មោទនភាព​សម្រាប់​កម្ពុ​ជា សហគ្រិន​វ័យក្មេង​ខ្មែរ​ពីររូប​បានបញ្ចប់​ការសិក្សា​សេដ្ឋកិច្ច ពី​សាលា​ពាណិជ្ជ​សាស្ត្រ របស់​មហាសេដ្ឋី​ចិន ជេ​ក ម៉ា​

1879
ចែករម្លែក
  • 23
    Shares

ដោយ​: សុផល / ភ្នំពេញ​: វគ្គ​បណ្តុះបណ្តាល​កម្មវិធី​គំនិត​ផ្តួចផ្តើម​អ៊ី​ហ្វោ​ន​ឌ័​រ (eFounders) សម្រាប់​សហគ្រិន​អាស៊ី​ដែល​រួមមាន​សហគ្រិន​កម្ពុជា​ពីររូប​ដែរនោះ បានបញ្ចប់​ដោយ​ជោគជ័យ កាលពី​ថ្ងៃទី​៥ ខែ មេសា ឆ្នាំ​២០១៨ នាទី​ក្រុង ហាន​ចូ​វ ប្រទេស​ចិន បន្ទាប់ពី​សិក្សា​អស់​រយៈពេល​១១​ថ្ងៃ​។

​កម្មវិធី​បណ្តុះបណ្តាល​នេះ ជា​គំនិត​ផ្តួចផ្តើម​រួមគ្នា​របស់​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម​និង​ការអភិវឌ្ឍ​(UNCTAD)​និង​សាលា​ពាណិជ្ជ​សាស្ត្រ​អា​លី​បា​បា ក្នុង​គោលបំណង​គោលបំណង​ដើម្បី​បំពេញ​ចន្លោះប្រហោង​ឌីជីថល​សម្រាប់​សហគ្រិន​វ័យក្មេង និង​ស្វែងរក​នូវ​សក្តានុពល​របស់​ពួកគេ​។​លោក​មហាសេដ្ឋី​ជំនួញ ជេ​ក ម៉ា បាន​ចូលរួម​បង្រៀន និង​ចែករម្លែក​បទពិសោធន៍​ជោគជ័យ​និង​បរាជ័យ​ដោយផ្ទាល់​ដល់​សហគ្រិន​វ័យក្មេង​ដែលជា​អ្នកទទួល​អាហារូបករណ៍​មកពី​ប្រទេស​អាស៊ី​។​

​ជាមួយនឹង​ការបិទ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​នៃ​កម្មវិធី eFounders លើក​ទី​ពីរ​នេះ គឺជា​ជំហាន​ថ្មី​មួយទៀត​ដើម្បី​ខិត​ទៅរក​ការបំពេញ​បាន​នូវ​ការប្តេជ្ញាចិត្ត​របស់លោក Jack Ma ស្ថាបនិក និង​ជា​ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​Alibaba Group ក្នុងនាម​លោក​ជាទី​ប្រឹក្សា​ពិសេស​របស់ UNCTAD សម្រាប់​សហគ្រិន​វ័យក្មេង និង​អាជីវកម្ម​ខ្នាតតូច​។​

​ក្នុង​រយៈពេល ៥​ឆ្នាំ ខាងមុខ​ទៀត ក្រុមហ៊ុន Alibaba និង UNCTAD នឹង​ជួយ​ពង្រឹងសមត្ថភាព​និង​លើកកម្ពស់​សិទ្ធិអំណាច​ដ​ល់​សហគ្រិន​ចំនួន ១០០០​នាក់ នៅតាម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​ការវិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល​ដើម្បី​ធ្វើការ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​ប្រកបដោយ​និរន្ត​ភាព​។​

លោកស្រី​អា​ឡេ​ត វើ​ផ្លូ​ហ្វ​( Arlette Verploegh) អ្នកសម្របសម្រួល​កម្ម​វិធី​គំនិត​ផ្តួចផ្តើម eFounders របស់ UNCTAD បាន​ថ្លែងថា​៖ «​ស្មារតី​ដ៏​ស្វាហាប់ មោះមុត និង​ភាព​ច្នៃប្រឌិត​របស់​សហគ្រិន​វ័យក្មេង និង​វិធីសាស្ត្រ​ដែល​ផ្តល់​ការយកចិត្តទុកដាក់រ​វាង​គ្នា​នឹង​គ្នា​ដែល​ពួកគេ​បានបង្ហាញ​ដើម្បី​គាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នេះ គឺ​កំពុងតែ​ស្ថិតនៅ​លើផ្លូវ​មួយ​ដ៏​ត្រឹមត្រូវ ហើយ​ក៏បាន​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ចូលរួម​កាន់តែ​សកម្ម​ថែមទៀត​ដែរ​»​។​

​លោកស្រី​បាន​បន្ថែមថា «​រឿងរ៉ាវ និង​បទពិសោធន៍​របស់​ពួកគេ​ពិតជា​បានផ្តល់​នូវ​ការជំរុញ​ទឹកចិត្ត និង​ផ្តល់នូវ​គំរូ​មួយ​យ៉ាងពិត​ប្រាកដ​ដែល​អាច​ឲ្យ​មនុស្ស​ជំនាន់​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​ទាំងអស់នេះ​ដើម្បី​បង្កើត​ឱកាស​សេដ្ឋកិច្ច​សម្រាប់​ជា​ប្រយោជន៍​ដល់​សហគមន៍​របស់​ពួកគេ​»​។

​សហគ្រិន​អាស៊ី​ចំនួន​៣៧​នាក់ ដែល​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​ក្នុងនោះ​មាន​សហគ្រិន​២​រូប ដែល​ពួកគាត់​មកពី​ប្រទេស​កម្ពុជា​គឺ​លោក ជា ឡង់​ដា ជា​ស្ថាបនិក​ក្រុមហ៊ុន​BookMeBus ដែល​ផ្តល់ជូន​ការលក់​សំបុត្រ​តាម​អន​ឡាញ​សម្រាប់​អ្នកធ្វើដំណើរ​តាមរយៈ​រថយន្តក្រុង​ក្នុងប្រទេស​កម្ពុជា​និង​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​ថៃ វៀតណាម​និង​ឡាវ​និង​លោក ស៊ឹម ចាន់​គី​រី​រ័ត្ន ជា​ស្ថាបនិក​ក្រុមហ៊ុន​បញ្ជី (BanhJi) ដែលជា​ក្រុមហ៊ុន​គណនេយ្យ​មួយ​ត្រូវបាន​បង្កើតឡើង​សម្រាប់​តម្រូវការ​ជាក់លាក់​របស់​សហគ្រាស​ខ្នាតតូច​និង​មធ្យម​ក្នុង​តំបន់​អាស៊ាន​។​

​ឆ្លងកាត់​វគ្គ​សិក្សា​អស់​រយៈពេល ១១​ថ្ងៃនេះ សហគ្រិន​អាស៊ី​ទាំងអស់​ទទួលបាន​ទស្សនៈទាន​និង​ចំណេះដឹង​មូលដ្ឋាន​ជាច្រើន​និង​បាន​ទៅធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីតាំង​ក្រុមហ៊ុន​ផ្សេងៗ និង​បាន​ចូលរួម​ក្នុង​វគ្គ​សិក្សា​ដើម្បី​ស្វែងយល់​ពី​ការវិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល​របស់​ប្រទេស​ចិន​ដែល​បាន​ឆ្លងកាត់​ក្នុង​រយៈពេល ២០​ឆ្នាំ​ចុង​ក្រោយនេះ​។​

ដោយ​ប្រើប្រាស់​ក្រុមហ៊ុន​អា​លី​បា​បា ជា​គំរូ​នៃ​ការសិក្សា​រួម​ជាមួយនឹង​ការចូលរួម​ក្នុង​កិច្ចប្រជុំ​នានា​និង​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅកាន់​ក្រុមហ៊ុន​ដែល​ទើបតែ​បាន​បង្កើតឡើង​ថ្មីៗ​(Start Ups) និង សាលា​ពាណិជ្ជ​សាស្ត្រ ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច សិក្ខាកាម បាន​វិភាគ​លើ​ប្រព័ន្ធ​សេដ្ឋកិច្ច និង​ដំណោះស្រាយ​របស់​ក្រុមហ៊ុន Alibaba រួមមាន Taobao Marketplace, Tmall, Alibaba.com, Cainiao Network, Hema និង Fliggy ក៏ដូចជា​និន្នាការ និង​ការអភិវឌ្ឍ​ថ្មីៗ​របស់​ឧស្សាហកម្ម​មួយ​នេះ​ដូចជា ការលក់​រាយ (New Retail) វិស័យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​នៅ​ជនបទ និង​ការលេចឡើង​ថ្មីៗ​នូវ​សេវាកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ជាដើម​។​

​តាមរយៈ​វគ្គ​សិក្សា​ដែលមាន​ការចូលរួម​យ៉ាង​សកម្មភាព និង​ផុសផុល​នេះ សិក្ខាកាម​បានទទួល​ចំណេះដឹង​ទាក់ទង​នឹង​ការ​ត្រិះរិះ​ពិចារណា​យ៉ាង​ល្អិតល្អន់​ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Alibaba Group ដើម្បី​ជួយ​គាំទ្រ​ពង្រឹង និង​ពង្រីក​សេដ្ឋកិច្ច​ឌីជីថល​នៅក្នុង​ប្រទេស​ចិន និង​ពិនិត្យមើល​ពី​របៀប​ដែល​ពួកគេ​អាច​យក​មេរៀន និង​បទពិសោធន៍​ទាំងអស់​នោះមក​អនុវត្ត​នៅក្នុង​ទីផ្សារ​ក្នុងប្រទេស​កំណើត​របស់​ពួកគេ​។​

​លោក​ប្រៀន វ៉ុ​ង Brian Wong អនុប្រធាន​ក្រុមហ៊ុន Alibaba Group ដែល​ដឹកនាំ​កម្មវិធី​គំនិត​ផ្តួចផ្តើម​ជាស​កល​មួយ​នេះ​បាន​លើកឡើងថា​«​យើង​ចង់​លើកកម្ពស់ និង​ផ្តល់​សិទ្ធិអំណាច​ដល់​សហគ្រិន​ឆ្នើម​ទាំងនេះ​ឲ្យ​ទទួលបាន​នូវ​ទស្សនាទាន​ថ្មីៗ និង​ផ្តល់នូវ​គន្លឹះ​សម្រាប់​ទទួលបាន​ភាពជោគជ័យ​តាមរយៈ​ការ​ផ្តល់នូវ​ការអនុវត្ត​ដែល​ផ្សារភ្ជាប់​ទៅនឹង​ទ្រឹស្តី​ប្រកបដោយ​ទេពកោសល្យ​ដ៏​ល្អ​បំផុត និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង​ជាមួយ Alibaba និង​បណ្តាញ​ដៃគូ​ជាច្រើន​ទៀត​របស់​យើង​»​។​

​លោក​បន្តថា « ការពិភាក្សា​យ៉ាង​ម៉ត់ចត់​របស់​ពួកគេ​អំពី​បញ្ហា​និង​សំណួរ​ផ្សេងៗ​ដើម្បី​ស្វែងយល់​ពី​ការវិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល​នៅក្នុង​ប្រទេស​ចិន បាន​ជួយ​ពួកគេ​ឱ្យ​រកឃើញ​គំនិតល្អៗ និង​វិធីសាស្ត្រ​ថ្មីៗ​ជា​គំរូ​សម្រាប់​ការចូលរួម​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សម្រាប់​អាជីវកម្ម​ផ្ទាល់ខ្លួន​របស់​ពួកគេ និង​ដើម្បី​ផល​បម្រើ​ផលប្រយោជន៍​សហគមន៍​របស់​ពួកគេ​នៅក្នុង​ប្រទេស​កំណើត​រប​ស់​ខ្លួន​»​។​

​រឹតតែ​ល្អប្រសើរ​ទៅទៀត​នោះ សិក្ខាកាម​បាន​ជួប​ក្រុម​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Alibaba និង​ភាគី​ពាក់ព័ន្ធ​ដែល​ទទួលបាន​ភាពជោគជ័យ​ខាង​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច ដូចជា PayTM អ្នកផ្តល់​សេវាកម្ម eWallet ឈានមុខ​គេ​របស់​ឥណ្ឌា និង Lazada ដែលជា​វេទិកា​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ដ៏​ធំ​បំផុត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

​លើសពីនេះទៅទៀត សិក្ខាកាម​ទាំងអស់ បានធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីតាំង​ជាច្រើន​របស់​ក្រុមហ៊ុន​អា​លី​បា​បា ដូចជា​៖Hema Fresh​ដើម្បី​ទទួលបាន​បទពិសោធន៍​នៃ​”​ការលក់​រាយ​ថ្មី​” (New retail)​។ ពួកគេ​ក៏មាន​ឱកាស​យល់ដឹង​អំពី​ឃ្លាំង​ដឹកជញ្ជូន​ដ៏​ឆ្លាត​វៃ​ផងដែរ ជាមួយនឹង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​មជ្ឈមណ្ឌល​ឃ្លាំង​ដឹកជញ្ជូន​ទំនិញ CainiaoJiaxing និង​បាន​កោតសរសើរ​ពី​សក្តានុពល​ដ៏​ធំធេង​នៃ​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​នៅ​ភូមិ Bainiu ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ភូមិ​Taobao របស់​ប្រទេស​ចិន​បន្ទាប់ពី​គេហទំព័រ​លក់​ឥ​វ៉ាន់​អន​ឡាញ ដោយសារតែ​ការធ្វើសមាហរណកម្ម​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ជាមួយ​គ្រប់​ទីកន្លែង​ត្រូវបាន​ធ្វើឡើង​នៅ​ទីនោះ​។​សហគ្រិន​ក៏​ទទួលបាន​បទពិសោធន៍​ទាក់ទង​នឹង​សក្តានុពល​នៃ​ការផ្លាស់ប្តូរ​បច្ចេកវិជ្ជា​ទៅលើ​សង្គម​ចិន​ដែរ​ដោយ​ពួកគេ​បាន​ទៅ​មើល​តំបន់ Dream Town ក្នុង​ខេត្ត ជើ​ជាង ដែលជា​តំបន់ Silicon Valley របស់​ចិន និង​ទីក្រុង Yiwu ដែលជា​ទីតាំង​សំខាន់​សម្រាប់​ផលិតផល​លក់ដុំ​ក្នុងប្រទេស​និង​ពិភពលោក​និង​ជាទី​ផ្សារ B2B ដ៏​ធំ​បំផុត​របស់​ពិភពលោក​។​

​នៅ​ចុងបញ្ចប់​នៃ​កម្មវិធី​អាហារូបករណ៍​រយៈពេល ១១​ថ្ងៃនេះ សិក្ខាកាម បាន​ចែករំលែក​អំពី​វិធីសាស្ត្រ និង​ចំណេះដឹង​ដែល​ពួកគេ​ទទួលបាន​ពី​វគ្គ​បណ្តុះបណ្តាល​នេះ ព្រមទាំង​គម្រោង​ចែករំលែក​ចំណេះដឹង​ថ្មីៗ​របស់​ពួកគេ​ទាក់ទង​នឹង​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច វិស័យ​ហិរញ្ញវត្ថុ​អេ​ឡិច​ត្រូ​និ​ច និង​ការទូទាត់ ការដឹកជញ្ជូន​ឆ្លាត​វៃ ទិន្នន័យ​ធំៗ និង​វិស័យ​ទេសចរណ៍​ទៅកាន់​សហគ្រិន​ដូចគ្នា និង​សហគមន៍​របស់​ពួកគេ នៅពេល​ពួកគេ​ត្រឡប់​ទៅកាន់​ប្រទេស​របស់ខ្លួន​វិញ ហើយ​បង្កើត​គំនិត​ថ្មីៗ​ដើម្បី​ឲ្យ​អាជីវកម្ម​របស់​ពួកគេ​រីកចម្រើន​។​

​សិក្ខាកាម​មកពី​ប្រទេស​កម្ពុជា​លោក ជា ឡង់​ដា ស្ថាបនិក​ក្រុមហ៊ុន BookMeBus ដែល​ផ្តល់ជូន​ការលក់​សំបុត្រ​តាម​អន​ឡាញ​សម្រាប់​អ្នកធ្វើដំណើរ​តាមរយៈ​រថយន្តក្រុង​ក្នុងប្រទេស​កម្ពុជា និង​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​ថៃ វៀតណាម និង​ឡាវ បាន​លើកឡើងថា «​ខ្ញុំ​ពិតជា​មាន​មោទនភាព​ខ្លាំងណាស់​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ដ៏​អស្ចារ្យ​នេះ ហើយ​មានឱកាស​បាន​ជួប​អ្នក​ដែលមាន​ទេពកោសល្យ​ជាច្រើន​នាក់​មកពី​ប្រទេស​នានា​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ក្នុង​រយៈពេល ១០ ថ្ងៃ​កន្លងមកនេះ យើង​បានទទួល​ការបណ្តុះបណ្តាល​ពី​នាយក​ប្រតិបត្តិ​អាជីវកម្ម​របស់​ក្រុមហ៊ុន Alibaba Group ពី​អង្គភាព​អាជីវកម្ម​ផ្សេងៗ​គ្នា និង​គម្រោង​នានា​អំពី​ប្រព័ន្ធ​សេដ្ឋកិច្ច​ដើម្បី​លើកកម្ពស់​និង​ផ្តល់​សិទ្ធិអំណាច​ដល់​អាជីវកម្ម​ខ្នាតតូច​។ លើសពីនេះទៅទៀត យើង​បាន​ផ្លាស់ប្តូរ​ចំណេះដឹង​ជាច្រើន​ជាមួយ​អ្នកចូលរួម​ចំនួន ៣៧ នាក់ ហើយ​បាន​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​យ៉ាងច្រើន​ទាក់ទង​នឹង​អាជីវកម្ម​របស់​យើង​ក៏ដូចជា​វិធីសាស្ត្រ​ដែល​យើង​អាច​ចូលរួមចំណែក​ដល់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​»​។​

​លោក​ជា ឡង់​ដា ដែលជា​ជ័យលាភី​ពានរង្វាន់ ICT Award នៅ​កម្ពុជា​រូបនេះ​បាន​បញ្ជាក់ថា​« នេះ​គឺជា​កម្មវិធី​ដ៏​ល្អ​បំផុត​មួយ​ដែល​ខ្ញុំ​មិន​ធ្លាប់បាន​ចូលរួម​ពីមុនមក​នោះទេ​។ ដូច​សិក្ខាកាម​ដទៃទៀត​ដែរ ខ្ញុំ​គិតថា​កម្មវិធី​នេះ​គួរតែ​ត្រូវបាន​ពង្រីក​ដល់​អ្នកចូលរួម​វ័យក្មេង​ឲ្យ​បាន​កាន់តែច្រើន​ច្រើន​បន្ថែមទៀត​នាពេល​អនាគត​ដើម្បី​ឲ្យ​ពួកគេ​មានឱកាស​ទទួលបាន​ផលប្រយោជន៍​ពី​វា​ដូច​ពួកយើង​ដែរ​»​។​

​ចំណែក​លោក ស៊ឹម ចាន់​គី​រី​រ័ត្ន ស្ថាបនិក​ក្រុមហ៊ុន បញ្ជី (BanhJi) ដែលជា​ក្រុមហ៊ុន​គណនេយ្យ​មួយ​ត្រូវបាន​បង្កើតឡើង​សម្រាប់​តម្រូវការ​ជាក់លាក់​របស់​សហគ្រាស​ខ្នាតតូច និង​មធ្យម​ក្នុង​តំបន់​អាស៊ាន បាន​សម្តែង​ចំណាប់អារម្មណ៍​ថា​៖«​នេះ​គឺជា​បទពិសោធន៍​ដែលមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន ដែល​ខ្ញុំ​បាន​រៀន​ពី​អ្នកដឹកនាំ​អង្គភាព​អាជីវកម្ម​សំខាន់ៗ​នៅក្នុង​ក្រុមហ៊ុន Alibaba ដោយផ្ទាល់ និង​ប្រព័ន្ធ​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​មួយ​នេះ​។ បញ្ហាសំខាន់​នាពេល​បច្ចុប្បន្ននេះ គឺថា​យើង​ត្រូវខិតខំ​យកចំណេះ​ដឹង និង​គំនិត​ច្នៃប្រឌិត​ថ្មីៗ​ទាំងអស់នេះ ទៅធ្វើ​យ៉ាងណា​ឲ្យ​មាន​លក្ខណៈ​ក្នុងស្រុក​សាមញ្ញ និង​ងាយៗ​សម្រាប់​ប្រព័ន្ធ​សេដ្ឋកិច្ច​ថ្មី​របស់​ប្រទេស​កម្ពុជា​»៕

ទីតាំងផ្សាយពាណិជ្ជកម្ម