ខណៈករណីកូវីដកើនឡើង លោកត្រាំបង្កើនជម្លោះជាមួយលោកហ្វូស៊ី

181
ចែករម្លែក

លោក អានថូនី ហ្វូស៊ី ជាអ្នកឯកទេសខាងជំងឺឆ្លងកំពូលរបស់សហរដ្ឋអាម៉េរិក ចូលចិត្តផ្តោតលើវិទ្យាសាស្ត្រ ប៉ុន្តែភាពស្មោះត្រង់របស់គាត់អំពីបរាជ័យ របស់អាម៉េរិកក្នុងការទប់ស្កាត់កូវីដ១៩ បានធ្វើឱ្យគាត់មានជម្លោះកាន់តែខ្លាំងឡើង ជាមួយប្រធានាធិបតីដូណាល់ ត្រាំ។

ក្នុងនាមជានាយកវិទ្យាស្ថានជាតិអាឡែរស៊ីនិងជំងឺឆ្លង លោកវេជ្ជបណ្ឌិតនិងជាអ្នក វិទ្យាសាស្ត្ររូបនេះបានដឹកនាំការឆ្លើយតបរបស់ប្រទេសចំពោះរាល់ជំងឺរាតត្បាតចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ ដោយទទួលបានការកោតសរសើរជាពិសេសចំពោះការ ស្រាវជ្រាវរបស់គាត់លើការព្យាបាលហ៊ីវ។

សព្វថ្ងៃនេះ មុខមាត់សាធារណៈរបស់គាត់គឺធំជាងពេលណាៗទាំងអស់ ដោយសារវិធីសាស្រ្តនិយាយត្រង់ៗរបស់គាត់អំពីវីរុសកូរ៉ូណា ដែលធ្វើឱ្យគាត់ មានអ្នកគាំទ្រយ៉ាងច្រើន ដែលនាំគ្នាទិញអាវយឺតនិងមួកបោះពុម្ពរូបគាត់ទៀតផង ព្រោះតែចូលចិត្តគាត់ខ្លាំងពេក។

នៅដំណាក់កាលដំបូងៗនៃកូវីដ១៩ បុរសវ័យ ៧៩ ឆ្នាំរូបនេះបានរៀនពីសិល្បៈដ៏ប៉ិន​ប្រសប់​ក្នុងការបដិសេធនឹងចៅហ្វាយនាយឆេវឆាវរបស់គាត់ ដោយមិននាំឱ្យ​មានជម្លោះជាមួយគាត់ជាសាធារណៈនោះទេជុំវិញប្រធានបទជាច្រើនរាប់ចាប់ពីពេលវេលានៃការបង្កើតវ៉ាក់សាំងរហូតដល់ជំនឿគួរឱ្យសង្ស័យរបស់លោកត្រាំចំពោះថ្នាំព្យាបាលគ្រុនចាញ់ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។

ទោះយ៉ាងណា ឥឡូវនេះមានការកើនឡើងនូវសញ្ញានានាថាចរិតការទូត​រវាងអ្នកទាំងពីរកំពុងចាប់ផ្តើមលែងមានតទៅទៀតហើយ។

លោកហ្វូស៊ីនិយាយថា គាត់មិនបានជួបជាមួយប្រធានាធិបតីតាំងពីថ្ងៃទី ២ ខែមិថុនា​ហើយគាត់មិនបានចូលរួមការផ្សាយតាមកញ្ចក់ទូរទស្សន៍ថ្មីៗនេះរបស់ក្រុមការងារពិសេសអំពីជំងឺកូវីដ១៩​នៅសេតវិមានទេ។

ហេតុអី?

ការព្រមានធ្ងន់ៗរបស់គាត់អំពីគ្រោះថ្នាក់នៃការប្រញាប់បើកទ្វាររដ្ឋឆាប់ពេក​ហាក់មិនស៊ីមេទ្រីជាមួយលោកអគ្គមេបញ្ជាការ ដែលដាក់ក្តីសង្ឃឹមនៃការជាប់ឆ្នោត​មួយអាណត្តិទៀតទៅលើការប្រកាសជ័យជម្នះលើវីរុសកូរ៉ូណានិងការចាប់ផ្តើមសេដ្ឋកិច្ចឡើងវិញ។

សហរដ្ឋអាម៉េរិក ដែលរងគ្រោះដោយកូវីដធ្ងន់បំផុតលើលោក​ដោយមានអ្នកស្លាប់ជាង ១៣៧.០០០ នាក់ បានឃើញការផ្ទុះឡើងវីរុសកូរ៉ូណាសាជាថ្មី​តាំងពីពាក់​កណ្តាល​ខែមិថុនាមក ដោយលើកនេះគឺប្តូរពីចំណុចផ្ទុះធំទៅរដ្ឋកាលីហ្វ័រញ៉ា តិចសាស អារីហ្សូណា និងផ្លរីដាវិញម្តង។

លោកហ្វូស៊ីបានប្រាប់វេបសាយនយោបាយ FiveThirtyEight កាលពីសប្តាហ៍មុន គឺប៉ុន្មានថ្ងៃក្រោយព្រមានថា​សហរដ្ឋអាម៉េរិកអាចចាប់ផ្តើមមានអ្នក​ឆ្លងកូវីដ​១០ម៉ឺននាក់ក្នុងមួយថ្ងៃ ប្រសិនបើប្រទេសនេះមិនកែតម្រង់ទិសដៅរបស់ខ្លួន យ៉ាងដូច្នេះថា “ក្នុងនាមជាប្រទេសមួយ នៅពេលអ្នកប្រៀបធៀបយើងទៅនឹង​ប្រទេសដទៃ ខ្ញុំមិនគិតថាអ្នកកំពុងធ្វើបានល្អនោះទេ”។

ក្រុមមន្ត្រីសុខាភិបាលអាម៉េរិកបានជ្រើសយកគោលនយោបាយគាំទ្រការពាក់ម៉ាស់​ ក្រោយទិន្នន័យថ្មីបង្ហាញការគាំទ្រខ្លាំងក្លាលើម៉ាស់អាចទប់ស្កាត់កូវីដ។

ទោះយ៉ាងណា លោកត្រាំបានបន្តនិយាយភាសាកាតទានអំពីបញ្ហាម៉ាស់ ហើយមានគ្រាជាច្រើនគាត់បានព្យាយាមចាត់ទុកការពាក់ម៉ាស់ជាការរាំងខ្ទប់សេរីភាព និងជាការប៉ុនប៉ងបង្កធ្វើឱ្យប្រជាជនខ្លាចកូវីដ។

កាលពីចុងសប្តាហ៍ សេតវិមានបានវាយប្រហារលើលោកហ្វូស៊ី ដោយបញ្ជូន​កំណត់ហេតុទៅបណ្តាញសារព័ត៌មានដើម្បីបង្ហាញថា លោកហ្វូស៊ីជាអ្នកខុស​ទាំងស្រុងអំឡុងពេលផ្ទុះកូវីដ១៩។

ក្រោយមកទៀត​ ទីប្រឹក្សាពាណិជ្ជកម្មរបស់ត្រាំ លោក ភីតធឺ ណាវ៉ារ៉ូ បានសរសេរ​ហែកកេរ្តិ៍គាត់បន្ថែមទៀតនៅលើកាសែត USA Today ដោយនិយាយថា រាល់ដំបូន្មាន​របស់លោកហ្វូស៊ី គឺពោរពេញដោយមន្ទិលនិងការសង្ស័យ៕ ដោយ៖ កញ្ញាដាលីស/Ha

លោកត្រាំបង្កើនជម្លោះជាមួយលោកហ្វូស៊ី

ទីតាំងផ្សាយពាណិជ្ជកម្ម