់​នាង​ទៀតផង​។​

​តារា​សាច់​សខ្ចី​រូបនេះ មួយរយៈ​នេះ ត្រូវបាន​មហាជន និង​អ្នកគាំទ្រ​សង្កេតឃើញថា បង្ហាញសមត្ថភាព ក្នុងនាម​ជា​អ្នកចេះដឹង ដឹកនាំ​ថត​សម្តែង តាមរយៈ​ការផលិត​​ខ្សែ​រឿង​វិ​ឌី​អូ​អប់រំ​ខ្លី និង​ផលិត​វិ​ឌី​អូ​បទ​ចម្រៀងលើ​ហ្វេ​ស​ប៊ុ​ក និង យូ​ធូប ជាច្រើន​។

​ជាមួយគ្នា​នោះ ម៉ា នី​តា បាន​បង្អួត​សម្រស់​របស់​នាងយ៉ាង​ស៊ិច​ស៊ី​ដោយ​បញ្ចេញ​សាច់​តិច ហើយដោយ​ស្លៀក​ចោមពុង បញ្ចេញ​ដើមទ្រូង​សខ្ចី ទទួលបាន​ការចាប់អារម្មណ៍ ពី​មហាជន និង​ជាពិសេស​ប្រុសៗ​។ រូបថត​បង្អួត​ដើមទ្រូង​នាង ត្រូវ​បានឃើញ​បង្ហោះ តាំងពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ ជាប់​រហូតមក​។

​កញ្ញា ម៉ា នី​តា បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា នាង​គ្រាន់តែ​ចង់​ថត​លេង ឱ្យ​ស្អាត​ប្លែក​ម្តង ហើយ​កន្លងមក ក៏​មិនសូវ​បាន​ថត​បែបនេះ​។ នាង​ចង់​ថត​បែប​ខ្មែរចោមពុង របៀប​ស្រុកស្រែ សម័យ​ពី​ដើម​ម្តង ព្រោះ​កន្លងមក តែងតែ​ថត​បែប​សម័យ​។ នាង​ក៏​អរគុណ​ដល់​ការពេញចិត្ត និង​តែងតែ​ស្រឡាញ់​គាំទ្រ​នាង​។​

​តារា​ស្រី​រូបនេះ បាន​បង្ហើប​ដែរ​ថា ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ ១៩ ប៉ះពាល់​ការងារ​ការចេញ​សម្តែងឱ្យគេ​ជាច្រើន នាង​ក៏​ទំនេរ​ចេញ​ថត​វិ​ឌី​អូ ដឹកនាំ​សម្តែង​ដោយផ្ទាល់ ហើយ​ធ្វើបាន​ប្រមាណ​ពីរ បី​វិ​ឌី​អូ​ចម្រៀង​។ មាន​បទ​ដូចជា “​ស្រី​គេ​ក្លាហាន​គេ​បាន​រូប​បង​” “​ភូមិ​វត្ត​កំផែង​” និង​បទ “​សំឡេង​ហ្គី​តា​” នាង​យក​បទ​ចាស់​មក​សម្តែង​ថត​ឡើងវិញ ធ្វើ​បទ​នោះ​ឲ្យមើលទៅមាន​ទិដ្ឋភាព​ថ្មី​។​

សូមបញ្ជាក់ថា អ្នកនាង ម៉ា នី​តា បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដំបូង ដោយ​កម្មវិធី​ប្រឡង ជា​តារាចម្រៀង​របស់​ស្ថានីយទូរទស្សន៍​លេខ​៥ អំឡុង​ឆ្នាំ​២០០២ ហើយក៏​ខំប្រឹង​វិ​វឌ្ឍន៍​ខ្លួន ទៅ​តារាចម្រៀង និង​តារា​បង្ហាញ​។ បន្ទាប់មក នាង​ចាប់យក​អាជីព ជា​អ្នក​សម្តែង​វិញ​ឱ្យ​កាន់ តែ​ខ្លាំង ក្នុង​ឆ្នាំ​២០១៨ ខណៈ​នាង មានចិត្ត​ស្រឡាញ់​ការសម្តែង ការនិពន្ធ និង​ការដឹកនាំសម្តែង​៕ ដោយ​៖ បូ​រិ​ន​/Ha