បិទ​ស្ថាន​កុងស៊ុល​ចិន​នៅ​ហោ​ស្តុន ជា​ជា​ល្បែង​បោះឆ្នោត​របស់​ត្រាំ​?

364
ចែករម្លែក

​ចំណាត់ការ​របស់​រដ្ឋាភិបាល​អាម៉េរិក​ក្នុង​ការបិទ​ស្ថាន​កុងស៊ុល​ចិន​ប្រចាំ​ក្រុង​ហោ​ស្តុន រដ្ឋ​តិច​សាស់ ជា​ការប៉ុនប៉ង​មួយ​ដើម្បី​ទម្លាក់​កំហុស​លើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចំពោះ​បរាជ័យ​របស់​សហរដ្ឋ​អាម៉េរិក​​នៅ​មុន​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ខែវិច្ឆិកា នេះ​បើ​តាម​សារព័ត៌មាន​រដ្ឋ​ចិន​បាន​និយាយ​នៅក្នុង​បទ​អត្ថាធិប្បាយ​របស់​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​កក្កដា​។​

​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​ពុធ​បាន​ទុក​ពេល​អោយ​ចិន​៧២​ម៉ោង​ដើម្បី​បិទ​ស្ថាន​ក្នុងស៊ុល​នេះ «​ដើម្បី​ការពារ​ទ្រព្យ​កម្មសិទ្ធិបញ្ញា និង​ព័ត៌មាន​ឯកជន​អាម៉េរិក​»​។​

​ការសំរេចចិត្ត​នេះ​កត់សំគាល់​កំណើន​ភាព​តានតឹង​យ៉ាងគំហុក​មួយ​នៃ​ទំនាក់ទំនង​ការទូត​រវាង​មហាអំណាច​ផុត​លេខ​ទាំងពីរ ចំ​ពេល​មាន​ការចោទប្រកាន់​ថ្មីៗ​ថា​ចិន​ធ្វើ​ចារកម្ម​យក​ការណ៍​នៅ​ក្នុង​​សហរដ្ឋ​អាម៉េរិក​និង​ការអំពាវនាវ​របស់​រដ្ឋមន្ត្រីការបរទេ​ស​អាម៉េរិកអោយ​សម្ពន្ធភា​ពពិភពលោក​ថ្មី​មួយ​ងើបឈរ​ប្រឆាំង​ចិន​។​

​វា​បាន​កើតឡើង​តែ​មួយ​ថ្ងៃ​បន្ទាប់ពី​ក្រសួង​យុត្តិធម៌​អាម៉េរិក ចោទប្រកាន់​ផ្លូវការ​លើ​ជនជាតិ​ចិន​២​នាក់​ចំពោះ​ការ​ចូល​លួច​ទិន្នន័យ​ក្នុង​ក្រុមហ៊ុន​រាប់រយ​និង​ប៉ុនប៉ង​លួច​ព័ត៌មាន​អំពី​ការ​សិក្សា​ស្រាវជ្រាវ​​បង្កើត​វ៉ាក់សាំង​កូរ៉ូណា​។​

​ស្ថានទូត​ចិន​ប្រចាំ​អាម៉េរិក បាន​ពណ៌នា​ចំណា​ត់បិទ​ស្ថាន​កុងស៊ុល​នេះ ថា​ជា​«​ការបង្ក​រឿង​នយោបាយ​មួយ​» និង​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​«​ដកចេញ​ការសំរេចចិត្ត​នេះ​ជា​បន្ទាន់​»​។​

​ចំណែក​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី ហួរ ជុន​យី​ង បាន​សរសេរ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ទ្វី​ត​ធឺ​ថា «​ចិន​នឹង​ប្រាកដ​ជា​ប្រតិកម្ម​តប​យ៉ាង​មុតមាំ​»​។​

​ក្នុងពេល​ជាមួយគ្នា កាសែត​ចិន​ជា​ភាសា​អង់គ្លេស​China Daily​បាន​ពណ៌នា​ចំណាត់ការ​របស់​រដ្ឋាភិបាល​របស់​ត្រាំ​នេះ​ថា​ជា​«​ល្បែង​ថ្មី​មួយ​ក្នុង​ការប៉ុនប៉ង​របស់​រដ្ឋការ​អាម៉េរិក​ដើម្បី​លាន​ពណ៌​ចិន​ថា​ជា​​តួ​ចិត្តអាក្រក់​ម្នាក់​នៅលើ​ឆាក​អន្តរជាតិ និង​ដូច្នេះ​ធ្វើអោយ​ចិន​ក្លាយ​ជា​ជន​ខុសច្បាប់​មួយ​ចំពោះ​សហគមន៍​អន្តរជាតិ​»​។​

​កាសែត​បាន​បន្តថា « ចំណាត់ការ​នេះ​បង្ហាញថា ដោយសារ​តែ​សម្លេង​គាំទ្រ​នៅ​ពីក្រោយ​គូប្រជែង​ប្រធានាធិបតី​នៅក្នុង​ការស្ទង់មតិ​…​មេដឹកនាំ​អាម៉េរិក​កំពុង​ប្រឹងប្រែង​ពេញទំហឹង​និង​រក​គ្រប់​វិធី​ដើម្បី​​ពណ៌នា​ចិន​ថា​ជា​ភ្នាក់ងារ​បិសាច​»​។​

​ចំណែក​កាសែត​The Global Times​ដែល​ក៏​ជា​កាសែត​ភាសា​អង់គ្លេស​គ្រប់គ្រង​ដោយ​កាសែត​People’s Daily​របស់​បក្ស​កុំម្មុយនីស្ត​ចិន ក៏​បាន​ចោទប្រកាន់ ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ ថា​​កំពុង​លេង​ល្បែង​នយោបាយ គឺថា​« ការបោះឆ្នោត​ប្រធានាធិបតី​ខែវិច្ឆិកា ជំរុញ​អោយ​វ៉ាស៊ីនតោន​ឆ្កួត​អស់​»​។​

​ក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ស្ថានទូត​ចិន​នៅ​វ៉ាស៊ីនតោន​បាន​ចោទប្រកាន់​អាម៉េរិក​ថា «​មួលបង្កាច់​គ្មាន​ហេតុផល​»​អំពី​អំពើ​របស់​ស្ថាន​បេសកកម្ម​ទូត​ចិន និង​បាន​ទទូច​អោយ​«​ដកចេញ​​ការសំរេចចិត្ត​ខុសឆ្គង​នេះ​ជា​បន្ទាន់​»​។​

​ការ​បញ្ជា​អោយ​បិទ​ស្ថាន​កុងស៊ុល​នេះ ជា​ចំណាត់ការ​បង្ករឿង​មួយទៀត​នៅ​ក្នុង​សង្គ្រាម​រវាង​អាម៉េរិក​និង​ចិន​ប៉េកាំង ដែល​កំពុង​ប្រជែង​គ្នា​រក​ឧត្តមភាព​សេដ្ឋកិច្ច​និង​បច្ចេកវិទ្យា​ដោយ​ទំនង​ជា​កំពុង​​បង្ក​បង្កើត​ជា​សង្គ្រាមត្រជាក់​ថ្មី​មួយ ។​

​ការចោទប្រកាន់​ថា​ចិន​ព្យាយាម​ធ្វើ​ចារកម្ម​សេដ្ឋកិច្ច​ទំនង​ជា​ហេតុផល​ចម្បង​នៃ​ចំណាត់ការ​ចុងក្រោយ​នេះ តែ​វា​កើត​ឡើង​នៅ​ពីមុខ​សវ​តា​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​លើ​រណសិរ្ស​ជាច្រើន​មាន​តាំង​ពី​ពាណិជ្ជ​​កម្ម ហុងកុង កូវី​ដ​១៩ តំប​ន់​ស៊ីន​ជាំ​ង​និង​សមុទ្រ​ចិន​ខាងត្បូង​។​បើ​តាម​អ្នកវិភាគ​ដោយ​សល់​ពេល​តែ​១០០​ថ្ងៃមុន​ចូលដល់​ថ្ងៃ​បោះឆ្នោត​លោក​ត្រាំ​បាន​ព្យាយាម​យក​ទំនាក់ទំនង​របស់​អាម៉េរិក​ជាមួយ​ចិន​​ជា​ប្រធានបទ​ស្នូល​មួយ​នៃ​យុទ្ធនាការ​របស់លោក ដោយ​ថែម​ទាំង​បាន​ចោទប្រកាន់​គូប្រជែង​ប្រធានាធិបតី ចូ បៃ​ដិន ថា​«​ទន់ជ្រាយ​»​ជាមួយ​ចិន​ថែម​ទៀត​៕​ប្រែ​សម្រួល​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម