ក្រុម​តារា​ម៉ូ​ឌែ​លពាក់​ម៉ាស់​ដើរ​ម៉ូត​យ៉ាង​ស្រស់ស្អាត​ប្លែក​អំឡុង​សម័យ​កូ​វីដ​

220
ចែករម្លែក

ក្រុម​តារា​ម៉ូ​ឌែ​ល​បាន​ពាក់​ម៉ាស់​ចម្រុះ​ពណ៌​ដើរ​ម៉ូត​យ៉ាង​ស្រស់ស្អាត​ប្លែក​នៅលើ​ឆាក​បង្ហាញ​ម៉ូត កាលពី​ថ្ងៃ​សុក្រ ទី​២៤ ខែកក្កដា ក្នុង​ក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង ជា​កន្លែង​ដែល​អាជ្ញាធរ សុខាភិបាល​កំពុង​ប្រឹងប្រែង​ទប់ស្កាត់​ការកើនឡើង​ករណី​ឆ្លង​វីរុស​កូ​វីដ​-១៩ ខណៈ​មនុស្សម្នា ចេញមក​តាម​ទីសាធារណៈ​កាន់តែ​ច្រើនឡើងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​ប្រធាន​អ្នករៀបចំ​កម្មវិធី​បង្ហា​ញ​ម៉ូដ​សម្លៀកបំពាក់​នៅ​ក្រុង​សេ​អ៊ូ​ល លីម យឺន​ហ៊ី (Lim Yeon-hee) និយាយថា គាត់​សង្ឃឹមថា​ការធ្វើ​បែបនេះ​នឹង​ជួយ​បង្កើត​ភាព​រីករាយ បន្ទាប់ពី​ប្រទេស​នេះ បានដាក់​ចេញ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​ដ៏​កាច​សាហាវ​អស់​រយៈពេល​ជាច្រើន​ខែ​។

​ដោយ​ពាក់​ម៉ាស់​ពណ៌​ផ្កាឈូក​ស៊ីគ្នា​នឹង​ពណ៌​មួក ស្ត្រី​ខាងលើ​និយាយថា “​ពិភពលោក​ទាំងមូល កំពុងស្ថិត​ក្នុងស្ថានភាព​លំបាក​ខ្លាំង​ដោយសារ​វីរុស​កូ​វីដ​-១៩​។ បន្ថែម​ពីលើ​ការធ្លាក់ចុះ​សេដ្ឋកិច្ច សកម្មភាព​ផ្នែក​វប្បធម៌ វិស័យ​សិល្បៈ និង​កីឡា​ក៏​ត្រូវបាន​កាត់បន្ថយ​ដែរ​។ យើងទាំងអស់គ្នា គួរតែ​រួមគ្នា​ដើម្បី​ជម្នះ​វិបត្តិ​នេះ​”​។​

​សូមបញ្ជាក់ថា មជ្ឈមណ្ឌល​ទប់ស្កាត់​ជំងឺឆ្លង​របស់​កូរ៉េខាងត្បូង បាន​រាយការណ៍​ករណី​ឆ្លង​វីរុស កូ​វីដ​-១៩ ថ្មី​ចំនួន ៤១ ករណី​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដែល​ធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ​ទូទាំង ប្រទេស​ឡើងដល់ ១៣.៩៧៩ ករណី ដែល​ក្នុងនោះ​រួមទាំង​ការស្លាប់ ២៩៨ ករណី​ផងដែរ​៕ ប្រែ​សម្រួលៈ ខុម