បុរស​ម្នាក់​ជិះ​ម៉ូតូ​ត្រឡប់​ពី​ជួបជុំ​នៅផ្ទះ​បងប្អូន ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​នៅតាម​ផ្លូវ​

155
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង ទើប​ចេញពី​ផឹកស៊ី​នៅផ្ទះ​បងប្អូន ត្រឡប់ទៅផ្ទះ​វិញ តែ​អកុសល​មកដល់​ពាក់កណ្តាល​ផ្លូវ សង្ស័យថា មាន​រថយន្តបុក​ម៉ូតូ​ពីក្រោយ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​បាក់ក​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​ផ្លូវ​បេតុង​ក្នុងភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌ​ច្បា​អំពៅ​។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ សុខ លាង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​ដើម​ស្លែ​ក សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ​។​

​តាម​ប្រភពពី​ក្រុមគ្រួសារ​ជនរងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​ល្ងាច​ថ្ងៃកើតហេតុ ជនរងគ្រោះ​បានមក​ផឹកស៊ី​ជាមួយនឹង​បងប្អូន​នៅក្នុង​ភូមិ​កើតហេតុ​ខាងលើ​។ លុះ​ក្រោយមក​ជនរងគ្រោះ​ក៏បាន​ជិះ​ម៉ូតូ​ម៉ាក​ធូ​ដេ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1CN- 7532 ជិះ​តាមផ្លូវ​បេតុង ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​គោលបំណង​ត្រឡប់ទៅផ្ទះ​វិញ តែ​អកុសល​ជនរងគ្រោះ​ជិះ​ម៉ូតូ​មកដល់​ចំណុចកើតហេតុ​សង្ស័យថា មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ពីក្រោយ​ហើយ បណ្ដាលឱ្យ​ជនរងគ្រោះ​ដួល​បាក់ក​ស្លាប់​ភ្លាមៗ​តែម្ដង​។

​ក្នុងស្ថានភាព​ជនរងគ្រោះ​ខាងលើ ក្រុមគ្រួសារ​បានបញ្ជាក់​ថា ដោយសារតែ​ឃើញ​ម៉ូតូ​របស់​ជនរងគ្រោះ​មាន​ស្នាម​បែកបាក់​នៅ​ផ្នែក​ខាងក្រោយ​ច្រើន ដូច្នេះហើយ​ពួកគាត់ សង្ស័យថា ជនរងគ្រោះ​មិនមែន​ស្លាប់​ដោយសារតែ​ដួល​ខ្លួនឯង​នោះទេ ពិត​ជាមាន​រថយន្តបុក​ហើយ​រត់​បាត់ ទើប​ពួកគាត់​បាន​សំណូមពរ​ទៅ​សមត្ថកិច្ច​ខណ្ឌ​ច្បា​អំពៅ មេត្តាជួយ​ស្រាវជ្រាវ​រក​រថយន្ត​បង្ក និង​អ្នកបើកបរ​មក​ដោះស្រាយ​តាមច្បាប់​។

​ជាមួយគ្នា​នោះដែរ សមត្ថកិច្ច​ជំនាញ ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ពិនិត្យមើល​កាមេរ៉ា​សុវត្ថិភាព តាម​ផ្ទះ​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ ហើយ​បានធ្វើ​ឯកសារ​ប្រគល់​សព​និង​ម៉ូតូ​ទៅ​ឲ្យ​ក្រុមគ្រួសារ និង​ដឹក​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម