ក្រុមចំរុះ​ប្រឆាំង​ចិន​មួយ​ដែល​ស្នើឡើង​ដោយ​អាម៉េរិក បង្ក​ការប្រកួតប្រជែង​ដ៏​គ្រោះថ្នាក់​ជាង​សង្គ្រាមត្រជាក់​

8292
ចែករម្លែក

​ក្រុមចំរុះ​អន្តរជាតិ​ប្រឆាំង​ចិន​មួយ​ដែល​គ្រាន់តែ​ជា​ការ​សន្មតិ​នៅឡើយ​ក្រោម​ការផ្តួចផ្តើម​ឡើង​កាលពី​ពេល​ថ្មីៗ​ដោយ​អាម៉េរិក​នោះ ទោះ​ជា​មិន​មាន​ការគាំទ្រ​ពី​ប្រទេស​ជាច្រើន​ក៏​វា​បង្ហាញ​ទំហំ​នៃ​ការប្រ​​ឈមមុខ​គ្នា​មួយ​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​វ៉ាស៊ីនតោន ដែល​អាច​គ្រោះថ្នាក់​ខ្លាំង​ជាង​សង្គ្រាមត្រជាក់​, នេះ​បើ​តាម​ពួក​អ្នកជំនាញ​ការប្រមើលមើល​។​

​កាលពី​ថ្ងៃ​អង្គារ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក​ម៉ៃ ផ​ម​ផេវ បាន​ចេញ​មក​ថ្លែង​ក្នុង​សន្និសីទកាសែត​មួយ​នៅ​ក្រុង​ឡុង​ដ៍ ដោយ​លោក​អះអាងថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មានបំណង​បង្កើត​ក្រុមចំរុះ​​មួយ​ដើម្បី​ជំរុញ​អោយ​ចិន​ផ្លាស់ប្តូរ​ចរិត​នយោបាយ​របស់​ខ្លួន​។​

​រ៉ូ​ប៊ឺត អេស រ៉ូ​ស សាស្ត្រា​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សកល​វិទ្យាល័យ​បូ​ស្តុន និង​សកល​វិទ្យាល័យ​ហា​វឺ​ត បាន​ប្រាប់​សារព័ត៌មាន​ស្ពុត​និកថា​«​ប្រទេស​ដែល​ចាប់អារម្មណ៍​ធ្វើ​កិច្ចសហការ​ជាមួយ​អាម៉េរិក​សុទ្ធ​ជាប្រ​​ទេស​ព្រួយបារម្ភ​អំពី​កំណើន​ឥទ្ធិពល​និង​ការ​គំរាម​ពី​ចិន ហើយ​មាន​ជំនឿ​ចិត្ត​លើ​លទ្ធភាព​របស់​អាម៉េរិក​ក្នុង​ការជួយ​ការពារ​ពួកគេ​។​រំពឹង​ខ្លាំង​បំផុត​ប្រហែលជា​មាន​ប្រទេស​៣​ក្នុង​លោក​ឬ​អាច​៤​ដែល​​នឹង​សហការ​ខ្លាំង​ឡើង​ជាមួយ​អាម៉េរិក​»​។​

​អ្នកជំនាញ​នយោបាយ​រូបនេះ បានកត់សំគាល់​ប្រទេស​ទាំងនេះ​មានដូចជា ជប៉ុន ឥណ្ឌា​និង​អូស្ត្រាលី ដោយ​ពួកគេ​ឥឡូវ​ជា​ផ្ទាំង​ស៊ី​ប​នៃ​កិច្ច​ការទូត​និង​គោលនយោបាយ​ការពារជាតិ​របស់​អាម៉េរិក​នៅពេល​​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន កំពុង​ស្វះស្វែង​អះអាង​អំណាច​បន្ថែម​នៅ​ម្តុំៗ​អាស៊ី​ខាងកើត​ជាជាង​នៅក្នុង​អាស៊ី​ខាងកើត កន្លែង​ដែល​«​អាម៉េរិក​កំពុង​ចាញ់​ឥទ្ធិពល​ចិន​»​។​

​រី​ឆាត ហ្វ​លខ៍ សាស្ត្រាចារ្យ​ច្បាប់​អន្តរជាតិ​នៅ​សកល​វិទ្យាល័យ​ព្រីន​សេ​តុ​ន បាន​បន្ថែម​កូរ៉េខាងត្បូង​ចូល​ក្នុង​បញ្ជី​នេះ​។​លោក​ថា​ប្រទេស​កូរ៉េខាងត្បូង​ក៏​នឹង​គាំទ្រ​ក្រុម​ចំរុះ​នេះ​រួម​ទាំង​ប្រទេស​ហ្វីលីពីន​និង​​កោះ​តៃវ៉ាន់​និង​សមាជិក​អង្គការ​ណា​តូ​ជាច្រើន​ទៀត ដែល​ព្រួយ​អំពី​ការបាត់បង់​អនុត្តរភាព​លោកខាងលិច​។​

​លោក​រ៉ូស បាន​បន្ថែមថា ប្រទេស​តូចៗ​នៅ​ប៉ាស៊ីហ្វិក​ខាងលិច ដូច​ជា​កោះ​សូ​ឡូ​ម៉ុង ក៏​អាច​ចាប់អារម្មណ៍​នឹង​ក្រុមចំរុះ​ដូច្នេះ ដូច​កោះ​តៃវ៉ាន់​ដែរ តែ​លោក​ថា ប្រទេស​ក្នុង​បញ្ជី​ទាំងនេះ និង​ភាគច្រើន​នៃ​ពិភព​​លោក​ស្ទាក់ស្ទើរ​នឹងចូលរួម​ក្នុង​សង្គ្រាមត្រជាក់​ថ្មី​មួយ​ជាមួយ​ចិន ពួក​គេ​គាំទ្រ​តែ​ក្នុង​ទ្រឹស្តី​។​

​សំរាប់​ប្រទេស​ដែល​អាច​ចូលរួម​ក្នុង​ក្រុម​នេះ លោកហ្វល​ខ៍បាន​និយាយថា ពួកគេ​ចូលរួម​ដោយសារ​តែ​ចង់​ទប់​ឥទ្ធិពល​តំបន់​របស់​ចិន​និង​ការពិចារណា​អំពី​សន្តិសុខ​។​

​ពួក​អ្នកជំនាញការ បាន​យល់ស្រប​គ្នា​ជាទូទៅ​ថា មាន​ប្រទេស​តែមួយ​គត់​នៅ​អឺរ៉ុប​ដែល​ទំនងជា​នឹង​គាំទ្រ​ក្រុមចំរុះ​ផ្តួចផ្តើមឡើង​ដោយ​អាម៉េរិក​ដើម្បី​ប្រឆាំង​ចិន នោះ​គឺ​អង់គ្លេស​។​យោង​តាម​លោក​រ៉ូស វា​«​ឆ្លុះបញ្ចាំង​អោយឃើញ​សម្ពាធ​ខ្លាំងក្លា​ពី​អាម៉េរិក​លើ​អង់គ្លេស​អោយ​គាំទ្រ​គោលនយោបាយ​អាម៉េរិក​ចំពោះ​ក្រុមហ៊ុនហួ​វេ របស់​ចិន​»​។​

​សូម​បញ្ជាក់​មុននេះ​ក្នុង​សប្តាហ៍​នេះ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​បាន​ប្រកាសថា ប្រទេស​លោក​បញ្ឈប់​កិច្ចសហការ​5G​ជាមួយ​ក្រុមហ៊ុន​ចិន​ហួ​វេ​( Huawei)​រហូតដល់​ឆ្នាំ​២០២៧​។​ចំណាត់ការ​នេះ​កើតឡើង​​ស្របគ្នា​នឹង​ការប្រកាស​បង្ករឿង​២​ផ្សេងទៀត គឺ​អង់គ្លេស​ផ្អាក​សន្ធិសញ្ញា​បត្យាប័ន​ជាមួយ​ហុងកុង និង​ការបញ្ជូន​នាវា​ដឹក​យន្តហោះ​ថ្មី​របស់​អង់គ្លេស​ទៅកាន់​ចុង​បូព៌ា​ដើម្បី​ធ្វើ​សមយុទ្ធ​។​

​រ៉ូ​ស បាន​ប្រាប់​ស្ពុត​និកថា « បណ្តា​ប្រទេស​អឺរ៉ុប​នឹង​ប្រឆាំង​មិន​សហការ​។​ការព្រួយបារម្ភ​របស់​អាម៉េរិក​អំពី​ចិន សំខាន់​អំពី​កំណើន​ឥទ្ធិពល​ចិន​នៅ​អាស៊ី​ខាងកើត​ហើយ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​មាន​ចំណែក​​តូច​ក្នុង​ដំណើរ​វិវត្តន៍​សន្តិសុខ​នៅ​អាស៊ី​ខាងកើត​។​ពួកគេ​បារម្ភ​អំពី​កិច្ចការ​របស់​អឺរ៉ុប​និង​ចាត់ចែង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ច្រើនជាង​។​ទី​២ ពួកគេ​បារម្ភ​អំពី​ការ​ការជួយ​សេដ្ឋកិច្ច​របស់​គេ​ផ្ទាល់ ដោយ​ឆ្លៀត​​រក​ផលប្រយោជន៍​ពី​កំណើន​សេដ្ឋកិច្ច​ចិន​សំរាប់​ការនាំចេញ​របស់​គេ​ផ្ទាល់​»​។​

​ក្នុងចំណោម​បណ្តា​រដ្ឋ​អឺរ៉ុប អាឡឺម៉ង់​កំពុង​ស្ថិត​ក្នុង​ជំហរ​ពិបាក​ជាង​គេ ដោយសារតែ​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ធំធេង​ទាំង​ជាមួយ​អាម៉េរិក​និង​ចិន នេះ​បើ​តាម​សាស្ត្រាចារ្យ អា​ឡាំង កាហ្វ​រុយ​នី នៅ​មហា​​វិទ្យាល័យ​ហេន​រី ផ្លាត ព្រី​ស្តុល ហាំ​មីល​តុន​។​លោក​ថា «​អាឡឺម៉ង់ ពិតជា​កក្តា​សំខាន់​។​អាឡឺម៉ង់​នឹង​ព្យាយាម​រក្សា​អព្យាក្រិត​ភាពជាក់ស្តែង​មួយ តែ​វា​នឹង​កាន់តែ​ពិបាក​នៅ​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​»​។​

​លោកហ្វល​ខ៍ ជឿថា ទោះ​ជា​រដ្ឋាភិបាល​អាម៉េរិក​ផ្លាស់ប្តូរ​ក្រោយ​ការបោះឆ្នោត​ខែ​វិច្ឆិកា ក៏​វា​នឹង​មិន​មាន​ផលប៉ះពាល់​គំហុក​ណា​មួយ​លើ​កិច្ច​ការទូត​ចំពោះ​ចិន​ទេ​។​ចំណែក​លោក​អា​ឡាំង កាហ្វ​រុយ​នីបាន​​និយាយថា «​នៅ​ដំណាក់កាល​នេះ​វា​ពិបាក​នឹង​វាយ​តំលៃ​ថា​តើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​ខិតខំ​កេណ្ឌ​កម្លាំង​ប្រឆាំង​ចិន​បាន​កំរិតណា ។​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​ខែវិច្ឆិកា​នឹង​បង្ហាញ​វិធានការ​​បន្ទាប់ ហើយ​បើ​លោកបៃ​ដិន​ឈ្នះ​ឆ្នោត​នោះ​អាម៉េរិក​ទំនង​ជា​បន្ទន់​ជំហរ តែ​ក៏​មិន​បោះបង់​គោលនយោបាយ​បច្ចុប្បន្ន​ដែរ គឺ​កិច្ចការ​ទូត​ប្រឆាំង​ចិន​»​។​

​បើ​តាម​ពួក​អ្នកជំនាញការ ចម្លើយ​តប​របស់​ចិន​នឹង​រឹតតែ​ធ្វើអោយ​ពិភពលោក​មិន​ប្រាកដប្រជា​ថែមទៀត​។​

​លោក​កាហ្វ​រុយ​នី​បាន​សម្តែង​ការភ័យខ្លា​ច​ថា ការប្រកួតប្រជែង​គ្នា​កាន់តែ​ខ្លាំង​រវាង​អាម៉េរិក​និង​ចិន​«​វា​គ្រោះថ្នាក់​ខ្លាំង​ជាង​សង្គ្រាមត្រជាក់​រវាង​អាម៉េរិក​និង​សហភាពសូវៀត​»​ទៅទៀត​៕​ដកស្រង់​និង​ប្រែ​សម្រួល​ពីស្ពុត​និក​៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម