សន្ទុះ​នៃ​ការកាប់​ទន្ទ្រានព្រៃ​លិច​ទឹក​និង​ការ​រឹបអូស​ដី​រក្សាទុក​ជាស​ម្ប​ត្តិ​រដ្ឋ​

235
ចែករម្លែក

ដោយ​: គង់​ហេង / ត្បូងឃ្មុំ​: រុក្ខជាតិ​ជា​ជីវ​:​ចម្រុះ នៃ​ជម្រក​ពពួក​ហ្វូង​មច្ឆា​បាន​ខំ​ត្រដររស់ ដុះ​ចេញពី​ឬ​សគល់​របស់​វា​ដែល​ត្រូវបាន​គេ​កាប់​ផ្តាច់​ដើម​ចោល នៅក្រោម​កម្តៅ នៃ​ព្រះ​ទិនករ​នៅ​តំបន់​អូរ​តាសេក និង​បឹងកក់​អតីត​ឡូត៍​លេខ​១០ ស្រុក​ក្រូចឆ្មារ​នា​ខែមិថុនា ឆ្នាំ​២០២០ គឺ​ដើម្បី​ទប់ទល់​គំហុក​នៃ​ការកាប់​ទន្ទ្រាន​របស់​ម​នុស្ស​ជា​រៀងរាល់ឆ្នាំ យក​ដី​ប្រកប​របរ​កសិកម្ម និង​លក់​បន្ត​ឱ្យ​ឈ្មួញ​។​

​ម៉ោង​ប្រមាណ​ជាង​១០​ព្រឹក លោក ជុំ អូន អាយុ ៥៦ ឆ្នាំ និង​ភរិយា​អ្នកស្រី ឃុន ស្រី អាយុ ៤៦ ឆ្នាំ ជាមួយ​កូនប្រុស​អាយុ ៧​ឆ្នាំ​នៅ​ភូមិ​ខ្សាច់​ប្រឆេះ​ក្រោម ឃុំ​-​ស្រុក​ក្រូចឆ្មារ​បាន​ប្រក​របរ​ដាំ​ស្រូវ​ទទួល​ទិន្នផល​មួយឆ្នាំ​ម្តង លើ​ផ្ទៃដី​ចម្ការ​ប្រមាណ​មួយ​ហិកតា តំបន់​ខាងលើ​បាន​រយ​:​ពេល​ជាង​១០​ឆ្នាំ​ហើយ​។ ដើម្បី​ដោះស្រាយ​ជីវភាព​ចិញ្ចឹម​កូនប្រុស​ស្រី​ចំនួន បួន​នាក់ ជាមួយនឹង​មុខរបរ​បន្ថែម​មើលថែ​សត្វ​គោ ឬ​ប្រវាស់​ចែក​ជាមួយ​អ្នកភូមិ​ជាមួយ​ដែលមាន​ដើមទុន​។ ពីរ​នាក់​ប្តី​ប្រពន្ធ​កំពុង​ប្រមូល​សំរាម​ជា​កម្ទេចកម្ទី វ​ល្លិ៍ ឬ​ស​ឈើ គល់ឈើ ដើម្បី​ដុត​សម្អាត និង​ភ្ជួរ​ដី​ឱ្យបាន​មុន​ទឹកជំនន់​ទន្លេមេគង្គ​នឹង​ជន់​លិច​មកដល់​ក្នុង​កំឡុង​ចុងខែ​កក្កដា ខាងមុខនេះ​។

​លោក ជុំ អូន បាន​និយាយថា នៅ​ឆ្នាំ​២០២០​នេះ គាត់​ខ្វះខាត​ថវិកា​ដើម្បី​ជួល​គ្រឿងចក្រ​គោយន្ត​ភ្ជួរ​ដី​ចំនួន​១០​ស្រែ ស្មើនឹង​មួយ​ហិកតា នៅ​តំបន់​អូរ​តាសេក​នេះ ជាពិសេស​គាត់​ជួប​បញ្ហា​ជីវភាព​ដោយ​ជំងឺ​កូ​វីដ​.១៩ ដែល​បណ្តាលឱ្យ​កូនស្រី​ម្នាក់​បាន​សម្រាក​ពី​ការងារ​រោងចក្រ​ទៅ​ភ្នំពេញ​។

​លោក ជុំ អូន បានសម្រេច​គាស់​កាប់​កូនដើម​រាំង កូន​ត្រាស់ និង​រុក្ខជាតិ​ដទៃ​ដោយ​ដៃ​ដែល​វា​បាន​ដុះ​លូត​ក្រោយពី​រដូវ​ប្រមូល​ផល​ស្រែប្រាំង​ហើយ មុននឹង​ភ្ជួរ​ដោយ​ប្រើប្រាស់​ដោយ​គោ​ដូច​កាលពីមុន​។​
​លោក អូន បាន​និយាយថា គ្រួសារ​របស់គាត់ ក៏​ដូច​គ្រួសារ​ប្រជាពលរដ្ឋ​មួយចំនួនទៀត បានមក​កាប់​ឆ្ការព្រៃ​តំបន់​អូរ​តាសេក​ដោយ​ខ្លួនឯង កាលពី​កំឡុង​ទសវត្សរ៍​ឆ្នាំ​២០០០ ហើយ​គ្រួសារ​ខ្លះ​បាន​ទិញ​បន្ត​ពី​កាប់​រាន​ផ្ទាល់​ក្នុងតម្លៃ​មួយ​ហិកតា​ពី ៦០០ ទៅ ២.០០០ ដុល្លារ​អាមេរិក​។ គាត់​និយាយថា គ្រួសារ​របស់គាត់​បាន​ជ្រើស​រើសយក​ការដាំដុះ​ស្រូវប្រាំង លើ​ផ្ទៃដី​មួយ​ហិកតា និង​បាន​ជីក​ស្រះ​ទទឹង ១២ ម៉ែត្រ និង​បណ្តោយ​ប្រហែល​ជាង ៤០​ម៉ែត្រ សម្រាប់​រក្សា​ទឹក​ប្រើប្រាស់​ស្រោចស្រព​ដំណាំ​ស្រូវ​។

​លោក អូន បាន​បន្តថា​៖ «​ខាង​អាជ្ញាធរ​មិន​បានមក​ហាមឃាត់​ការកាប់​រាន និង​ការដាំដុះ​ដំណាំ​របស់​ប្រជាពលរដ្ឋ​នោះទេ​។ នៅ​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ គឺ​ក្នុង​រង្វង់​ខែឧសភា ឆ្នាំ​២០២០ បានឃើញ​ខាង​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ចុះមក​បោះបង្គោល​លើក​ស្លាក​កំណត់​ព្រំ​ជា​ព្រៃ​លិច​ទឹក នៅ​តំបន់​បឹងកក់​ជាប់​ព្រំដី​របស់​ស្រែប្រាំង ដោយបាន​កាត់​យក​ស្រះ​ខាងលើ​របស់​គ្រួសារ​ខ្ញុំ​។​»

​លោក អូន បន្តថា ទីនោះ​ជា​ដីព្រៃ​តំបន់​បឹ​កក​ក់ ដែល​ធ្លាប់​ត្រូវបាន​អាជ្ញាធរ​ចែក​ឱ្យ​ប្រជាពលរដ្ឋ​បង្កបង្កើនផល​តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៨០​ម្លេះ​។ ប៉ុន្តែ ប្រជាពលរដ្ឋ​មួយចំនួនធំ​បាន​បោះបង់ចោល ហើយ​ព្រៃ​លិច​ទឹក​ទាំង​នោះបាន​ដុះ​ឡើងវិញ​ស្ទើរ​ដូចដើម ហើយ​ត្រូវបាន​អាជ្ញាធរ​ចុះមក​បោះបង្គោល​ហ៊ុមព័ទ្ធ​»​។​

​លោក អៀង ឈុន​ហ៊ាង មេឃុំ​ក្រូចឆ្មារ​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា «​ពិតជា​មានការ​ចែក​ដី​ព្រៃ​តំបន់​បឹងកក់ ឱ្យ​ប្រជាពលរដ្ឋ​បង្កបង្កើនផល​នៅក្រោយ​ថ្ងៃ​រំដោះ​ពី​របប​ប៉ុល​ពល​ឆ្នាំ​១៩៧៩ នោះ​មែន គឺ​គ្រាន់តែ​ឱ្យ​កាន់កាប់​បណ្តោះអាសន្ន ដើម្បី​ដោះស្រាយ​ជីវភាព​ចំពោះមុខ​។ ដោយ​កាលនោះ​ប្រជាពលរដ្ឋ​បាន​និយម​នាំគ្នា​ដាំ​ដុះ​ដំណាំ​ថ្នាំជក់ គឺ​ថ្នាំជក់​មាន​ទីផ្សារ​។ ក្រោយមក​ទីផ្សារ​ដំណាំ​មួយ​នេះ ជួប​បញ្ហា​ទីផ្សារ​ធ្លាក់ចុះ​តម្លៃ​បណ្តាលឱ្យ​ពួកគាត់​នាំគ្នា​បោះបង់​ដី​នេះ​ចោល​បាន​ទៅ​ប្រកបមុខរបរ​ផ្សេងៗ​វិញ​។ ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ងា​ក់មក​កាប់​ទន្ទ្រាន​យក​ដី​ដដែល គឺ​ព្រៃ​បាន​ដុះ​ឡើងវិញ​ដូច​កាលពី​ទស្វត្សរ៍​ឆ្នាំ​១៩៨០»​។​

​លោក​មេឃុំ​ក្រូច​បាន​លើកឡើងថា​៖ «​បញ្ហា​នេះ​ធ្វើឱ្យ​យើង​ជួបប្រទះ​ប្រឈម​ជាមួយ​ប្រជាពលរដ្ឋ គឺ​ខាង​អាជ្ញាធរ​កំពុង​សហការ​ជាមួយ​មន្ត្រី​ជំនាញ ដើម្បី​រឹបអូស​បោះបង្គោល​ឃ្លុំ​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​។ ពិសេស​ដីព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​ខ្យង ស្ទើរ ១០០​ភាគរយ​នៃ​ផ្ទៃ​បឹង​បានកា​ប់រាន​យក​ដី​ធ្វើស្រែ​បាន​មួយឆ្នាំ គឺ​គាត់​លក់​បន្ត​ដោយ​ខុសច្បាប់​ឱ្យ​អ្នកមាន​លុយ និង​មាន​គ្រឿង ហើយ​ពួកគាត់​បាន​ទៅ​កាប់​រានទី​តាំង​ព្រៃ​លិច​ដទៃ​បន្តទៀត​។ ប៉ុន្តែ​ទោះជា​បែបណា​អាជ្ញាធរ​នឹង​ព្យាយាម​សម្របសម្រួល ជាមួយ​ប្រជាពលរដ្ឋ​ដែល​ចូលទៅ​កាន់​លើដី​រដ្ឋ ជា​ដែន​នេសាទ​ទាំងនោះ មក​រក្សា​ទុកជា​ទ្រព្យសម្បត្តិ​រដ្ឋ​វិញ​»​។

​លោក ឈុន​ហ៊ាង បាន​បន្តថា ឃុំ​ក្រូចឆ្មារ​មាន​ដី​ជា​ព្រៃ​លិច​ទឹក​ប្រមាណ​ពី ៧០០ ទៅ ៨០០ ហិកតា និង​មាន​ផ្ទៃដី​សម្រាប់​ប្រជាពលរដ្ឋ​បង្កបង្កើន​ធ្វើ​កសិកម្ម​ចំនួន ៧០០ ហិកតា​ទៀត​។ ប៉ុន្តែ លោក​និយាយថា ខាង​លោក​នៅ​មិនទាន់​បានទទួល​ចំនួន​តួលេខ​ផ្ទៃដី​លិច​ទឹក និង​ចំនួន​បង្គោល​ដែល​បោះ​កំណត់​ជា​ដែន​នេសាទ ដើម្បី​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ​នៅឡើយ​ទេ​។​

​ទន្ទឹមនឹងនេះ លោក វ៉ាន់ ចាន់ ប្រធាន​សហគមន៍​នេសាទ​ឃុំ​ទួល​ស្នួល ស្រុក​ក្រូចឆ្មារ​បាន​និយាយថា ឃុំ​ទួល​ស្នួល​មាន​ដែន​នេសាទ​ប្រមាណ​ជាង ៧.០០០ ហិកតា និង​បឹង​ចំនួន ២៦ កន្លែង​។ ប៉ុន្តែ លោក​និយាយថា នៅ​ឆ្នាំ​២០១៦ បឹង​ទាំង​នោះបាន​រីងស្ងួត​ស្ទើរ​ទាំងអស់​បណ្តាលឱ្យមាន​ករណី​ភ្លើង​ឆេះ​ព្រៃ​ជា​បន្តបន្ទាប់ និង​ប្រជាពលរដ្ឋ​បាន​ឆ្លៀតឱកាស​ចូលទៅ​កាប់​រាន​បន្ថែម​ដោយ​ចិត្ត​ឯង​។

​លោក​ប្រធាន​សហគមន៍​នេសាទ​ដែលមាន​អាយុ​៥៩​ឆ្នាំ​រូបនេះ លើកឡើងថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ គឺ​អាកាសធាតុ​ក្តៅ​ហួតហែង​កើតឡើង​ស្ទើរ​ជា​រៀងរាល់ឆ្នាំ គួបផ្សំ​ប្រជាពលរដ្ឋ​សម្រុក​បូមទឹក​ធ្វើ​កសិកម្ម និង​បឹង​មួយចំនួន​ត្រូវបាន​មនុស្ស​លួច​បូម និង​បាច​ដើម្បី​ចាប់​ត្រី ធ្វើឱ្យ​ចំនួន​អ្នក​ចូលទៅ​កាន់កាប់​មាន​កើនឡើង បណ្តាលឱ្យ​ផ្ទៃដី​លិច​ទឹកជា​ជម្រក​ត្រី​បច្ចុប្បន្ន​បានរួម​តូច​នៅសល់​ប្រហែល​ជាង ៤០ ភាគរយ នៃ​ផ្ទៃ​ដីព្រៃ​លិច​ទឹក ជា​ដែន​នេសាទ​អតីត​ឡូត៍​លេខ​១០ របស់​ស្រុក​ក្រូចឆ្មារ​។​
​លោក​ត្អូញត្អែរថា​៖ «​យើង​តែងតែ​ប្រឈម​ក្នុងការ​គ្រប់គ្រង និង​បង្ក្រាប បើទោះជា​រូបភាព​នៃ​ការ​ឈូសឆាយ​កាប់​ទន្ទ្រាន​យក​ដី​បឹង កាប់​គាស់​ដោយ​ដៃ និង​មួយចំនួន​បាន​ប្រើប្រាស់​គ្រឿងចក្រ​ជា​លក្ខណ​:​គ្រួសារ​មែន​។ ប៉ុន្តែ សកម្មភាព​បទល្មើស​មាន​វិសាលភាព​ធំធេង បានកើត​ឡើង​ព្រមៗ​គ្នា តែ​សមាជិក​សហគមន៍​មាន​ចំនួន​៨​នាក់​គ្នា​តិច បញ្ហា​ថវិកា​គ្រប់គ្រង អ្នកប្រព្រឹត្ត​បទល្មើស​មាន​ខ្នងបង្អែក ចាប់បាន​ជនល្មើស​ប​ញ្ចូ​ន​ខ្លួន​តាម​នីតិវិធី តែ​បាន​ដោះលែង​វិញ គ្មាន​ការផ្តន្ទាទោស គឺ​យើង​អស់កម្លាំង​ដើម្បី​ធ្វើការ​ងារ​នេះ និង​ខ្វះ​ឧបករណ៍​បំពេញការងារ​បង្ក្រាប​។​»

​លោក វ៉ាន់ ចាន់ និយាយថា បើទោះជា​ឆ្នាំ​២០១៨​កន្លងមក ខាង​សហគមន៍​អឺរ៉ុប​បាន​ជួយឧបត្ថម្ភ​ដល់​សហគមន៍​នូវ​ទូក​មួយគ្រឿង អាវ​ភ្លៀង អង្រឹង និង​ឧបករណ៍​កែវឆ្លុះ​នោះ​ក្តី ក៏​មិន​គ្រាន់​ដែរ ហើយ​បើតាម​ព័ត៌មាន​ផ្លូវការ​ពី​ខាង​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ​សហគមន៍​អឺរ៉ុប​គ្រោង​នឹង​ផ្តល់ប្រាក់​ចំនួន ១.០០០ ដុល្លារ​អាមេរិក​បន្ថែម​ទៀត ដើម្បី​បម្រើឱ្យ​ការងារ​អភិរក្ស និង​ការងារ​បង្ក្រាប​បទល្មើស ចំណែក​មន្ទីរ​កសិកម្ម​ក៏បានផ្តល់​ប្រាក់​ចំនួន​៥​លាន​រៀល​សម្រាប់​បោះបង្គោល​កំណត់​ផ្ទៃ​បឹង​។​

​លោក​និយាយថា​៖ « បញ្ហា​ប្រឈម​ដទៃ​បន្ថែម​ច្រើន​ទៀត ទៅលើ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​មិន​កិច្ចសហការ និង​កិច្ច​ប្រតិ​ប​ត្ត​ការ គឺ​កន្លងមក​ចាត់ទុក​ដូច​ខាងយើង​ជា​សហគមន៍​នេះ​ធ្វើការ​ដាច់ដោយឡែក មិន​បម្រើឱ្យ​រាជរដ្ឋាភិបាល​អ៊ីចឹង​។ អាជ្ញាធរ និង​សមត្ថកិច្ច​មួយចំនួន​ដែល​មិនមែនជា​ជំនាញ​បាន​ចុះ​ឃាត់​ចាប់​គ្រឿងចក្រ​ឈូសឆាយ​យក​ដីព្រៃ​រនាម សកម្មភាព​កាប់​ព្រៃ​ដដែល​នេះ​ធ្វើជា​អុស​ដុត ដឹកជញ្ជូន​តាម​គោយន្ត គឺ​យកលុយ​ហើយ​ដោះលែង​ឱ្យធ្វើ​សកម្មភាព​ល្មើស​បន្ត​។ ដោយ​មិនបាន​ចាប់​ប្រគល់ឱ្យ​មន្ត្រី​ធ្វើ​សំណុំបែបបទ ជា​ឯកសារ​បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​នោះទេ​។ ករណីនេះ​កើតឡើង​ច្រើន​ករណី ប៉ុន្តែ​ក្រោយពី​បាន​លើក​ក្នុង​ប្រជុំ​ប្រចាំខែ​នៅ​សាលាឃុំ​ទួល​ស្នួល​ឱ្យជួយ​ទប់ស្កាត់ ហាក់​បាន​ស្ងប់ស្ងាត់​វិញ​នាពេល​បច្ចុប្បន្ន​»​។​

​តាមច្បាប់​ស្តីពី​ជលផល​ឆ្នាំ​២០០៦​មាត្រា ៩៨ ត្រូវ​ផ្តន្ទាទោស​ក្រោម​បទល្មើស​ជលផល​ថ្នាក់​ទី​១ ដែល​ត្រូវដាក់​ពន្ធនាគារ​ពី បី ទៅ ប្រាំ ឆ្នាំ និង​វត្ថុតាង​ទាំងអស់​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ ឬ​បំផ្លាញចោល និង​ដកហូត​កិច្ចព្រមព្រៀង ឬ​លិខិតអនុញ្ញាត​ចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ណាមួយ​ដូចជា​: ១-​កាប់ឆ្ការ​គាស់​រាន ឈូសឆាយ​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង ឬ​ហ៊ុមព័ទ្ធ​កាន់កាប់​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង​។ ២-​បង្ក​ឱ្យ​ភ្លើង​ឆេះ ឬ​ដុត​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង​។ ៣-​ចាក់ចោល បោះចោល បង្ហូរ បាច​ពង្រាយ​សារធាតុពុល ឬ​ប្រព្រឹត្ត​សកម្មភាព​ធ្វើឱ្យពុល ឬ​បង្ក​គ្រោះថ្នាក់​ដល់​វា​រី​សត្វ និង​វា​រី​រុក្ខជាតិ​នៅក្នុង​ដែន​នេសាទ​។ ៤- នេសាទ​ដោយ​ប្រើ​ឧបករណ៍​ឆក់ គ្រឿងផ្ទុះ និង​សារធាតុ​គ្រប់​ប្រភេទ​នៅក្នុង​ដែន​នេសាទ​។ ៥- នេសាទ​ដោយ​ឧបករណ៍​បូម បាច ពង្រីង​ផ្នែក​ណាមួយ នៃ​ដែន​នេសាទ ដែល​បង្ក​មហន្តរាយ​ដល់​ធនធាន​ជលផល​។ ៦- នេសាទ​ដោយ​ឧបករណ៍​ទំនើប ឬ​ឧបករណ៍​នេសាទ​ដែល​បង្កើត​ថ្មី ឬ​របៀប​នេសាទ​បែប​ថ្មី ឬ​ឧបករណ៍​នេសាទ​ដែល​គ្មាន​កំណត់​ក្នុង​ប្រកាស​របស់​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ដែល​នាំមក​នូវ​ការបំផ្លាញ​មច្ឆជាតិ ធនធាន​ជលផល ប្រព័ន្ធ​អេកូឡូស៊ី​ជលផល​។ ៧- នេសាទ​ជា​លក្ខណ​:​ឧស្សាហកម្ម​ក្នុង​រដូវ​បិទ​នេសាទ​។ ៨- នេសាទ​ជា​លក្ខណ​:​ឧស្សាហកម្ម​ក្នុង​កន្លែង​អភិរក្ស​ជលផល​។ ៩-​ធ្វើ​ទំនប់​កាត់ ឬ​លុប​ទន្លេ ស្ទឹង ព្រែក អូរ បឹង ត្រពាំង ប្រឡាយ អាងទឹក និង​អាង​ធម្មជាតិ ដែល​អាច​បង្ក​មហន្តរាយ​ដល់​ធនធាន​ជលផល ដោយ​គ្មាន​ការសិក្សា​វាយតម្លៃ​ពី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​។ ១០- បំផ្លាញ​ស្មៅ​សមុទ្រ ឬ​ផ្កាថ្ម និង​ធ្វើ​ឳ្យ​អន្តរាយ​ដល់​អេកូឡូស៊ី​ស្មៅ​សមុទ្រ ឬ​ផ្កាថ្ម​។ ១១-​សាងសង់​ឡ រោង​សិប្បកម្ម មូលដ្ឋាន​កែច្នៃ និង​រោងចក្រ​គ្រប់​ប្រភេទ ដែល​ប្រើប្រាស់​សារធាតុ​ដើម​ជា​ប្រភេទ​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង និង​១២- បំផ្លិចបំផ្លាញ ឬ​ធ្វើ​ឳ្យ​ខូចខាត​អន្លង់​ជ្រៅៗ ដែលជា​ជម្រក ឬ​កន្លែង​ពង​កូន​របស់​វា​រី​សត្វ​។​
​ជន​ណា​ប្រព្រឹត្ត​បទល្មើស​ជលផល​ចំណុច​ទី​៤ ចំណុច​ទី ៥ ចំណុច​ទី ៦ ចំណុច​ទី ៧ ចំណុច​ទី ៨ នៅពេល​យប់ ត្រូវ​ផ្តន្ទាទោស​ទ្វេដង នៃ​បទល្មើស​ជលផល​ថ្នាក់​ទី​១ នៃ​មាត្រា​នេះ និង​ជន​ណា​ប្រព្រឹត្ត​បទល្មើស​ជលផល​ថ្នាក់​ទី​១ ចាប់ពី​ពីរដង ឡើងទៅ​ត្រូវ​ផ្តន្ទាទោស​ទ្វេដង នៃ​បទល្មើស​ជលផល​ថ្នាក់​ទី​១ នៃ​មាត្រ​នេះ​។​

​នៅក្នុង​ច្បាប់​ដដែល​នេះ គឺ​មាត្រា ១០២ បាន​ចែងថា សកម្មភាព​ដែល​ធ្វើឡើង​ដោយ​មន្ត្រី​អាជ្ញាធរ​ដែនដី មន្ត្រីនគរបាល មន្ត្រី​នៃ​កងយោធពល​ខេ​មរ​ភូមិ ឬ មន្ត្រី​អាជ្ញាធរ​ផ្សេងទៀត ដើម្បី​ធ្វើ​អន្តរាគមន៍​ផ្តល់​ការអនុញ្ញាត​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ជួយ​ដល់​អាជីវកម្ម​ជលផល និង​សកម្ម​ភាំ​ព​គ្រប់បែបយ៉ាង​ផ្ទុយ​នឹង​បទបញ្ញត្តិ នៃ​ច្បាប់​នេះ ឬ​ធ្វើការ​គំរាមកំហែង​ដល់​មន្ត្រីរដ្ឋបាល​ជលផល ឬ​រាំងស្ទះ​ដល់​ការបំពេញភារកិច្ច និង​ប្រតិបត្តិការ​មន្ត្រីរដ្ឋបាល​ជលផល ត្រូវ​ចាត់ទុកជា​បទល្មើស​ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី មួយ ឆ្នាំ​ដល់ បី​ឆ្នាំ និង​/​ឬ​ពិន័យ​ជា​ប្រាក់​ពី ប្រាំ​លាន រៀល ទៅ ហាសិប​លាន រៀល​។​

​ទោះបីជា​យ៉ាងណា លោក វ៉ាន់ ចាន់ ដែល​បាន​ធ្វើជា​សហគមន៍​នេសាទ​តាំងពី​ឆ្នាំ​២០០២ ហើយ​បាន​ជាប់ឆ្នោត​ជា​ប្រធាន​សហគមន៍​នេះ​នៅ​ឆ្នាំ​២០១៨​នោះ បាន​និយាយទៀតថា ឥឡូវ​សហគមន៍​បាន និង​កំពុង​សហការ​ជាមួយ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ជលផល មន្ត្រី​ជំនាញ​ខាង​បរិស្ថាន រឹបអូស​ផ្ទៃដី​ព្រៃ​លិច​ទឹក រយ​:​ពេល​ប៉ុន្មាន​ខែ​នេះ​បាន​ប្រមាណ ៧០ ទៅ ៨០​ហិកតា​។ លោក​និយាយថា សហគមន៍ និង​អាជ្ញាធរ បាន​បោះបង្គោល​កំណត់​ចម្ងាយ ៥០​ម៉ែត្រ​ជា​ដី​ជា​ចំណី​ប្រអប់​មាត់បឹង និង​ព្រែក បន្ទាប់មក​បានដាក់​ដាំ​ដើមឈើ​ជា​ព្រៃ​លិច​ទឹក​ជាដើម​សណ្តាន់​ឡើងវិញ​ជា​បណ្តើរៗ ដោយឡែក​ចំពោះ​ដី​ណា​ប្រជាពលរដ្ឋ​កំពុង​បង្កបង្កើនផល​ភាគច្រើន​ជា​ដំណាំ​ឈូក និង​ស្រូវ​បានអនុញ្ញាត​ទុកឱ្យ​ប្រមូល​ផល​សិន​។​

​លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ​បានឱ្យដឹងថា កន្លងមក​ថ្មីៗ​នេះ មន្ទីរ​របស់លោក​បាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ អនុវត្ត​ការងារ​ជាមួយ​ខាង​បរិស្ថាន ដើម្បី​បោះបង្គោល​ឃ្លុំ​ដីព្រៃ​លិច​ទឹក​ក្នុងស្រុក​ក្រូចឆ្មារ និង​នៅ​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ​។ លោក​និយាយថា ការងារ​នេះ​បាន និង​កំពុង​បន្ត​អនុវត្ត នៅ​តំបន់​ព្រៃ​លិច​ទឹកជា​ដែន​នេសាទ​ដទៃ​ផ្សេងទៀត គឺ​ពុំទាន់​បានទទួល​លទ្ធផល​ការងារ​បាន​ប៉ុន្មាន​ហិកតា​នោះទេ​។ ប៉ុន្តែ លោក​និយាយថា គេ​បានដាក់​ដាំ​ដើមឈើ​ជា​កូន​សណ្តាន់​បាន​ចំនួន​ជាង ១០.០០០ ដើម នៅ​លើដី​ទំនេរ​ដែល​បាន​រឹបអូស​បង្គោល​រក្សាទុក​ជា​សម្បត្តិ​រដ្ឋ​។​
​លោក​ប្រធាន​មន្ទីរ​កសិកម្ម​បាន​បន្ត​ថា​៖ « ចំពោះ​ផ្ទៃដី​ជា​ដែន​នេសាទ​ខេត្ត​ត្បូងឃ្មុំ គឺ​កំពុងស្ថិត​ក្នុងកា​សិក្សា ដើម្បី​ឱ្យមាន​ការឯកភាព​គ្នា​ពី​តួលេខ​ពិតប្រាកដ​ផ្លូវការ​។ រីឯ​ផ្ទៃដី​រដ្ឋ​ជា​ដែន​នេសាទ ដែល​ត្រូវបាន​អ្នក​ចូលមក​កាន់កាប់​ដោយ​ចិត្ត​ឯង​កន្លងមក​នោះ ក៏​កំពុងស្ថិត​ក្នុងការ​សិក្សា ស្រាវជ្រាវ និង​រឹបអូស​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​ទាំងអស់​»​។​
​លោក ជុំ អូន បាន​អំពាវនាវ​សូមឱ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មេត្តា​កុំ​រឹបអូស​ដីស្រែប្រាំង​ទំហំ​១​ហិកតា នៅ​តំបន់​អូរ​តាសេក​ជាប់​ព្រំប្រទល់​ដីព្រៃ​តំបន់​បឹងកក់ ដែល​បាន​រឹបអូស​បោះបង្គោល​កាលពី​ខែឧសភា​ឆ្នាំ​២០២០ កន្លងមក​។ លោក​ស្នើសុំ​ទុក​ដី​នេះ​ដាំ​ស្រូវ​ក្នុង​មួយឆ្នាំ​បាន​ពី​៧​ទៅ​៨​ដឹក សម្រាប់​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ រួមផ្សំ​របរ​ប្រវាស់​មេគោ​។

​លោក​និយាយថា​៖ «​ចំណែក​ដី​ស្រះ​ទឹក​ទំហំ​ទទឹង ១២​ម៉ែត្រ និង​បណ្តោយ ៤០​ម៉ែត្រ ប៉ះចំ​រដ្ឋ​ប្រមូល​ទៅគ្រប់​គ្រង​វិញ​នោះ គឺ​ខាង​គ្រួសារ​ខ្ញុំ​មិន​ទាមទារ​វិញ​ទេ ពិសេស គឺ​គាំទ្រ​ការដែល​រដ្ឋ​ប្រមូល​ដី​បឹង​យកទៅ​គ្រប់គ្រង​ថែរក្សា​ព្រៃ​លិច​ទឹក​។​»
​ចំណែក លោក វ៉ាន់ ចាន់ ប្រធាន​សហគមន៍​នេសាទ ក៏បាន​សំណូមពរ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ទាំងអស់​ឲ្យ​ចូលរួម​កិច្ចសហការ និង​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់ បង្ក្រាប​បទល្មើស ដើម្បី​ការពារ​ធនធានធម្មជាតិ​បន្ត​បាត់បង់ គឺ​ព្រៃរនាម​ជីវ​:​ចម្រុះ​តាម​បណ្តា​បឹង​នានា សម្រាប់​ជា​ជម្រក​ត្រី និង​សូមឱ្យ​គោរព​តាម​បញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កន្លង​មក គឺ​ហាមឃាត់​ប្រជាពលរដ្ឋ​កាប់បំផ្លាញ​ព្រៃរនាម​។

​លោក​និយាយថា​៖ «​ម្យ៉ាង​សហគមន៍​នេសាទ គឺជា​អ្នកស្ម័គ្រចិត្ត ពុំមាន​ប្រាក់បៀវត្សរ៍ និង​មិនមាន​ថវិកា​គ្រប់គ្រាន់​លើ​ការចំណាយ​ក្នុង​ការងារ ដូច្នេះ​សូម​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​មេត្តាជួយ​ផ្តល់ប្រាក់​បេសកកម្ម ជា​ប្រេង និង​ឧបករណ៍​ផ្សេងៗ បម្រើ​ដល់​ការងារ​»៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម