អណ្តើក​ថ្ម​ថ្មី​មួយគូ​ត្រូវបាន​បញ្ចុះ​ក្នុង​គ្រឹះ​ប្រាសាទ​ស្រះស្រង់​កណ្ដាល​ជំនួស​អណ្ដើក​ថ្ម​ចាស់​

381
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​អាជ្ញាធរ​ជាតិ​អប្សរា​បានចាប់ផ្ដើម​បញ្ចុះ​អណ្តើក​ថ្ម​ថ្មី​មួយគូ​ក្នុង​គ្រឹះ​ប្រាសាទ​ស្រះស្រង់​កណ្ដាល ជំនួស​អណ្ដើក​ថ្ម​ចាស់​។​នេះ​បើតាម​ការបញ្ជាក់​អោយដឹងពី លោក ម៉ៅ សុខ​នី អ្នកគ្រប់គ្រង​គម្រោងកា​រដ្ឋា​ន​ជួសជុល​ប្រាសាទ​កណ្ដាល​នៃ​ប្រាសាទ​ស្រះស្រង់​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែកក្កដា ឆ្នាំ​២០២០​។​


​លោក​ម៉ៅ​សុខ​នី​បាន​និយាយថាៈ​អាជ្ញាធរ​ជាតិ​អប្សរា​បានធ្វើ​ពិធី​បញ្ចុះ​អណ្ដើក​ថ្ម​ថ្មី​មួយគូ​នៅ​គ្រឹះ​ប្រាសាទ​ស្រះស្រង់​កណ្ដាល​ឱ្យស្រប​តាម​អណ្ដើក​ចាស់​និង​តាម​ប្រពៃណី​បុរាណ​។​សត្វ​អណ្ដើក​មួយគូ​នេះ​បាន​ចម្លង​ថ្មី​ពី​សត្វ​អណ្ដើក​ចាស់​ដែល​អ្នកជំនាញ​បុរាណវិទ្យា​ប្រទះឃើញ​កប់​ក្រោម​គ្រឹះ​ប្រាសាទ​រាប់រយ​ឆ្នាំកន្លងមក​។​ខណៈពេលដែល​កំពុង​ការធ្វើ​កំណាយ​ដើម្បី​ជុស​ជុល​ប្រាសាទ​កណ្ដាល​នោះ​ឡើងវិញ​ឱ្យ​ដូច​ទម្រង់​ដើម ហើយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ​២០២០​នេះ ។​

​លោក​បានឱ្យដឹង​ទៀតថាៈ​ចំពោះ​សត្វ​អណ្ដើក​ថ្ម​ចាស់​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​សារមន្ទីរ​ព្រះ​ន​រោ​ត្ដម​ព្រះសីហនុ​អង្គរ​ដើម្បី​ទុកឱ្យ​មនុស្ស​ជំនាន់​ក្រោយ​បានឃើញ​និង​ស្គាល់​ពី​វត្ថុ​មានតម្លៃ​មហាសាល​មួយ​នេះ ព្រោះ​នៅពេល​យក​វត្ថុ​បុរាណ​ទៅ​កប់​ក្រោម​ដី​។​វា​ធ្វើឱ្យ​មនុស្ស​ជំនាន់​ក្រោយ​មិនបាន​ស្គាល់ ហើយ​ចំពោះ​របប​គំហើញ​ផ្សេងៗ​ទៀត ដែល​អ្នកជំនាញ​ប្រទះឃើញ​ជាមួយ​សត្វ​អណ្ដើក​ថ្មភក់​នោះ អាជ្ញាធរ​នឹង​ពិធី​ដាក់​បន្ថែមទៀត​ជា​លើកចុងក្រោយ​។​

​លោក​បាន​បញ្ជាក់ទៀតថាៈ​កាលពី​ចុងខែ​មេសា​ឆ្នាំ​២០២០​នេះ​អ្នកជំនាញ​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រទះឃើញ​សត្វ​អណ្ដើក​ធ្វើ​អំពី​ថ្ម​ភួ​ក​មួយគូ​និង​វត្ថុ​បុរាណ​ជាច្រើន​បាន​កប់​នៅ​គ្រឹះ​ប្រាសាទ​កណ្ដាល​ស្រះស្រង់​នេះ​កំពុង​ធ្វើ​កំណាយ​ដើម្បី​ជួសជុល​ប្រាសាទ​នេះ​ឡើងវិញ​។​

ក្នុងនោះ​មាន​គ្រាប់​ខ្វាត​ពណ៌​ស​ជាច្រើន​រយ​គ្រាប់​,​ចម្លាក់​អណ្ដើក​ថ្មភក់​ចំនួន​០២​ក្បាល​,​រូបចម្លាក់​ក្បាល​នាគ​រួម​នឹង​ត្រីសូល៍​ចំនួន​២​ដែល​១​មាន​រូប​ពេញលេញ​និង​មួយទៀត​មាន​ត្រឹម​មួយ​បំណែ​កមួយ​ព្រមទាំង​ឃើញ​សំណង់​ឈើ​កប់​នៅ​គ្រឹះ​ប្រាសាទ​កណ្ដាល​ផងដែរ​៕S/

​រូបភាព​:​អណ្តើក​ថ្ម​ថ្មី​មួយគូ​ត្រូវបាន​បញ្ចុះ​ក្នុង​គ្រឹះ​ប្រាសាទ​ស្រះស្រង់​កណ្ដាល​ជំនួស​អណ្ដើក​ថ្ម​ចាស់​៕​អប្សរា​

ទីតាំងផ្សាយពាណិជ្ជកម្ម