ប្រេ​ស៊ីល សាកល្បង​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូរ៉ូណា​របស់​ចិន​

360
ចែករម្លែក

​ប្រេ​ស៊ីល​ត្រូវ​ចាប់ផ្តើម​សាកល្បង​វ៉ាក់សាំង​ទំនើប​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ចិន​មួយ​ដើម្បី​ប្រឆាំង​នឹង​វីរុស​កូរ៉ូ​ណា​នៅ​ថ្ងៃ​អង្គារទី​២១​កក្កដា ដោយ​ក្រុមហ៊ុន​ត្រូវ​បញ្ចេញ​វ៉ាក់សាំង​ប៉ុន្មាន​ដូសដំបូង​សំរាប់​​អ្នកស្ម័គ្រចិត្ត​ចូល​សាកល្បង​ប្រមាណ​៩០០​នាក់​។​

​វ៉ាក់សាំង​វីរុស​កូរ៉ូណា ផលិត​ដោយ​ក្រុមហ៊ុន​ឳ​សថ​ឯកជន​ចិន Sinovac ជា​វ៉ាក់សាំង​ទី​៣​នៅក្នុង​លោក​ដែល​បាន​ឈាន​ដល់​ការសាកល្បង​ដំណាក់កាល​ទី​៣ ឬ​ការសាកល្បង​ទ្រង់ទ្រាយ​ធំ​លើ​មនុស្ស និង​ជា​​ដំណាក់កាល​ចុងក្រោយ​ម​មុន​នឹង​ត្រូវ​អនុញ្ញាត​អោយ​ផលិត​ចេញ​សំរាប់​ការប្រើប្រាស់​ទូទៅ​។​

​វា​នឹង​ត្រូវ​ដឹកនាំ​ធ្វើ​ដោយ​ក្រុម​វេជ្ជបណ្ឌិត​និង​បុគ្គលិក​វេជ្ជសាស្ត្រ​ផ្សេងៗ​ដែល​ស្ម័គ្រចិត្ត​សំរាប់​កម្មវិធី​នេះ​នៅ​ទូទាំង​៦​រដ្ឋ​នៅ​ប្រេ​ស៊ីល ដែល​ជា​ប្រទេស​រងគ្រោះ​ពី​វីរុស​កូរ៉ូណា​ខ្លាំង​បំផុត​ទី​២​នៅក្នុង​លោក​។​

​អភិបាលរដ្ឋ​សាវ ប៉ាវ​ឡូ លោក ចូ​អាវ ដូរៀ បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា « ការសាកល្បង​វ៉ាក់សាំង CoronaVac ដែល​ស្ថិត​ក្នុង​ដំណើរការ​សាកល្បង​ជឿនលឿន​ជាងគេ​នៅក្នុង​លោក​នឹង​ចាប់ផ្តើម​​នៅ​មន្ទីរពេទ្យក្រុង​សា​វ ប៉ៅ​ឡូ ហើយ​លទ្ធផល​ជំហាន​ដំបូង​នឹង​បង្ហាញ​អោយ​ដឹង​នៅក្នុង​រង្វង់​៩០​ថ្ងៃ​»​។​

​ក្រុមហ៊ុន​Sinovac​សហការ​ជាមួយ​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​សុខភាព​សាធារណៈ​ប្រេ​ស៊ីល​គឺ​វិទ្យាស្ថាន​Butantan Institute​នៅក្នុង​ការសាកល្បង​វ៉ាក់សាំង​នេះ​។​

​យោង​តាម​ពួក​មន្ត្រី ប្រសិនបើ​ក្រោយ​ការសាកល្បង​បង្ហាញថា វា​មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព នោះ​វិទ្យាស្ថាន​Butantan Institute​នឹង​មាន​សិទ្ធិ​ផលិត​ចេញ​វ៉ាក់សាំង​១២០​លាន​ដូស​នៅ​ក្រោម​កិច្ច​ព្រម​​ព្រៀង​។​

​ក្នុងពេល​ជាមួយគ្នា ប្រធាន​វិទ្យាស្ថាន​ខាងលើ​បាន​អះអាង​ថា​«​នៅ​ប្រេ​ស៊ីល យើង​អាច​មាន​វ៉ាក់សាំង​ដំបូង​គេ​ប្រើ​ជាទូទៅ​។ សង្ឃឹម​ខ្លាំងណាស់​»​។​

​ប្រេ​ស៊ីល​ជា​ប្រទេស​រងគ្រោះ​ខ្លាំង​ជាង​គេ​ទី​២​ដោយ​ជំងឺ​កូវី​ដ​១៩ ឬ​វីរុស​កូរ៉ូណា​បន្ទាប់​ពី​អាម៉េរិក​។​គិត​ត្រឹម​ថ្ងៃ​ចន្ទ ប្រទេស​នៅ​អាម៉េរិក​ខាងត្បូង​មួយ​នេះ​មាន​អ្នកស្លាប់​ដោយកូវី​ដ​១៩ ដល់​ជាង​៨០.០០០​នាក់​​និង​ជាង​២​លាន​នាក់​ឆ្លង​៕​ប្រែ​សម្រួល​៖​វាសនា​

​ទំនិញ​សំរាប់​សាកល្បង​វ៉ាក់សាំង​ចិន ត្រូវបាន​ដឹក​មក​ដល់​រដ្ឋ​សៅ ប៉ាវ​ឡូ ប្រទេសប្រេ​ស៊ីល​

ទីតាំងផ្សាយពាណិជ្ជកម្ម