ប្រើពេល​ស្ទើរតែ​១​ថ្ងៃ វែក​ព្រៃ​រក​កាំភ្លើង​ដែល​បាញ់សម្លាប់​មនុស្ស​៣​នាក់ នៅ​ចំណុច​អូរ​រ​លែ​

2180
ចែករម្លែក

​ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: អាវុធ​មួយ​ចុងក្រោយ​ក្នុងចំណោម​អាវុធ​ទាំងបី​ដើម របស់​ជនដៃដល់​ក្នុង​អំពើ​បាញ់សម្លាប់​មន្ត្រី​ការពារ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី ត្រូវបាន​រកឃើញ​ហើយ កាលពី​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៨ ដោយ​ប្រើ​កម្លាំង​សមត្ថកិច្ច​ជិត​៥០​នាក់​។

​ប្រភពពី​នគរបាល​នៃ​វរៈ​កា​ពារ​ព្រំដែន​លេខ​៦២១ បានឱ្យដឹងថា នៅ​ថ្ងៃ​៥​មេសា សមត្ថកិច្ច​ចម្រុះ​ប្រមាណ​៤៥​នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ បាន​យាមកាម​ដំណើរ​នាំ​ជនសង្ស័យ​ឈ្មោះ កើត វេហា ហៅ​ឆៃ ឆ្ពោះទៅ​ចំណុច​អូរ​រ​លែ ជាប់​ព្រំដែន​កម្ពុជា​វៀតណាម ដើម្បី​រុករក​កាំភ្លើង​១​ដើម ដែល​ជនសង្ស័យ​លាក់ទុក​ក្រោយ​សកម្មភាព​បាញ់សម្លាប់​មនុស្ស​រហូតដល់​ទៅ​៣​នាក់ ក្រោម​ការដឹកនាំ​ពី​ចៅក្រម​ស៊ើបសួរ​លោក​យ៉ា ណារិន​។

​ប្រភព​ដដែល​បន្តថា ការរុករក​កាំភ្លើង​នោះ គឺ​ប្រើពេល​ពេញ​១​ថ្ងៃ ដោយ​ប្រើ​កម្លាំងប្រដាប់អាវុធ​ទាំងអស់​កាប់ឆ្ការ​ព្រៃ ចំណុច​ជនសង្ស័យ​ចង្អុល​ប្រាប់​។ ប៉ុន្តែ​ដោយសារតែ​ការ​ភ្លេចភ្លាំង​របស់​ជនសង្ស័យ​នៅពេល​លាក់​នោះ ទើប​ការរុករក មាន​ផល​លំបាក ព្រោះ​រក​មិន​ងាយ​ឃើញ​។ មន្ត្រីនគរបាល​ដដែល​បញ្ជាក់ថា នៅ​ម៉ោង​ប្រមាណ​ជា​០៣​រសៀល​ថ្ងៃ​ដដែល កាំភ្លើង​របស់​ជនសង្ស័យ​ត្រូវ​រុករក​ឃើញ​ដោយ​ចៃដន្យ ក្នុងព្រៃ​មាត់​អូរ​ទឹក​លយ ចូលក្នុង​ទឹកដី​ប្រទេស​វៀតណាម​។

ប្រភពពី​អធិការនគរបាល​ស្រុក​អូររាំង លោក ប៊ូ ប៊ុន​ឈា​ត ប្រាប់ថា កាំភ្លើង​ដែល​យើង​រុក​រកឃើញ​មួយ​ដើម​ចុងក្រោយ​នោះ ម៉ាក AK ស្វៃ​បត់ មាន​លេខ​២៣២៥៤៥ គ្មាន​បង់ ជា​កម្ម​សិទ្ធិ​របស់​ឈ្មោះ​កើត វេហា ដែល​ឈ្មោះ​ ផល ពេញ ជា​ជនដៃដល់​ដោះយក​បង់ និង​បញ្ជា​ឱ្យ​យកទៅ​លាក់​បំបាត់ភស្តុតាង​។

​ពាក់ព័ន្ធ​នឹង​ដំណើរ​នៃ​ការរុករក​អាវុធ​​នោះ​ លោក ​យ៉ា ណារិន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តមណ្ឌលគិរី ថ្លែងប្រាប់​អ្នកកាសែត​ថា ពាក់ព័ន្ធ​និង​សំណុំរឿង​ឃាតកម្ម​នេះ មិនទាន់​បើក​សាវ​នា​ការជំនុំជម្រះ​នៅឡើយ អាច​ជំនុំ​ជំ​រះ​នៅក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។ លោ​កថា​ចំពោះ​កាំភ្លើង​ដែល​រកឃើញ​នោះ​គឺ​ស្ថិតក្នុង​ទឹកដី​ប្រទេស​វៀតណាម និង​បន្ត​យកមក​រក្សាទុក​នៅ​សាលាដំបូង ដើម្បី​បន្ត​នីតិ​វិធី​បន្ថែមទៀត​។

គួររំលឹកថា​ករណី​ឃាតកម្ម​ដ៏​សាហាវ​មួយ​បាន​កើតឡើង​ក្នុងព្រៃ​ជ្រៅ​ចំណុច​អូរ​រ​លែ ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូ​រាំង​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​៣០​ខែមករា​ឆ្នាំ​២០១៨​កន្លងទៅ​។ ក្នុង​ព្រឹត្តិការ​បាញ់សម្លាប់​នោះ​ជនរងគ្រោះ​០៣​នាក់​បាន​ស្លាប់​ក្នុងនោះ ១-​ឈ្មោះ តើន សុខ​ណៃ ភេទ​ប្រុស មន្ត្រី​បរិស្ថាន នៅ​អង្គការ wcs ស្លាប់​នៅ​ហ្នឹង​កន្លែង ២-​ឈ្មោះ សេក វ​ឌ្ឍ​នា មន្ត្រី​អាវុធហត្ថ​ស្លាប់​នៅ​ហ្នឹង​កន្លែង និង​៣-​ឈ្មោះ ថុល ខ្នា មន្ត្រី​GPS របស់​អង្គការ wcs ស្លាប់​នៅពេល​បញ្ជូន​មកដល់​ម​ន្ទីរ​ពេទ្យ​ខេត្ត ។​
​ជនដៃដល់​និង​អ្នកពាក់ព័ន្ធ​ចំនួន​០៦​នាក់​ក៏ត្រូវ​បាន​ចាប់​ជា​បន្តបន្ទាប់​ក្រោយ​ហេតុ​ការ​តែ​ប៉ុន្មាន​ថ្ងៃ ហើយ​បច្ចុប្បន្នកំពុង​ស្ថិតក្នុង​ការឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្តមណ្ឌលគិរី រង់ចាំ​បើក​ការជំនុំជម្រះ​ក្តី​បន្ត ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម