ក្រសួង​សាធារណការអញ្ជើញ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​​២២​ក្រុមហ៊ុន​មក​រៀន​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​

156
ចែករម្លែក
លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ​

ដោយៈ​សុផល​/ ភ្នំពេញ​៖ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​អញ្ជើញ​បុគ្គលិក​និង និយោជិត​ក្រុមហ៊ុន​​៦០​នាក់​មកពី​ក្រុមហ៊ុន​ចំនួន​២២ មក​ទទួល​បណ្ដុះបណ្ដាល​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​។​
វគ្គ​បណ្ដុះបណ្ដាល​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​នេះ បាន​រៀបចំឡើង​កាលពី​ថ្ងៃទី​២៤ ខែ កក្កដា នៅ​ទីស្ដីការក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។ លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ​។


​សិក្ខាសាលា​នេះ​ធ្វើឡើង​ដើម្បី​អប់រំ​បណ្ដុះបណ្ដាល​ជន​បង្គោល​របស់​ក្រុមហ៊ុន​ឱ្យ​ពួកគាត់​បាន​យល់ដឹង​អំពី​ច្បាប់​ចរាចរណ៍​និង​យក​ចំណេះដឹង​ទាំងនោះ​ទៅ​ជួយ​ផ្សព្វផ្សាយ​បន្ត​ដល់​បុគ្គលិក និយោជិត​ផ្សេងទៀត​ក្នុង​ក្រុមហ៊ុន និង​អ្នក​នៅ​ជុំវិញខ្លួន ចូលរួម​បំផុសស្មារតី​អនុវត្ត​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​សំដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដែល​អាចធ្វើ​ទៅបាន​ថ្លែង​នៅក្នុង​ពិធី​បើក​វគ្គ​លោកស្រី​រដ្ឋលេខាធិការ​បាន​មានប្រសាសន៍ថា​ គ្រោះថ្នាក់​ចរាចរណ៍​គឺជា​ឃាតករ​លាក់​មុខ ឆក់យក​ជីវិត​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​ប្រមាណ​ពី​៥​ទៅ​៦​នាក់​ក្នុង​មួយថ្ងៃ បន្សល់ទុក​ក្មេង​កំព្រា ស្ត្រី​មេម៉ាយ បុរស​ពោះម៉ាយ ពិការភាព និង​ធ្វើឱ្យ​ពួកគាត់​ធ្លាក់ខ្លួន​ក្នុង​ភាពក្រីក្រ​។​


​ហេតុដូច្នេះ​លោកស្រី​រដ្ឋលេខាធិការ​បា​ន​អំពាវនាវ​ឱ្យ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​ស្វែងយល់​ពី​ច្បាប់​ចរាចរណ៍ ផ្លាកសញ្ញា​ចរាចរណ៍ គំនូស​សញ្ញា​ចរាចរណ៍​ឱ្យបាន​ច្បាស់លាស់ និង​ចូលរួម​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​ដើម្បី​ជៀស​ផុតពី​ឃាតករ​លាក់​មុខ​នោះ​ឱ្យបាន និង​សូម​រៀបចំខ្លួន​និង​រស់នៅ​ក្នុងនាម​ជា​ពលរដ្ឋ​ស៊ីវីល័យ​ក្នុងសង្គម។
លោកស្រី​បានឱ្យដឹងថា យុទ្ធនាការ​បណ្ដុះបណ្ដាល​ច្បាប់​ចរាចរណ៍​ដល់​បុគ្គលិក និយោជិត​ក្រុមហ៊ុន​នេះ​នឹង​បន្តធ្វើ​រហូតដល់​គ្រប់​ចំនួន​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​៕សរន

ក្រសួង​សាធារណការអញ្ជើញ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​​២២​ក្រុមហ៊ុន​មក​រៀន​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​
ក្រសួង​សាធារណការអញ្ជើញ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​​២២​ក្រុមហ៊ុន​មក​រៀន​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​

ទីតាំងផ្សាយពាណិជ្ជកម្ម