អ្នកការទូត​ជាន់ខ្ពស់​រុស្ស៊ី​និង​ចិន រិះគន់​ខ្លាំងៗ​ទៅលើ ” ឯកតោភាគី​និយម “​របស់​អាមេរិក

1435
ចែករម្លែក

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​ប្រទេស​រុស្ស៊ី​និង​ប្រទេស​ចិន​បាន​ប្រកាស​ជា​សាធារណៈ​នូវ​អ្វី​ដែល​ពួកគេ​បាន​ពិពណ៌នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​មេសា​ថា ជា​ឯកតោ​​ភាគី​និយម​របស់​សហរដ្ឋអាមេរិក ជា​ការរិះគន់ ដែល​បាន​គូសបញ្ជាក់​អំពី​ទំនាក់ទំនង​កាន់​ជិតស្និទ្ធ​ឡើង​របស់​ពួក​គេ​លើ​បញ្ហា​សកល​។​

​ដោយ​និយាយ​នៅ​ទីក្រុង​ម៉ូស្គូ បន្ទាប់​ពី​កិច្ចពិភាក្សា​ជាមួយ​សម​ភាគី​រុស្ស៊ី​របស់​លោក​មក​នោះ រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី​បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ការដំឡើង​ពន្ធ​លើ​ផលិតផល​របស់​ចិន​។​

​លោក វ៉ាង យី បាន​ព្រមាន​ថា “​ប្រសិនបើ​សហរដ្ឋអាមេរិក​គិតថា​វា​អាច​ទទួលបាន​អត្ថប្រយោជន៍​តាមរយៈ​ការ​គាំពារ​ពាណិជ្ជកម្ម​និយម​នោះ ការគិត​របស់ខ្លួន​នោះ គឺ​ ខុស​ហើយ​”​។​

​ចំណែក​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក សឺ​ហ្គេ ឡាវ​រ៉ូវ (Sergey Lavrov)​នៅពេល​ត្រូវ​បាន​សួរ​អំពី​ទស្សនៈ របស់​រុស្ស៊ី​ស្តី​ពី​ជម្លោះ​ពាណិជ្ជកម្ម​អាមេរិក -​ចិន​នោះ បាន​និយា​​យ​ថា​សកម្មភាព​របស់​អាមេរិក​ឆ្លុះបញ្ចាំង​អំពី​” ឯកតោភាគី​និយម​” របស់​រដ្ឋបាល​របស់​លោក ដូ​ណា​ល់​ត្រាំ ប្រធានាធិបតី​អាមេរិក ក្នុង​ការដោះស្រាយ​បញ្ហា​ការ ព្រួយ​បា​​រម្ភជា​អន្តរជាតិ​នោះ​។​

​លោក សឺ​ហ្គេ ឡាវ​រ៉ូវ បាន​លើកឡើង​ជា​ឧទាហរណ៍​ដែល​សហរដ្ឋអាមេរិក​ជំរុញ​ឱ្យ​ចរចា​ឡើងវិញ​អំពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​និង​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​​អាកាសធាតុ​អន្តរជាតិ​។​

​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​នេះ បាន​និយាយថា “​វា​មិន​មាន​អ្វី​ពាក់ព័ន្ធ​នឹង​វិស័យ​ការទូត​នោះទេ​។ វា​គឺជា​ការប៉ុនប៉ង ដើម្បី​ពង្រឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ខ្លួន នៅពេល​​ដែល​មិន​អើពើ​នឹង​ផលប្រយោជន៍​របស់​អ្នក​ដទៃ​នោះ​” ។​

​ការគាំទ្រ​របស់​រុស្ស៊ី​នៅ​ពេល​ថ្មីៗ​នេះ​សម្រាប់​ប្រទេស​ចិន​នេះ ឆ្លុះបញ្ចាំង​ពី​ការខកចិត្ត​របស់ខ្លួន​ជាមួយ​រដ្ឋាភិបាល​វ៉ាស៊ីនតោន​បន្ទាប់​ពី​វិមាន​ក្រឹម​ឡាំង​សង្ឃឹម​ថា​មាន​ទំ​នាក់​​ទំនង​ល្អប្រសើរ​ឡើង​ក្រោម​ការដឹកនាំ របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ។​

​លោក ដូ​ណា​ល់ ត្រាំ បាន​យល់ព្រម​បង្កើន​ពន្ធ​លើ​ទំនិញ​ទូរគមនាគមន៍ ទំនិញ​អាកាសចរណ៍​និង​ទំនិញ​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត​របស់​ចិន ប៉ុន្តែ បាន​ទុក​ពេលវេលា​ដើម្បី​​ឱ្យ​ធ្វើការ​ចរចារ​រហូត​ដល់​ថ្ងៃទី​១១ ខែ​ឧសភា​។​ដោយ​៖​សុខា​/sn

​លោក សឺ​ហ្គេ ឡាវ​រ៉ូវ (​រូប​ស្តាំ​) និង លោក វ៉ាង យី ស្ថិត​នៅក្នុង​អំឡុង​ពេល​ជំនួប​ពិភាក្សា​​នៅ​ទីក្រុង​ម៉ូស្គូ កាលពី​ថ្ងៃ​ព្រហស្បតិ៍​

ទីតាំងផ្សាយពាណិជ្ជកម្ម