រថយន្ដ​ព្រះតេជព្រះគុណ ប៊ុត ប៊ុន​តិ​ញ រង​ការ​គប់​បំបែក​កញ្ចក់​ ​

1850
ចែករម្លែក

(​ភ្នំពេញ​) ៖ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ព្រះតេជព្រះគុណ ប៊ុត ប៊ុន​តិ​ញ បាន​មាន​ថេរ​ដីកា​ថា រថយន្ដ​មួយគ្រឿង​របស់​ក្រុមការងារ​​ព្រះអង្គ ត្រូវបាន​ជន​មិន​ស្គាល់មុខ គប់​បំបែក​កញ្ចក់​(​បង្អួច​ផ្នែក​ខាងស្ដាំ​កណ្ដាល​) ឲ្យ​បែក​ខ្ទេចខ្ទី ដែល​ករណីនេះ​ព្រះអង្គ​បាន​អះអាង វា​ជាការ​គំរាមកំហែង​ដ៏​ខ្លាំង មកលើ​ព្រះអង្គ និង​ក្រុមការងារ របស់​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​។
​ ​
​ជាមួយនឹង​រូបថត​ច្រើន​សន្លឹក ដែល​បង្ហាញ​ពី​ការ​បំបែក​កញ្ចក់​រថយន្ដ​នោះ ព្រះសង្ឃ ប៊ុត ប៊ុន​តិ​ញ បាន​អះអាង​នៅក្នុង​ទំព័រ​ហ្វេ​ស​បុក របស់​ព្រះអង្គ​ថា ឡាន​ព្រះអង្គ ត្រូវបាន​ជន​ទុច្ចរិត​មិន​ស្គាល់មុខ​គប់ បង្ក​ឱ្យ​បែក​កញ្ចក់​ខាងស្ដាំ​ផ្នែក​កណ្ដាល​នៃ​ឡាន កាលពី​យប់​ថ្ងៃទី​១១ កក្កដា វេលា​ម៉ោង​ប្រមាណ​១០ និង​២៣​នាទី​យប់ នៅ​ជិត​វត្ត​សិរី​ពោធិព្រឹក្ស ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​
​ ​
​ព្រះអង្គ ប៊ុន​តិ​ញ បាន​បន្ត​សង្ឃដីកា​ថា ហេតុការណ៍​នេះ​បានកើត​ឡើង បន្ទាប់ពី​ក្រុមការងារ​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម បាន​និមន្ត​ចុះ​ពន្យល់​ពុទ្ធបរិស័ទ ឱ្យ​រួមគ្នា​ការពារ​រូប​បដិមា​បូរាណ​មួយ នៅក្នុង​ឃុំ​ដា ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។​
​ ​
​ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​អង្គ​នេះ បានចាត់ទុក​សកម្មភាព​ខាងលើ ថា​ជាការ​គំរាមកំហែង ការប៉ុនប៉ង​បំបាត់​សម្លេង និង​បង្ក​អសន្តិសុខ ដល់​ព្រះអង្គ និង​ក្រុមការងារ​របស់​ព្រះអង្គ​។ ព្រះអង្គ​បាន​ចាត់ទុកថា​សកម្មភាព​នេះ ថា​មាន​ជាប់ទាក់ទង​ជាមួយ​នយោបាយ​ហើយ​​សមត្ថកិច្ច​របស់​រដ្ឋ​ត្រូវ​ទទួលខុសត្រូវ ប្រសិន​ជាមាន​បញ្ហា​ណាមួយ ប៉ះពាល់​ដល់​ព្រះអង្គ​៕ ដោយ ៖វិបុល

ទីតាំងផ្សាយពាណិជ្ជកម្ម