ករណី​កក់​ប្រាក់​មុន​ដើម្បី​ទិញ​ទំនិញ​តាម​អន​ឡាញ បានធ្វើ​ឲ្យ​ក្មេងស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់ ជាប់ចោទ​ពីបទ​ឆ​បាក​

1790
ចែករម្លែក

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: ក្មេងស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់ រៀន​នៅ​សាលា​ញូ​វ​ហ្គេ​ត​វ៉េ អន្តរជាតិ ដែល​ត្រូវ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​៧​មករា ឃាត់ខ្លួន​ដើម្បី​សាកសួរ​ករណី ឆបោក​ប្រាក់​តាម​ប្រ​ព័​ន្ឋ​អន​ឡាញ​នោះ បាន​ត្រូវ​អាណាព្យាបាល​ចេញមុខ​បដិសេធថា កូនស្រី​របស់គាត់​ពុំបាន​ប្រព្រឹត្ត​ទេ ពោលគឺ​ជាការ​ទិញ​ទំនិញ​តាម​អន​ឡាញ​តម្រូវ​ឲ្យ​កក់​ប្រាក់​មុន​ប៉ុណ្ណោះ​។

​អាណាព្យាបាល​រូបនេះ​បាន​បញ្ជាក់ថា កូនស្រី​អាយុ​១៣​ឆ្នាំ និង​បងប្រុស​ជីដូនមួយ​ឈ្មោះ​សៅ ចាន់ថន អាយុ​៣៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​P ២៨ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​៧​មករា ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​១៨២ សង្កាត់​អូរ​ឬ​ស្សី​ទី​១ ខណ្ឌ​៧​មករា​។​

​អាណាព្យាបាល​ដដែល​បាន​អះអាងថា កូនស្រី​របស់គាត់​នៅ​រៀន​ផង ឆ្លៀត​រកស៊ី​លក់ទំនិញ​តាម​អន​ឡាញ​ផង​។ ដូច្នេះ មាន​អតិថិជន​មួយចំនួន​ទំនាក់ទំនង​តាម​ទូរស័ព្ទ ដើម្បី​ទិញ​ទំនិញ ដែល​អតិថិជន​នោះ​ត្រូវ​កក់​លុយ​មុន ទើប​កូនស្រី​យក​ទំនិញ​ទៅអោយ​នៅពេល​ក្រោយ​។ អំឡុង​ពេលដែល​កូនស្រី​ឆ្លៀត​រកស៊ី​នេះ មាន​ក្មេងស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់ទៀត ដែល​រៀន​នៅ​សាលា​ជាមួយគ្នា​បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទិញ​ទំនិញ​តាម​អន​ឡាញ​នេះ ទើប​ក្មេងស្រី​លក់ទំនិញ​បាន​ប្រាប់​អោយ​ក្មេងស្រី​អ្នកទិញ​កក់​ប្រាក់​មុន​។ បន្ទាប់មក​ក្មេងស្រី​អ្នកទិញ​បាន​ណាត់​អោយ​ក្មេងស្រី​អ្នកលក់​ទៅយក​ប្រាក់​កក់​នៅ​ម្តុំ​ផ្សារ​អូរឫស្សី​។​

​អាណាព្យាបាល​ដដែល​បាន​បន្តថា ដោយសារ​អ្នកលក់​ជា​ក្មេងស្រី​នឹង​ត្រូវគេ​ណាត់ជួប​កក់​ប្រាក់​ពេលយប់​ទៀត​នោះ កូនស្រី​របស់គាត់​បាន​ពឹង​បងប្រុស​ជីដូនមួយ​ឈ្មោះ សៅ ចាន់ថន ឌុប​ម៉ូតូ​ជូនទៅ​។ ពេលទៅដល់​ជួប​ក្មេងស្រី​អ្នកទិញ​បានប្រគល់​ប្រាក់​ឲ្យ ស្រាប់តែ​ប៉ូលិស​មក​ចាប់ខ្លួន​ដោយយោង​ទៅលើ​ពាក្យបណ្តឹង​របស់​ឪពុក​ក្មេងស្រី​អ្នកទិញ ដែល​ចោទប្រកាន់ថា កូនស្រី​គាត់​ឆបោក​ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ រួច​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា​។​

​អាណាព្យាបាល​ដដែល​បាន​អះអាងថា ពេល​បញ្ជូន​ទៅដល់​ភ្លាម​ឪពុក​និង​បងប្អូន​ក្មេងស្រី​អ្នកទិញ​បាន​វាយ​ឈ្មោះ សៅ ចាន់ថន ដែល​ដៃ​កំពុង​ជាប់​ខ្នោះ បណ្តាល​ឲ្យ​ជាំមុខ​ភ្លាមៗ នៅ​ចំពោះមុខ​ប៉ូលិស​តែម្តង ដោយ​គ្មាន​ការអន្តរាគមន៍​ទប់ស្កាត់​ឡើយ​។ ក្រោយ​ការសាកសួរ​រួចហើយ នៅ​ម៉ោង​១​រំលង​អ​ធា​ត្រ ឈានចូល​ថ្ងៃទី​២០ ខែមីនា សមត្ថកិច្ច​បាន​ដោះលែង​ក្មេងស្រី អាយុ​១៣​ឆ្នាំ ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​។ លុះដល់​ព្រឹក​ឡើង​ថ្ងៃ​ដដែល សមត្ថកិច្ច​ក៏បាន​ដោះលែង​ឈ្មោះ​សៅ ចាន់ថន ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ដែរ​។ ប៉ុន្តែ​ក្រោយមក​ស្រាប់​តែមាន​បណ្តាញ​ព័ត៌មាន​តាម​អន​ឡាញ​មួយចំនួន​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ ហើយ​ថែមទាំង​ដាក់​រូបថត​ក្មេងស្រី​អាយុ​១៣​ឆ្នាំ បណ្តាល​ឲ្យ​ប៉ះពាល់​កិ​តិ្ត​យស​និង​កេរ​ឈ្មោះ​ក្មេងស្រី​នេះ ជាពិសេស​ធ្វើ​ឲ្យ​មិត្តភក្តិ​រួម​ថ្នាក់ និង​រួម​សាលា​ជាមួយ​មានការ ចាប់អារម្មណ៍​ចំពោះ​ព័ត៌មាន​នេះ ដែលជា​កត្តា​ធ្វើ​ឲ្យ​កូនស្រី​មានការ​ខ្មាសអៀន​មិត្តភក្តិ​យ៉ាងខ្លាំង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម