វៀតណាមកាត់ទោសសកម្មជនសិទ្ធិមនុស្ស៦នាក់ឱ្យជាប់គុកយ៉ាងធ្ងន់ធ្ងរពី​បទធ្វើវិទ្ធង្សនា

1118
ចែករម្លែក

សកម្មជនសិទិ្ធមនុស្ស៦នាក់ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារយ៉ាងធ្ងន់ធ្ងរនៅប្រទេសវៀតណាមបន្ទាប់ពីពួកគេត្រូវបានរកឃើញកំហុសពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ដោយធ្វើសកម្មភាពគាំទ្រលទ្ធិប្រជាធិបតេយ្យពហុបក្ស។

លោក Nguyen Van Dai មេធាវីសិទ្ធិមនុស្សដ៏លេចធ្លោ បានទទួលទោសជាប់គុកចំនួន១៥ឆ្នាំ និង ៥ឆ្នាំឃុំឃាំងក្នុងផ្ទះ នៅក្នុងការវិនិច្ឆយទោសរយៈពេលមួយថ្ងៃកាលពីថ្ងៃព្រហស្បតិ៍។ អ្នកផេ្សងទៀត បានទទួលទោសពី៧ឆ្នាំដល់១២ឆ្នាំ។នេះបើយោងតាម មេធាវីរបស់ពួកគេ។

ពួកគេត្រូវបានចោទប្រកាន់ពីបទទាក់ទងជាមួយក្រុមមួយឈ្មោះថា ” ភាតរ​ភាពដើម្បីលទ្ធិប្រជាធិបតេយ្យ”ដែលមានគោលបំណងផ្លាស់ប្តូររបៀបដឹកនាំនៃបក្សកុម្មុយនិស្តនិងកសាងប្រព័ន្ធពហុបក្ស។

លោក Nguyen Van Mieng មេធាវីការពារក្តីនេះ បាននិយាយថា ” នេះជាការកាត់ទោសធ្ងន់ធ្ងរពេកចំពោះជនជាប់ចោទ ។ ពួកគេបានតស៊ូដើម្បីសិទ្ធិមនុស្ស ។ ពួកគេបានតស៊ូប្រឆាំងដើម្បីសិទ្ធិនៃប្រព័ន្ធពហុបក្ស … ដែលត្រូវបានទទួលស្គាល់ជាសមិទ្ធផលរបស់មនុស្សជាតិ ប៉ុន្តែ តុលាការមើលឃើញថាវា ជាការគំរាមកំហែងធ្ងន់ធ្ងរ
ដល់របបនេះ។

លោក Nguyen Van Mieng បាននិយាយថា ជនជាប់ចោទ៥នាក់ ដោយរួមទាំង លោកលោក Nguyen Van Dai នៅតែបានអះអាងថាពួកគេ​ជាជនស្លូតត្រង់គ្មានទោសកំហុសទេ ដោយសារអ្វីដែលពួកគេធ្វើនោះ គឺជារឿងត្រឹមត្រូវ។ លោកបានបន្ថែមថា​ចុងចោទម្នាក់បាននិយាយសារភាពចំពោះបទឧក្រិដ្ឋនេះ ហើយទទួលបានការកាត់ទោសជាប់គុកស្រាលជាងគេបំផុត។

លោកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា​សហរដ្ឋអាមេរិកមានការព្រួយបារម្ភខ្លាំងចំពោះការកាត់ទោសដ៏ធ្ងន់ធ្ងរនេះនៅក្រោមការចោទប្រកាន់មិនច្បាស់លាស់ ហើយបានអំពាវនាវឱ្យមានការដោះលែងអ្នកទោស “មនសិការទាំងអស់ “ជាបន្ទាន់ ។

លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បុគ្គលម្នាក់មានសិទ្ធិសេរីភាពជាមូលដ្ឋាននៃការបញ្ចេញមតិបង្កើតសមាគម និងការជួបប្រជុំដោយសន្តិវិធី គឺទាំងនៅលើប្រព័ន្ធអ៊ីនធឺណិតនិងក្រៅប្រព័ន្ធអ៊ីនធឺណែត”៕

លោក Nguyen Van Dai (រូបកណ្តាល) ស្ថិតនៅតុលាការ នៅទីក្រុងហាណូយកាលពីថ្ងៃព្រហស្បតិ៍

ទីតាំងផ្សាយពាណិជ្ជកម្ម