រថយន្ត​បើក​លឿន​ជ្រុល​បុក​ចូល​ផ្ទះ​បណ្តាល​ឱ្យស្លាប់​និង​របួស​ពីរ​នាក់​

1334
ចែករម្លែក

​ដោយ​: បូកគោ / កំពត​: ដោយសារ​ប្រើប្រាស់​ល្បឿន​លឿន រថយន្ត​ហាយ​ឡែ​ន​ដឺ​មួយគ្រឿង បាន​ជ្រុល​ចូល​ផ្ទះ​អ្នកស្រុក ក្រោយ​បត់​ចុះ​ពី​ផ្លូវលំ​មួយ​ខ្សែ រួច​បុក​ប៉ះ​ម្ចាស់ផ្ទះ​រហូត​បណ្តាល​ឱ្យស្លាប់​ម្នាក់ ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ និង​ម្នាក់ទៀត​របួសស្រាល កាលពី​ល្ងាច​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៨​។ ករណីនេះ​បានកើត​ឡើង​នៅ​ភូមិ​ប្រា​ល ឃុំ​តានី ស្រុក​អង្គរជ័យ​។​

​មន្ត្រីនគរបាល​នៃ​អធិការដ្ឋាន​ស្រុក​អង្គរជ័យ​បាន​ប្រាប់​ឱ្យដឹងថា​អ្នក​ដែល​បាត់​បងជីវិត​ក្នុង​ហេតុការណ៍​នេះ​ឈ្មោះ​កៅ ចាន់​ធួន ភេទ​ស្រី អាយុ ៥១​ឆ្នាំ​។ រីឯ​អ្នក​អ្នករងរបួស​ស្រាល​ឈ្មោះ​ផាត់ ប៊ុនធឿន ភេទ​ស្រី អាយុ ១៧​ឆ្នាំ​។ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ប្រា​ល ឃុំ​តានី ស្រុក​អង្គរជ័យ ខេត្តកំពត​។ ប្រភព​ដដែល​បាន​រៀបរាប់ថា​មុនពេល​គ្រោះថ្នាក់​កើតឡើង​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ហាយ​ឡែ​ន​ដឺ​ពាក់​ស្លាក​លេខ ភ្នំពេញ 2I-3479 បើកបរ​លើផ្លូវ​លំ​ក្រួស​ក្រហម​មួយ​ខ្សែ​ស្ថិត​ក្នុងភូមិ​ឃុំ​ខាងលើ​។ លុះ​មកដល់​ចំណុច​ផ្លូវបត់ ដោយសារតែ​រត់​ក្នុង​ល្បឿន​លឿន​ខ្លាំង ហើយ​អាច​អ្នកបើកបរ​កាច់ចង្កូត​មិនទាន់ រថយន្ត​ក៏​ជ្រុល​បុក​ចូល​ផ្ទះ​អ្នកស្រុក​បណ្តាលឱ្យ​របួស​ធ្ងន់​ម្នាក់ និង​កុមារី​ម្នាក់ទៀត​រងរបួស​ស្រាល​។

​មន្ត្រីនគរបាល​ដដែល​បន្តថា ឃើញ​ស្ថានភាព​បែប​នោះ អ្ន​បើកបរ​រថយន្ត​ក៏បាន​រត់​គេចខ្លួនបាត់​ដោយ​បន្សល់ទុក​រថយន្ត និង​អ្នករងគ្រោះ​នៅនឹងកន្លែង​។ ជា​អកុសល ស្ត្រី​ដែល​របួសធ្ងន់​បាន​ស្លាប់​បន្ទាប់ពី​បញ្ជូន​ដល់​មន្ទីរពេទ្យបង្អែក​ស្រុក​អង្គរជ័យ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម