វាសនា​, វិវាទ​, ព្យញ្ជនៈ​, ព្យាង្គ​, ប្រយោជន៍​, ប្រឹថពី​, ពុទ្ធិ​, ពរ្សឺឡែន​, ពឹង​

325
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

វាសនា ( ន​. ) ចរិយា ឬ ចរិត​ដែល​អប់រំ​សន្សំទុក​ឬ​កប់​ទុក​ក្នុង​ចិត្ត​, ចរិយា​ដែល​ថ្នឹក​ស៊ប់ស៊ាំ​ជាប់ ជា​ទម្លាប់​កែប្រែ​ឬ​កម្ចាត់​ចោល​ពុំបាន​, បុព្វចរិយា​នៃ​កាយ​ប្រយោគ​និង​វចីប្រយោគ : មនុស្ស មាន​វាសនា​ខុសគ្នា ។ ពាក្យ​នេះ​ខ្មែរ​ច្រើន​ប្រើ​សំដៅ​សេចក្ដី​ថា “​សំណាង​, ព្រេងសំណាង​, ភ័ព្វព្រេង​; បុណ្យ​ភ័ព្យ​” : មាន​វាសនា​ល្អ​, វាសនា​អាក្រក់ ។​

វិវាទ ( ន​. ) ដំណើរ​ទាស់ទែង​គ្នា​, ដំណើរ​ឈ្លោះប្រកែក​គ្នា : មាន​វិវាទ​, កើត​វិវាទ​នឹង​គ្នា ។ វិវាទកម្ម អំពើ​វិវាទ ។ វិវាទការណ៍ ឬ វិវាទមូល គឺ​ហេតុដែល​នាំ​ឲ្យ​កើត​វិវាទ​, ដំណើរ​វិវាទ ។ វិវាទការី (–​កា​រ៉ី​) អ្នក​ហៃ​ឈ្លោះ (​បើ​ស្ត្រី​ជា វិវាទការិនី​) ។ ពួក​អ្នក​វិវាទ​, គូវិវាទ ។ វិវាទ​ធិ​ករ​ណ៍ ( វិវាទ + អធិករណ​) អធិករណ៍​ដែល​កើត​ព្រោះ​ដំណើរ​ទាស់​មាត់ពាក្យ​គ្នា​; ការកើត​ក្តី​ព្រោះ តែ​សម្តី ។​

ព្យញ្ជនៈ ( ន​) តួអក្សរ​សម្រាប់​ផ្សំ​ជាមួយនឹង​ស្រៈ​, លុះ​តែមាន​ស្រៈផ្សំ​ផង ទើប​កើត​ច្បាស់​ប្រាកដ ជា​សម្ដី​ឡើង ។ ព្យញ្ជនៈ​សម្រាប់​ប្រើ​ក្នុង​ភាសា​ខ្មែរ​ក្នុងសម័យ​សព្វថ្ងៃនេះ​មាន ៣៣ តួ (​ស្មើគ្នា នឹង​ព្យញ្ជនៈ​ខាង​ភាសាបាលី​ដែរ​) គឺ ក ខ គ ឃ ង …​កាលពី​ក្នុង​សម័យបុរាណ ខ្មែរ​ប្រើ​ព្យញ្ជនៈ ៣៥ តួ ។​

ព្យាង្គ ( ន​. ) អវយវៈ​ជា​សង្កា​ត់នៃ​ពាក្យ គឺ​សូរ​នៃ​សម្ដី​ជា​សង្កាត់​តាំង​ពីមួយ​ម៉ាត់​ពីរ​ម៉ាត់​បី​ម៉ាត់ ឡើងទៅ (​មួយ​ម៉ាត់​ហៅ មួយ​ព្យាង្គ​, ពីរ​ម៉ាត់​ហៅ ពីរ​ព្យាង្គ​, ពី ៣ ម៉ាត់​ឡើងទៅ​ហៅ ច្រើន​ព្យាង្គ ឬ ព្យាង្គ​ច្រើន​) ។ ពាក្យ​មួយ​ព្យាង្គ​ដូចជា កត់​, កប​, កាត់​, គង​, ទំ​, នំ ជាដើម ហៅថា​ឯក​ព្យាង្គ (​ឯកៈ​ព្យា​ង​) ឬ ព្យាង្គទោល (​បារ​. Monosyllabe); ពាក្យ​ពីរ​ព្យាង្គ​ដូចជា កំណត់​, កាំបិត​, គម្រប់​, តំបន់​, ទំនប់ ជាដើម ហៅថា ទ្វេព្យាង្គ (​បារ​. Dissyllabe)​។ ពាក្យ​ច្រើន​ព្យាង្គ​ឬ​ព្យាង្គ​ច្រើន​រាប់ តាំងពី ៣ ម៉ាត់​ឡើងទៅ​ដូចជា កន្ទាទូក​, កន្ទុំរុយ​, កន្ទក់កន្ទេញ​, អង្ក្រេមអង្ក្រម​, អំពិលអំពែក ជាដើម ហៅថា ពហុព្យាង្គ ព្យាង្គ​មាន​សូរ​ច្រើន​ម៉ាត់​” (​បារ​. Polysyllabe) ។

ប្រយោជន៍ ( ន​. ) ដំណើរ​ដែល​គួរ​ប្រកប​, អ្វីៗ​ដែល​គេ​ត្រូវការ​, ដែល​គេ​ប្រកប​ទៅ​កើតការ​, ផល​ដែល​សម្រេច​អំពី​ការប្រកប : ប្រយោជន៍​ក្នុង​លោក​នេះ​, ប្រយោជន៍​ក្នុង​បរលោក​; បុគ្គល​គួរ​កុំ​ធ្វើអំពើ​ឥតប្រយោជន៍ គួរ​ធ្វើ​តែ​អំពើ​ណា​ដែលមាន​ប្រយោជន៍ ។

ប្រឹថពី ( ន​. ) ផែនដី​, ផ្ទៃដី​ទាំងមូល​, មណ្ឌល​ដី ។ ក្រឡា​ប្រឹថពី ឬ ក្រឡា​មហាប្រឹថពី ក្រឡា​ផ្ទៃ​ប្រឹថពី​ទាំងមូល ។ ការ​កម្រើក​ឬ​រញ្ជួយ​ប្រឹថពី ។ ផ្ទៃ​នៃ​ប្រឹថពី ។ ប្រឹថពីភូបាល លោកអ្នក​គ្រប់គ្រង​ផែនដី ។ (​លោក​-​អ្នកខ្លះ​ធ្លាប់​សរសេរ ប្រថពី គួរ​សរសេរ​ប្រឹថពី តាមបែប​បុរាណ​វិញ ទាំង​ត្រឹមត្រង់​តាម​ប្រភព​នៃ​ពាក្យ​ផង​) ។​

ពុទ្ធិ ( ន​. ) ប្រើ​ជា ប្រាជ្ញា​, ការយល់ : មនុស្ស​មាន​ពុទ្ធិ (​សម្រាប់​ប្រើ​ក្នុង​កាព្យ​) : អ្នក​សុ​ទិដ្ឋិ ដែលមាន​ពុទ្ធិ ប្រសើរ​ឆើតឆាយ តែងមាន​យោបល់ យល់​ការ​វែងឆ្ងាយ ញ៉ាំង​ជន​ទាំងឡាយ ឲ្យ​បាន​ក្ដី​សុខ ។

ពរ្សឺឡែន ព័រ​-​សឺ​– ( ន​. ) (Porcelaine) គ្រឿង​ប្រដាប់​ប្រើប្រាស់​មាន​ចាន​និង​ពែង​ជាដើម ធ្វើ​ពី​ដីឥដ្ឋ​ម្យ៉ាង មាន ព័ណ៌​ស​-​សាច់​ម៉ដ្ឋ​ជិតស្និទ្ធ​ភ្លឺរលោង : ចាន​ពរ្សឺឡែន ។

ពឹង ( កិ​. ) រក​គេ​ជួយ​, ស្ដី​គេ : ពឹង​គេ​ឲ្យ​សរសេរ​សំបុត្រ​, ពឹង​គេ​ឲ្យ​ជួយ​ធ្វើ​រោង ។ ជ្រកកោន​, ធ្វើ​ឲ្យ​មាន​អាង : ពឹងបុណ្យគេ​, ពឹង​គំនិត​គេ ។ ពឹងផ្អែក ធ្វើ​ឲ្យ​មាន​អាង​ហាក់ដូចជា​បង្អែក ។ ពឹងពាក់ ពឹង​រកគ្នា​ទៅវិញទៅមក ។​ល​។ ប្រឹង​ចំកោង​ឬ​បំពើង​ខ្លួន​ផ្ដែក​ប៉ះ​ផ្ទប់​ទៅលើ : គោ​ពឹង​ទូក​រទេះ ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា

ទីតាំងផ្សាយពាណិជ្ជកម្ម