ថៃ​បន្ត​អនុវត្ត​ច្បាប់​គ្រាអាសន្ន​រហូតដល់​ដំណាច់​ខែ​សីហា​

336
ចែករម្លែក

​ថៃ​គ្រោង​នឹង​បន្លាយពេល​នៃ​ការអនុវត្ត​ច្បាប់​គ្រាអាសន្ន​របស់​ខ្លួន​រយៈ​ពេល​មួយ​ខែ​គឺ​រហូត​ដល់​ដំណាច់​ខែ​សីហា ដោយ​លើក​ហេតុផល​ថា​វា​ជា​ការចាំបាច់​ដើម្បី​គ្រប់គ្រង​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩ ឱ្យមាន​​ប្រសិទ្ធភាព នៅពេល​ដែល​ប្រទេស​នេះ​បើក​ព្រំដែន​របស់​ខ្លួន​បន្តិច​ម្តងៗ​ឡើងវិញ​។​

​លោក​សំ​សាក់ រុង​ស៊ី​តា អគ្គលេខាធិការ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២២ ខែកក្កដា​ថា​”​វា​ចាំបាច់​សម្រាប់​យើង​បើក​ប្រទេស​របស់​យើង​បន្ថែម​ទៀត​ឡើងវិញ​ដើម្បី​ធ្វើឱ្យ​សេដ្ឋ​​កិច្ច​រស់​ឡើង​វិញ ។​មធ្យោបាយ​តែ​មួយគត់ យើង​ត្រូវ​ដោះស្រាយ​ស្ថានភាព​នេះ​ដោយ​អនុវត្ត​ច្បាប់​គ្រាអាសន្ន​នេះ​”​។​

​លោក​បាន​សន្យា​ថា​ក្រុម​អាជ្ញាធរ​នឹង​មិន​ប្រើ​ច្បាប់​នេះ​ដើម្បី​ហាមឃាត់​ការប្រមូលផ្តុំ​សាធារណៈ​ទេ​។ ការលើក​បែប​នេះ​ត្រូវបាន​គេ​ជឿ​ថា​ជា​ការឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​មុន ៗ​ដែល​ថា​ច្បាប់​នេះ​ត្រូវ​​បាន​យក​ទៅ​គ្រប់គ្រង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែលមាន​សកម្មភាព​កើនឡើង​។​

​គណៈរដ្ឋមន្ត្រី​ត្រូវ​បាន​គេ​រំពឹងថា​នឹង​អនុម័ត​ការបន្ថែម​ពេល​នៃ​ការអនុវត្ត​ច្បាប់​នេះ​នៅ​ថ្ងៃ​អង្គារ​ខាងមុខនេះ​។​

​ថៃ​មិន​មាន​ការឆ្លង​វីរុស​ក្នុងស្រុក​អស់​រយៈពេល​២​ខែ​ប៉ុន្តែ តែ​ចលាចល​នយោបាយ​ទ្រង់ទ្រាយ​តូចៗ​កំពុង​កើនឡើង​។​

​នាយករដ្ឋមន្ត្រី លោក ប្រា​យុទ្ធ ចាន់​អូ​ចា កំពុង​ត្រួតពិនិត្យ​មើល​ការរុះរើ​គណៈរដ្ឋមន្ត្រី​បន្ទាប់​ពី​រដ្ឋមន្ត្រី​៦​នាក់​បាន​លាឈប់​កាលពី​សប្តាហ៍​មុន​ចំ​ពេល​មាន​ភាពចលាចល​នៅក្នុង​គណបក្ស​កាន់អំណាច​។​

​ទន្ទឹមនឹងនេះ​ដែរ ការតវ៉ា​ដែល​ដឹកនាំ​ដោយ​និស្សិត​បាន​ផ្ទុះឡើង​នៅ​ទូទាំង​ប្រទេស​នេះ​។ មនុស្ស​ជាង ២.០០០ នាក់​បាន​ប្រមូលផ្តុំ​តវ៉ា​នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​សៅរ៍​ទី​១៨​ខែ​កក្កដា​ដើម្បី​ទាមទារ​ឱ្យ​​រំលាយ​សភា​និង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​។​

​គិត​រហូត​ដល់​ពេល​នេះ ប្រទេស​ថៃ​មាន​ករណី​ឆ្លង​វីរុស​សរុប​ចំនួន​៣.២៦៩ នាក់​និង​មាន​អ្នកស្លាប់​សរុប​ដោយ​ជំងឺ​នេះ​ចំនួន​៥៨​នាក់​៕

​អ្នកដំណើរ​ពាក់​ម៉ាស់​មុខ​ដើរ​នៅ​លើ​ស្ពាន​ថ្មើរជើង​មួយ​នៅ​ទីក្រុង​បាងកក​កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម