ហួសចិត្ត​! បើកឡាន​ជាង​១០០ គីឡូម៉ែត្រ​ទើប​ដឹងថា​ភ្លេច​កូន​នៅ​ស្ថានីយ​ប្រេង​

1334
ចែករម្លែក
  • 1
    Share

​បុរស​ជនជាតិ​អាល្លឺម៉ង់​ម្នាក់​បាន​ភ្លេច​កូនស្រី​តូច​ពីរ​នាក់​របស់ខ្លួន​នៅ​ស្ថានីយប្រេងឥន្ធនៈ​អំឡុងពេល​ធ្វើដំណើរ​តាមផ្លូវ​ឆ្ពោះទៅ​ប្រទេស​អ៊ីតាលី ហើយ​មិនបាន​ចាប់អារម្មណ៍​សោះ​រហូត​ទាល់តែ គាត់​ឃើញ​ទូរស័ព្ទ​ស៊ីញ៉ូ ៤៨ ដង​ពី​ប៉ូលិស​។ ប៉ុន្តែ​ទម្រាំ​តែ​ដឹង គាត់​បើកបរ​បាន​ចម្ងាយ​ផ្លូវ​ដល់ ទៅ​ជាង ១៦០ គីឡូម៉ែត្រ​ចូលដល់​ទឹកដី​ប្រទេស​អូទ្រីស បាត់ទៅហើយ​។

​បុរស​រូបនេះ និង​កូនស្រី​របស់គាត់​ដែលមាន​អាយុ ១០ និង ១៤ ឆ្នាំ​បាន​ជិះ​រថយន្ត​ចេញពីផ្ទះ របស់​ពួកគេ​នៅ​ទីក្រុង​បូ​ណា​តា​ល (Baunatal) ប្រទេស​អាល្លឺម៉ង់​ភាគ​ខាងលិច​ទៅកាន់ រមណីយដ្ឋាន Lake Garda នៅ​ប្រទេស​អ៊ីតាលី សម្រាប់​ដំណើរ​កម្សាន្ត​ថ្ងៃបុណ្យ Easter​។​

​បុរស​វ័យ​៤៧​ឆ្នាំ​រូបនេះ​បាន​ឈប់​ចាក់​សាំង​នៅក្នុង​ទីក្រុង​ហូល​ស្គើ​ចេ​ន (Holzkirchen) នា​ភាគខាងត្បូង​ទីក្រុង​មូ​និ​ច (Munich) ប្រទេស​អាល្លឺម៉ង់ នៅ​ម៉ោង​ប្រហែល ៥ និង ២០ នាទី​ព្រឹក​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​កន្លងទៅ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់ The Times​។

គាត់​បាន​ត្រឡប់​ទៅ​រថយន្ដ Volkswagen របស់គាត់​វិញ បន្ទាប់ពី​បង់ប្រាក់​រួច ប៉ុន្តែ​មិនបាន ចាប់អារម្មណ៍​ថា​កូនស្រី​របស់គាត់​ចេញពី​រថយន្ត​ទៅ​បន្ទប់ទឹក​នោះទេ ហើយក៏​បើករថយន្ត ចេញទៅ​។​

​ពួកគេ​បាន​រង់ចាំ​ឪពុក​របស់ខ្លួន​ត្រឡប់មកវិញ​អស់​កន្លះ​ម៉ោង ប៉ុន្តែ​បាន​ទៅ​ពឹង​ឱ្យ​បុគ្គលិក​ស្ថានីយ ប្រេងឥន្ធនៈ​ជួយ​អន្តរាគមន៍ នៅពេល​ពួកគេ​ដឹងថា​ឪពុក​បាន​ភ្លេច​ពួកគេ​។ ដោយមាន​ការជួយ ខ្នះខ្នែង ពី​បុគ្គលិក​ស្ថានីយប្រេងឥន្ធនៈ និង​ប៉ូលិស ទីបំផុត ៣ នាក់​ឪពុក​កូន​បាន​ជួបជុំគ្នា​វិញ នៅ​ជាង ៣ ម៉ោង​ក្រោយ​៕ ប្រែ​សម្រួល​: ខុម​