ម៉ាក​ហ្គ្រេ​ហ្គ័​រ ប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស បន្ទាប់ពី​វាយ​បំបែក​កញ្ចក់​រថយន្តក្រុង​របស់​គូប្រជែង​

1164
ចែករម្លែក

​ខូ​ន័​រ ម៉ាក​ហ្គ្រេ​ហ្គ័​រ បានប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស បន្ទាប់ពី​បង្ក​ការរំខាន​នៅ​ខាងក្រោយ​ឆាក​នៅឯ​សន្និសីទ​សារព័ត៌មាន​របស់ UFC 223 នៅ​បុរី​ញូវយ៉ក​។​

​ប៉ូលិស​ចង់​សាកសួរ​ម៉ាក​ហ្គ្រេ​ហ្គ័​រ បន្ទាប់ពី​វីដេអូ​លេចឡើង​តាម​អ៊ី​ន​ធឺ​ណេ​ត​បានបង្ហាញ កីឡាករ​វាយ​ក្នុង​ទ្រុង​រូបនេះ​បាន​គប់​រទេះរុញ​ទំនិញ​ដាក់​រថយន្តក្រុង ដែល​ដឹក​អ្នក​ប្រដាល់​គូប្រជែង ចេញពី​មណ្ឌល​បា​ក្លេ នៅ​សង្កាត់​ប្រូ​ក​គ្លី​ន នៃ​ទីក្រុង​ញូវយ៉ក​។​

​អ្នកនាំពាក្យ​របស់​ប៉ូលិស​ក្រុង​ញូវយ៉ក​បាន​បញ្ជាក់ថា អ្នក​ប្រយុទ្ធ​អៀរ​ឡង់​រូបនេះ​បានប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស​ហើយ ដោយ​បន្ថែមថា គាត់​មិន​ត្រូវបាន​ចោទប្រកាន់​ទេ និង​និយាយថា ការស៊ើបអង្កេត​កំពុង​បន្តធ្វើ​។​

​នៅ​ថ្ងៃ​ដែល​កីឡាករ​អាយុ ២៩ ឆ្នាំ​រូបនេះ​ត្រូវបាន​ដកហូតយក​ខ្សែក្រវាត់​ទម្ងន់​ស្រាល​ក្របខណ្ឌ UFC របស់ខ្លួន ម៉ាក​ហ្គ្រេ​ហ្គ័​រ និង​បរិវារ​ម្នាក់​របស់ខ្លួន ត្រូវគេ​ប្រទះឃើញ​ក្នុង​សន្និសីទកាសែត​មួយ​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​ថ្ងៃ​សៅរ៍​ខាងមុខ​រវាង កីឡាករ ខា​ប៊ី​ប នួ​ម៉ា​ហ្គ​មេ​ដូ​វ (Khabib Nurmagomedov) និង ម៉ាក់ ហូ​ឡូ​វ៉េ (Max Holloway)​។​

​វីដេអូ​មួយ​បាន​លេចឡើង​យ៉ាង​ឆាប់រហ័ស​នៅលើ​អ៊ី​ន​ស្តា​ក្រាម​របស់​អ្នក​ប្រដាល់​ក្នុង​ទ្រុង​មិនសូវ​ល្បី ហ្វេ​លី​ស ហឺ​រីក (Felice Herrig) ជាមួយ​ចំណងជើង​ថា “​ខូ​ន័​រ ម៉ាក​ហ្គ្រេ​ហ្គ័​រ កំពុង​បង្កបញ្ហា​”​។​

​ប៉ូលិស​បាន​និយាយថា មនុស្សម្នា​ក់បាន​រងរ​បួស​នៅពេលដែល​បង្អួច​រថយន្ត​ក្រុង​ត្រូវបាន​វាយ​បំបែក ហើយ​ឈុត​ឆាក​ដ៏​ចលាចល​នេះ​បាន​ឱ្យគេ​សម្រេចចិត្ត​លុបចោល​ការប្រកួត​ចំនួន ៣ នៅ​ចុង​សប្តាហ៍​នេះ​៕ ដោយ៖ កញ្ញាដាលីស

ខូ​ន័​រ ម៉ាក​ហ្គ្រេ​ហ្គ័​រ ប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស បន្ទាប់ពី​បង្កហេតុ​វាយ​បំបែក​កញ្ចក់​ឡានក្រុង​គូប្រជែង​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​៥ មេសា

ទីតាំងផ្សាយពាណិជ្ជកម្ម