​អ៊ឹង សុ​ភ័​ក្រ ក្រឡាបញ្ជី​

1831
ចែករម្លែក

ដោយៈ​អត្ថបទ និង​រូបថត ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា
​ណុប ស្រៀ​ង ជា​ភរិយា​របស់ អ៊ឹង សុ​ភ័​ក្រ បាន​រៀបរាប់ថា ប្តី​របស់ខ្ញុំ​បាន​បួស​ជា​ព្រះសង្ឃ​នៅពេលដែល​គាត់​មាន​អាយុ​១៨​ឆ្នាំ​។ គាត់​បាន​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ ភាសាបាលី​។ ព្រះសង្ឃរាជ ជួន ណាត បាន​បង្គាប់​ឲ្យ​គាត់​បង្រៀន​ព្រះសង្ឃ​ឯទៀត ប៉ុន្តែ​គាត់​បាន​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ ដូចនេះ​គាត់​ក៏​លាចាក​សិក្ខាបទ ហើយ​បាន​ប្រឡង​ចូលធ្វើការ​ជា​ក្រឡាបញ្ជី​។ គាត់​បានទទួល​ពិន្ទុ​កម្រិត​ខ្ពស់​ទី​បី និង​តំណែង​មួយ​នៅ​ទីក្រុង​ភ្នំពេញ​។ យើង​តែងតែ​ព្យាយាម​តស៊ូ​ជាមួយគ្នា​នៅក្នុង​ជីវិត​អាពាហ៍ពិពាហ៍​។ ដំបូង​ឡើយ យើង​មាន​ម៉ូតូ​មួយគ្រឿង និង​រស់នៅក្នុង​ផ្ទះជួល​មួយ ក្រោយមក​យើង​មានផ្ទះ​ផ្ទាល់ខ្លួន​មួយ​នៅ​ភ្នំពេញ និង​ទិញ​បាន​រថយន្ត​តូច​មួយគ្រឿង​។​

អ៊ឹង សុ​ភ័​ក្រ ព្រះជន្ម​២០​វស្សា ពេល​ជា​បួស​ព្រះសង្ឃ​នៅ​ខេត្តតាកែវ​

​ប្តី​របស់ខ្ញុំ​ចូលចិត្ត​ធ្វើអំពើ​ល្អ​។ រាល់​ពេលដែល​ខ្ញុំ​ទៅ​ផ្សារ គាត់​បាន​ប្រាប់​ខ្ញុំ​ថា​កុំ​ឲ្យ​ទិញ​ឬ​ចម្អិន​សត្វ​ដែលមាន​ជីវិត​។ គាត់​បានធ្វើ​អំពើ​បាប​ពីរដង​គត់ លើកទីមួយ​នៅពេលដែល​គ្រួសារ​យើង​មិនមាន​ម្ហូប​គ្រប់គ្រាន់ ហើយ​គាត់​បានសម្រេច​ចិត្ត​ទៅ​នេសាទ គាត់​ចាប់បាន​ត្រី​មួយ​។ គាត់​មិន​ចង់​សម្លាប់​ត្រី​នោះទេ ប៉ុន្តែ​ត្រូវតែ​សម្លាប់​ទើប​យើង​អាច​បរិភោគបាន​។ លើក​ទី​ពីរ គាត់​បាន​ទៅ​បន្ទប់ទឹក ជា​ចៃដន្យ​គាត់​ជាន់​កូន​មាន់​មួយ​ក្បាល​។ ប្តី​របស់ខ្ញុំ​មិន​ធ្លាប់​ផឹក​គ្រឿង​ស្រវឹង​ទេ យប់​មួយ​នោះ​គាត់​បាន​ចូលរួម​ពិធីជប់លៀង​មួយ មិត្ត​ភ័​ត្តិ​គាត់​បាន​បង្ខំ​ឲ្យ​គាត់​ផឹក​។ នៅពេល​ត្រឡប់មកផ្ទះ​វិញ​គាត់​និយាយថា “​គាត់​បាន​ប្រព្រឹត្តល្មើស​សីលធម៌​ប្រ​ត្តិ​ប​ត្តិ​ផ្ទាល់ខ្លួន​”​។

​ប្តី​របស់ខ្ញុំ​មិនដែល​ធ្លាប់​ប្រើពាក្យ​អាក្រក់​ជាមួយ​ខ្ញុំ និង​ទន់ភ្លន់​ចំពោះ​អ្នក​គ្រប់ៗ​គ្នា​។ នៅពេលដែល​គាត់​កំពុងធ្វើការ​ជា​ក្រឡាបញ្ជី​តុលាការ​នៅ​តាខ្មៅ គាត់​មិន​ធ្លាប់​ទារប្រាក់​ពី​ប្រជាជន​ក្រីក្រ​ឡើយ​។

​ចៅហ្វាយ​របស់គាត់ ហ៊ួ​ត ម៉ាន់ គឺជា​អ្នក​ស្មោះត្រង់​។ ម៉ាន់ ចង់​ឲ្យ​ប្តី​របស់ខ្ញុំ​ក្លាយទៅជា​អ្នក​ទទួលខុស​ត្រួវ​រក​ភ័ស្តុតាង សម្រាប់​ករណី​ក្តីក្តាំ​ជាច្រើន មុនពេល​ឡើង​តុលាការ ប៉ុន្តែ​ប្តី​របស់ខ្ញុំ​បាន​បដិសេធ គាត់​គិតថា គាត់​មិនដែល​អារកាត់​ចំពោះ​ភារកិច្ច​បែប​នោះទេ អ៊ីចឹង​គាត់​បានធ្វើ​ការងារ​ជា​អ្នក​ចុះបញ្ជី​អត្រានុកូលដ្ឋាន សំបុត្រ​បញ្ជាក់​កំណើត​ជំនួស​វិញ​។

អ៊ឹង សុ​ភ័​ក្រ ឈរ​ទី​ពី​រាប់​ពី​ខាងស្តាំ ឆ្នាំ​១៩៦២ ខេត្តកណ្តាល​។ ព្រះសង្ឃរាជ ជួន ណាត គង់នៅ​កណ្តាល ជាទី​កន្លែង​ដែល អ៊ឹង សុ​ភ័​ក្រ ធ្លាប់​បានរស់នៅ​

​គ្រួសារ​យើង​មិនទាន់បាន​ជម្លៀសចេញ​រហូតដល់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​១៩៧៥ ពីព្រោះ​ផ្ទះ​យើង​ស្ថិតនៅ​ជាយក្រុង​ភ្នំពេញ​។ យើង​ចង់ទៅ​ផ្ទះ​យើង​នៅក្នុង​ក្រុង​តាខ្មៅ​ណាស់ ប៉ុន្តែ​ត្រូវ​ខ្មែរក្រហម​បង្ខំ​ឲ្យ​ទៅ​ខេត្តតាកែវ​ជំនួស​វិញ​។ ខ្ញុំ​មាន​សាច់ញាតិ​រស់នៅ​ខេត្តតាកែវ​។ នៅពេលដែល​ខ្មែរក្រហម​បាន​សួរ​អំពី​ប្រវត្តិរូប​របស់​យើង ប្តី​ខ្ញុំ បាន​ប្រាប់​ខ្ញុំ​ថា​កុំ​ឲ្យ​និយាយ​កុហក​ព្រោះ​អី​ប្រជាជន​នៅក្នុង​ភូមិ​បាន​ស្គាល់​គ្រួសារ​របស់​យើង​អស់ហើយ​។ នៅពេលដែល​ខ្មែរក្រហម​បាន​បញ្ជា​ប្តី​របស់ខ្ញុំ និង​មនុស្ស​ចំណាស់​ពីរ​នាក់​ទៀត​ឲ្យ​ទៅ​កាប់​ឈើ​នៅក្នុង​ព្រៃស្បាត​មួយអាទិត្យ ជាការ​ពិតណាស់ ខ្ញុំ​មិន​សង្ឃឹមថា​គាត់​អាច​វិលត្រឡប់​មកវិញ​ទេ​។ ប៉ុន្តែ​ប្រាំពីរ​ថ្ងៃ​ក្រោយមក​គាត់​បាន​ត្រឡប់មកផ្ទះ​វិញ​។​

​ជា​លើក​ទី​ពីរ ប្តី​របស់ខ្ញុំ បាន​ត្រឡប់មកវិញ​ដោយ​សុវត្ថិភាព​ទៀត​។ គាត់​មានគំនិត​ថា​ត្រូវតែរ​ត់ទៅ​ប្រទេស​វៀតណាម​។ នៅពេលដែល​ខ្មែរក្រហម​បាន​បញ្ជា​ប្តី​របស់ខ្ញុំ​ឲ្យ​ទៅ​កាប់​ឫស្សី គាត់​បាន​ប្រាប់​ខ្ញុំ​ថា ប្រសិនបើ​គាត់​មិន​ត្រឡប់មកវិញ​ក្នុង​រយ​:​ពេល​យូរ មានន័យថា​គាត់​ប្រហែល​ចេញទៅ​ប្រទេស​វៀតណាម​ហើយ​។ ប៉ុន្តែ​បី​ថ្ងៃ​ក្រោយមក គាត់​បាន​ត្រឡប់មកវិញ និយាយថា​ស្ថានការណ៍​តឹងតែង​ខ្លាំងណាស់ គាត់​មិនអាច​រត់គេចខ្លួន​បានទេ​។​

​នៅ​ចុងឆ្នាំ​១៩៧៥ អង្គការ​បាន​បញ្ជូន​យើង​តាម​រថភ្លើង​ទៅ​ខេត្តបាត់ដំបង​។ ប្តី​របស់ខ្ញុំ​មានចិត្ត​រីករាយ​ណាស់ ព្រោះ​អី​បាត់ដំបង​នៅ​ជិត​ព្រំដែន​ខ្មែរ​-​ថៃ​។ យើង​ត្រូវបាន​បញ្ជូន​ទៅកាន់​ភូមិ​មួយ​មាន​វាលស្រែ​ពណ៌​បៃតងខ្ចី​។ នៅ​ទីនោះ ប្តី​របស់ខ្ញុំ​បាន​ជួប​មិត្ត​ភ័ក្តិ​ឈ្មោះ លាង ជា​អតីត​អធិការ​ព​ន្ឋ​ដារ​។ លាង បាន​បញ្ចុះបញ្ចូល​គាត់​ឲ្យ​រត់ចេញ ប៉ុន្តែ​វា​ជិត​ដល់​ពេលដែល​ខ្ញុំ​ត្រូវ​សម្រាលកូន​។ ដូចនេះ ប្តី​របស់ខ្ញុំ​បាន​និយាយថា គាត់​នឹង​ពិចារណា​ឡើងវិញ​បន្ទាប់ពី​ខ្ញុំ​ឆ្លងទន្លេ​រួច​។ អ្នក​ដែល​បាន​រត់ចេញ​មិនដែល​ត្រឡប់មកផ្ទះ​វិញ​ទេ​។ កូនស្រី​របស់ខ្ញុំ​ឈ្មោះ​រា​ក្ខា ធ្វើការ​សាងសង់​ទំនប់​ធារាសាស្ត្រ ហើយ​មកលេង​យើង​នៅ​ឆ្នាំ​១៩៧៦​។ ខ្ញុំ​ព្យាយាម​បញ្ចុះបញ្ចូល​វា​មិន​ឲ្យ​ត្រឡប់​ទៅ​អង្គភាព​វិញ​ទេ ប៉ុន្តែ រា​ក្ខា វា​ភ័យខ្លាច ប្រធាន​អង្គភាព​របស់​វា​ដាក់ទោស ប្រសិនជា​វា​មិន​នៅក្នុង​អង្គភាព​។ អ៊ីចឹង វា​បាន​ត្រឡប់​ទៅ​អង្គភាព​វិញ ប៉ុន្តែ​ខ្ញុំ​មិនបាន​ឃើញ​វា​ម្តង​ទៀតឡើយ​។ បន្ទាប់ពី​របប​ខ្មែរក្រហម​ដួលរលំ​ទៅ ខ្ញុំ​បានដឹងថា វា​ស្លាប់​ដោយសារ​ការអត់ឃ្លាន​។​

អ៊ឹង សុ​ភ័​ក្រ នៅ​ខាងស្តាំ​ដៃ​បង្អស់ នៅក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍ បងប្អូន​នៅ​ឆ្នាំ​១៩៧៣

​ក្នុង​ឆ្នាំ​១៩៧៧ សាច់ញាតិ​ឆ្ងាយ​របស់​ប្តី​ខ្ញុំ​ម្នាក់​ឈ្មោះ ជួប បាន​ព្យាយាម​បញ្ចុះបញ្ចូល ប្តី​ខ្ញុំ ឲ្យ​រត់ចេញ​។ ជួប ធ្លាប់​ធ្វើជា​ទាហាន បានបង្ហាញ ប្តី​ខ្ញុំ​នូវ​កាំភ្លើង​វែង​មួយ​ដើម​ដែល​គាត់​បាន​លាក់​ទុកជា​យូរ​មកហើយ​។ ប្តី​របស់ខ្ញុំ​និយាយថា អត់​ទេ គាត់​ភ័យខ្លាច​ប្រសិនបើ​គាត់​រត់​ចេញទៅ កូនៗ និង​ប្រពន្ធ​របស់គាត់​ប្រាកដជា​អង្គការ​សម្លាប់ចោល​មិន​ខាន​។ ជួប បាន​ភៀសខ្លួន​ជាមួយ​អ្នកភូមិ​បីនាក់​ទៀត​។ តាំងពី​ពេលនោះ​មក​មិនមាន​នរណាម្នាក់​បានឃើញ​អ្នក​ទាំងបី​ឡើយ​។​

​យប់​មួយ​នោះ ប្តី​របស់ខ្ញុំ​បាន​យល់សប្តិ​ឃើញ​រឿង​ចម្លែក​មួយ​ថា គាត់​កំពុង​ថ្លែង​សុន្ទរកថា នៅក្នុង​អង្គប្រជុំ​មួយ ពេលនោះ​ស្រាប់តែ​ប្រជាជន​បាន​រត់​ចូលមក រួច​ចាប់​ចងដៃ​គាត់​ក្រៀក​ទៅក្រោយ​។ រំពេច​នោះ​មាន​ស្នូរ​ទះដៃ​ប្រាវ បន្ទាប់មក​ប្រទេសជាតិ​មាន​សន្តិភាព ។ នៅពេលដែល​គាត់​ភ្ញាក់ឡើង គាត់​បាន​ប្រមូល​ប្លង់​ផ្ទះ កូនសោ​រថយន្ត និង​ប័ណ្ណបើកបរ​យកទៅ​ដុតចោល​។​

​បី​ថ្ងៃ​ក្រោយមក គណ​:​សហករណ៍​បាន​ហៅ ប្តី​ខ្ញុំ​ឲ្យ​ទៅ​ចូលរួម​ប្រជុំ​មួយ​។ ខ្ញុំ​បាន​ឲ្យ​ក្រ​ម៉ា​គាត់​មួយ ប៉ុន្តែ​គាត់​ប្រាប់​ខ្ញុំ​ថា​ទុក​វិញ​ចុះ​។ គាត់​ថា “​មិនចាំបាច់​រក​ខ្ញុំ​ទេ ឥឡូវនេះ​វា​ជា​ជីវិតចុងក្រោយ​របស់ខ្ញុំ សូមជួយ​ថែរក្សា​កូនៗ​យើង​ទាំងអស់​ឲ្យ​បានល្អ​ផង​”​។ គាត់​បាន​ដើរ​ចេញពីផ្ទះ​ពីរ​បី​ជំ​ហ៊ាន រួច​ត្រឡប់មកវិញ​ហុច​ដែកកេះ​ឲ្យ​ខ្ញុំ គាត់​និយាយថា​គាត់​មិន​ត្រូវការ​វា​ទៀត​ទេ​។ ក្រោយមក​ខ្ញុំ​បាន​ឮថា ប្តី​របស់ខ្ញុំ​ត្រូវ​បានដាក់​នៅក្នុង​វត្ត​ព្រះនេត្រព្រះ​។ ខ្ញុំ​គិតថា​ក្មួយប្រុស​របស់ខ្ញុំ​បាន​រាយការណ៍​អំពី​គាត់ ប៉ុន្តែ​បន្ទាប់មក​ក្មួយ​របស់ខ្ញុំ​ក៏ត្រូវ​បាន​អង្គការ​ចាប់​យកទៅ​ដែរ​៕ ល​