កាណូត​ដឹក​អ្នកដំណើរ​ព្រែក​ព្នៅ​-​ភ្នំពេញ​-​តាខ្មៅ ចាប់ផ្តើម​ដំណើរការ​ជា​បណ្តោះអាសន្ន​ហើយ​

1530
ចែករម្លែក

​ដោយ : សុផល,វិបុល/​​ភ្នំពេញ​ ៖ ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨​នេះ បានចាប់ផ្តើម​ដំណើរការ​ជា​បណ្តោះអាសន្ន​កាណូត​ដឹក​អ្នកដំណើរ​ព្រែក​ព្នៅ​-​ភ្នំពេញ​-​តាខ្មៅ​នៅ​ស្ថានីយ​នាវា​ដឹក​អ្នកដំណើរ​ឬ​ស្សី​កែវ គីឡូម៉ែត្រ​លេខ​៦ ចំណុច​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​។​

ទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន (រូបភាព ៖ សុផល)

​លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍​ឱ្យដឹងថា​ការដាក់ឱ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​គម្រោង​កាណូត​ដឹក​អ្នកដំណើរ​ព្រែក​ព្នៅ​-​ភ្នំពេញ​-​តាខ្មៅ​នេះ បាន​ចូលរួមចំណែក​ដល់​ការផ្តល់​មធ្យោបាយ​ធ្វើដំណើរ​បន្ថែមទៀត​ជូន​ប្រជាពលរដ្ឋ ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ចូលរួម​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅតាម​ដងផ្លូវ​ផងដែរ​។​ ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​តាម​កាណូត​ដឹក​អ្នកដំណើរ​នេះ ដោយ​ឥតគិតថ្លៃ រហូតដល់​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨​។​

​សូមបញ្ជាក់ថា​ការដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​ទឹក​ពី​កំពង់​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ទៅ​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល ដោយ​ឆ្លងកាត់​ស្ថានីយ​រង់ចាំ​អ្នកដំណើរ​ចំនួន​៦​កន្លែង មានដូចជា​៖ កំពង់ផែ​ព្រែក​ព្នៅ កំពង់ផែ​មុខ​ឃ្លាំង​សាំង​ឫស្សីកែវ កំពង់ផែ​ផែបណ្តែត កំពង់ផែ​ណាហ្គា កំពង់ផែ​ភូមិ​ដើម​ចាន់​ច្បារអំពៅ​និង​កំពង់ផែ​សួនច្បារ​តាខ្មៅ​។​

​គម្រោង​នេះ​ប្រើប្រាស់​កាណូត​ចំនួន​៤​គ្រឿង ក្នុងនោះ​២​គ្រឿង ត្រូវបាន​បញ្ជា​ទិញ​ពី​ប្រទេស​វៀតណាម និង​២​គ្រឿង​​ទៀត ជាការ​ជួសជុល​កាណូត ដែលមាន​ស្រាប់​នៅក្នុង​ស្រុក​ឡើងវិញ​។ កាណូត​ដែល​ដាក់ឱ្យ​ដំណើរការ​នេះ​ជា​របស់​ក្រុមហ៊ុន Royal Express Boat អាច​ផ្ទុក​មនុស្ស ៦០​នាក់ និង​ជា​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដែល​កំពុង​សាងសង់ អាច​ផ្ទុក​បាន ៥៤​នាក់ បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ និង​ពោង​សុវត្ថិភាព​។

​ជា​ជំហាន​ដំបូង​នេះ កាណូត​នឹងធ្វើ​ចរាចរណ៍​ផ្តល់​សេវា ចេញដំណើរ​ពី​ព្រែក​ព្នៅ​ទៅ​ក្រុង​តាខ្មៅ ចម្ងាយ​សរុប​ប្រមាណ​២៥​គីឡូ ម៉ែត្រ ចំណាយ​ពេលវេលា ជា​មធ្យម​៣៤​នាទី ៕B

 

ទីតាំងផ្សាយពាណិជ្ជកម្ម