របាយការណ៍​៖ កូរ៉េខាងជើង​ចង់​បន្ត​ការចរចា​៦​ភាគី​អំពី​កម្មវិធី​នុយក្លេអ៊ែរ​

1324
ចែករម្លែក

​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​មេសា​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​បាន​សម្តែង​នូវ​ចំណាប់អារម្មណ៍​របស់លោក​ក្នុង​ការបន្ត​កិច្ចចរចា ៦ ភាគី​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ ក្នុងអំឡុង​កិច្ចចរចា​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ដែល​បាន​ធ្វើឡើង​កាលពី​ចុងខែ​មីនា​។

​យោងតាម​ប្រភព​សារព័ត៌មាន Nikkei Asian Review ដែល​បាន​ដកស្រង់​ពី​ប្រភព​នានា​បានឱ្យដឹងថា លោក​គីម ជុង​អ៊ុន អាច​លើកឡើង​ពី​បញ្ហា​នេះ នៅ​អំឡុងពេល​កិច្ចប្រជុំ​កំពូល​កូរ៉េខាងជើង​និង​អាមេរិក​នាពេលខាងមុខ ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ខែឧសភា​។​

​កាលពីដើម​ខែមីនា គណៈប្រតិភូ​ជាន់ខ្ពស់​របស់​កូរ៉េខាងត្បូង​បានធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​ដើម្បី​ធ្វើការ​ចរចា​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​។ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​នោះ ពួក​មន្ត្រី​កូរ៉េខាងត្បូង​បានធ្វើ​ដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក កន្លែង​ដែល​ពួកគេ​បាន​នាំសារ​បន្ត​អំពី​ការអញ្ជើញ​របស់លោក​គីម​ជុង​អ៊ុន​ឱ្យធ្វើ​កិច្ចប្រជុំ​កំពូល​កូរ៉េខាងជើង​-​អាមេរិក ប្រាប់​ទៅ​លោក​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ​។ កិច្ចប្រជុំ​កំពូល​នេះ​នឹងត្រូវ​ធ្វើឡើង​បន្ទាប់ពី​ជំនួប​កំពូល​រវាង​មេដឹកនាំ​កូរ៉េខាងត្បូង​និង​កូរ៉េខាងជើង ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ចុងខែ​មេសា​។​

​កិច្ចចរចា ៦ ភាគី​រវាង​ចិន ជប៉ុន កូរ៉េខាងជើង រុស្ស៊ី កូរ៉េខាងត្បូង និង​អាមេរិក ត្រូវបាន​ប្រារព្ធ​ធ្វើ​ឡើងជា​លើកដំបូង​នៅ​ទីក្រុង​ប៉េកាំង​ក្នុង​ឆ្នាំ ២០០៣ បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​មិន​រីកសាយ​អាវុធ​នុយក្លេអ៊ែរ​។ នៅ​ឆ្នាំ ២០០៩ កូរ៉េខាងជើង​បាន​ដកខ្លួន​ចេញពី​ការចរចា​នេះ បន្ទាប់ពី​ការគំរាមកំហែង​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដើម្បី​ពង្រឹង​ការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​កូរ៉េខាងជើង​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការសាកល្បង​មី​ស៊ី​ល​របស់​ព្យុងយ៉ាង​៕ ដោយ៖ កញ្ញាដាលីស

លោក គីម ជុង​អ៊ុន

ទីតាំងផ្សាយពាណិជ្ជកម្ម