៣ ម៉ឺន​គ្រួសារ មិន​ទៅ​បើកប្រាក់ ឬក៏​ជា​គ្រួសារ​ខ្មោច ?

197
ចែករម្លែក

​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានប្រកាស​ផ្សព្វផ្សាយ នូវ​លទ្ធផល​នៃ ការអនុវត្ត​ន៍កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុង​កូ​វីដ​-១៩ សម្រាប់​ខែមិថុនា​។ នោះ​គឺ​គិត​ត្រឹម​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង ១៨:០០ នាទី ការបើក​ផ្តល់ប្រាក់សម្រាប់​ខែមិថុនា ឆ្នាំ​២០២០ ត្រូវបាន​បញ្ចប់​។

​តាម​សេចក្តីជូនដំណឹង ការអនុវត្ត​ន៍ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ ខែមិថុនា សម្រាប់​គ្រួសារ​ក្រីក្រ ដែល​បានមក​ផ្ទៀងផ្ទាត់ ទទួល​ប្រាក់ឧបត្ថម្ភ​ពី​កម្មវិធី មាន​ចំនួន ៥៣០.៨៣៨ គ្រួសារ គិត​ជាសមាជិក មាន​ចំនួន ២.១៥៣.១១៤ នាក់ ដែល​ក្នុងនោះ កម្រិត​ក្រីក្រ​១ មាន​ចំនួន ១៩៨.៦៣១ គ្រួសារ ( សមាជិក ៧៥៨.៩៨១ នាក់ ) និង​កម្រិត​ក្រីក្រ​២ ចំនួន ៣៣២.២០៧ គ្រួសារ ( សមាជិក ១ ៣៩៤.១៣៣ នាក់ ) ដោយ​ចំណាយ​កញ្ចប់​ថវិកា របស់​រាជរដ្ឋាភិបាល អស់​ទឹកប្រាក់​សរុប ចំនួន ៩៤.៥៥១.៨៧៦.០០០ រៀល ( ស្មើ​ជាង ២៣ លាន​ដុល្លារ​អាម៉េរិក )​។​
​ ​
​កន្លងមក ក្រសួង បានប្រកាស​ពី​តួលេខ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដោយ​ជំងឺ​កូ​វីដ​១៩ ដែល​ត្រូវ​ទទួលបាន​ប្រាក់ឧបត្ថម្ភនៅ​ខែ​ដំបូង គឺ​នៅ​ខែមិថុនា ឆ្នាំ​២០២០ មាន​ចំនួន​ជាង ៥៦ ម៉ឺន​គ្រួសារ ដោយ​រាជរដ្ឋាភិបាល ប្រកាស​ចំណាយ ២៥ លាន​ដុល្លារ​។ ដោយឡែក នៅ​ខែកក្កដា ឆ្នាំ​២០២០ ចំនួន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដោយ​ជំងឺ​កូ​វីដ​១៩ បាន​កើន​ឡើងដល់ ជាង ៦១ ម៉ឺន​គ្រួសារ ហើយ​រាជរដ្ឋាភិបាលត្រៀម​នឹង​ចំណាយ ២៨ លាន​ដុល្លារ​អាម៉េរិក​។ ការបើកប្រាក់​ឧបត្ថម្ភសម្រាប់​ខែកក្កដា ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២០ តទៅ ដោយ​ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​នេះ មាន​រយៈពេល ៣០ ថ្ងៃ​។​
​ ​
​រាជរដ្ឋាភិបាល បានប្រកាស​អនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០​។ នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០ ក្រសួង​សង្គមកិច្ច អតីត យុទ្ធជន និង​យុវនីតិសម្បទា បាន​ចាប់ផ្តើម​ដំណើរការ​អនុវត្ត​ន៍កម្មវិធី​នេះ​។ ប្រាក់ឧបត្ថម្ភ​ពិសេស​នេះ គឺ ១​គ្រួសារ ទទួលបាន ១២ ម៉ឺន​រៀល រីឯ​សមាជិកគ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​នោះ ក្នុង​ម្នាក់ៗទទួលបាន​ចាប់ពី ១​ម៉ឺន ៦​ពាន់​រៀល រហូតដល់ ៨​ម៉ឺន​រៀល តាម​កម្រិតនិង​ប្រភេទ​របស់​ជន​ទាំងនោះ​។​
​ ​
​តាម​នីតិវិធី គឺ​ចំពោះ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែលមាន​ប័ណ្ណ​សមធម៌ មាន​សុពលភាព ត្រូវ​ទៅ​ផ្ទៀងផ្ទាត់ នៅ​សាលាឃុំ​សង្កាត់ ដែល​ខ្លួន​រស់នៅ ដើម្បី​ទទួលបាន​ការឧបត្ថម្ភ​ប្រាក់ពិសេស​នេះ​។ នៅពេល​មន្ត្រី នៅ​សាលាឃុំ​សង្កាត់ បាន​ផ្ទៀងផ្ទាត់​រួចហើយ ប្រាក់ឧបត្ថម្ភ​នោះ ត្រូវបាន​បញ្ចូល​តាម​វី​ង ដោយសា​មី​គ្រួសារ​នោះ ទៅ​បើក​ផ្ទាល់ដៃ តាម​បញ្ជរ​វី​ង ឬ​កន្លែង​ផ្ញើនិង​ទទួល​ប្រាក់ វី​ង ណាមួយ​ក៏បាន​។​
​ ​
​យ៉ាងណា​ក៏ដោយចុះ បើ​ផ្ទៀងផ្ទាត់​ចំនួន​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ ដោយ​ជំងឺ​កូ​វីដ ១៩ ដែល​ត្រូវ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល នៅ​ខែ​ដំបូង គឺ​ខែមិថុនា គឺមាន​ដល់​ទៅជាង ៥៦​ម៉ឺន​គ្រួសារ តែ​ចំនួន​ជាក់ស្តែង ដែល​បានមក​ផ្ទៀងផ្ទាត់ ទទួល​ប្រាក់ឧបត្ថម្ភ​ពី​កម្មវិធី មានតែ​ជាង ៥៣​ម៉ឺន​គ្រួសារ​ប៉ុណ្ណោះ ពោលគឺ​បាត់​ប្រមាណ ៣ ម៉ឺន​គ្រួសារ​។

​មាន​ហេតុផល​ច្រើនយ៉ាង ដែល​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ ប្រមាណ ៣ ម៉ឺន​គ្រួសារ​មិន បានទទួល​ប្រាក់ឧបត្ថម្ភ​ពិសេស ពី​រាជរដ្ឋាភិបាល ក្នុង​ខែមិថុនា​។ ទី​១-​ចំនួន​ជាង ៥៦ ម៉ឺន​គ្រួសារ ជា​ជនក្រីក្រ និង​ងាយ​រងគ្រោះដែល​ស្រង់​ចេញពី​ស្ថិតិ​ចាស់ តាមរយៈ​ប័ណ្ណ​សមធម៌​បែងចែកជា​កម្រិត​ក្រីក្រ​១ និង​កម្រិត​ក្រីក្រ​២​។ ទី​២-​ប្រជាពល រដ្ឋ ក្នុង​ស្ថិតិ​ចាស់​នោះបាន​ផ្លាស់ប្តូរ​ទីលំនៅ ឬ​ធ្វើ​ចំណាកស្រុក ទៅធ្វើ​ការ​នៅ​ស្រុក​គេ ឬ​នៅ​ភ្នំពេញ ឬក៏​អាច​ឆ្លងដែន​ទៅ​ក្រៅប្រទេស ពិសេស​ប្រទេស​ថៃ ជាដើម​។ ទី​៣-​អាច​អ្នកមាន​ឈ្មោះ​ប្រមាណ ៣ ម៉ឺន​គ្រួសារ​នោះ មិនបាន​ដឹង​ពី​ការផ្តល់ប្រាក់​ឧបត្ថម្ភ​ពិសេស​នេះ​ទេ និង​ហេតុផល​ទី​៤-​អាច​ឈ្មោះ​ប្រជាជនទាំងនោះ ជា «​ឈ្មោះ​ខ្មោច​» ពោលគឺ​មានតែ​ឈ្មោះ តែ​មិនមាន​មនុស្ស​ពិត​ទេ​។​

​ទោះបីជា​ក្នុង​ហេតុផល​ណាក៏ដោយ ក៏​ពេលនេះ ដំណើរ​ការបើក​សាច់ប្រាក់ ធ្វើឡើង​ដោយ​ត្រឹមត្រូវ មាន​តម្លាភាព​។ ពោលគឺ​រាជរដ្ឋាភិបាល នៅសល់​ប្រាក់​ប្រមាណ​ជិត ២ លាន​ដុល្លារ ពី​គម្រោង​ចំណាយ​ប្រមាណ ២៥​លាន​ដុល្លារ សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់នៅ​ខែមិថុនា​នេះ​។ នេះ​ក៏​ដោយសារតែ​ការបើកប្រាក់ តម្រូវ​ឲ្យ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះទាំងនោះ ទៅ​បើក​ដោយផ្ទាល់ នៅតាម​វី​ង​នៅពេល​ទទួលបាន​លេខ​កូដ​តាម​ទូរស័ព្ទ រៀងៗ​ខ្លួន​។ ពេល​បើក​លុយ​នោះ​ទៀតសោត ក៏ត្រូវ​ថតរូប​ផ្ទៀងផ្ទាត់​ឲ្យ​ដូច​ក្នុង​ប័ណ្ណថែមទៀត​។​

​ជាមួយគ្នានេះ ដើម្បី​ធានា​តម្លាភាព យុត្តិធម៌ ហើយ​អ្នកក្រីក្រ និង​ងាយ​រងគ្រោះ​ពិតប្រាកដ ទទួលបាន​ប្រាក់ឧបត្ថម្ភ​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ព្រមាន​រួចហើយ​ថា សម្តេច​នឹងមិន​លើកលែង​ទេ បើសិន​ជាមាន​ភាពមិន​ប្រក្រតី​ណាមួយកើតឡើង​ក្នុង​ដំណើរ បើក​ផ្តល់​សាច់ប្រាក់​ដល់​ជនក្រីក្រ និង​ងាយ​រងគ្រោះ​នេះ​។ ពោលគឺ​ការងារ​ស្រង់​ស្ថិតិ​ជនក្រីក្រ និង​ងាយ​រងគ្រោះ​នេះ ជា​ភារកិច្ច និង​ការទទួលខុសត្រូវ​រប​ស់មេ​ភូមិ និង​ឃុំ​សង្កាត់​។

​សម្តេច ព្រមាន​ដូច្នេះ ដើម្បី​ជៀសវាង​ការបន្លំដាក់​សាច់​ញា​ត្តិ បងប្អូន​បក្ខពួក​អ្នកធ្វើ ការងារ ស្រង់​ស្ថិតិ​ទាំងនោះ ហើយ​អ្នកក្រីក្រ និង​ងាយ​រងគ្រោះ​ពិតប្រាកដ​បែរជា​មិន​ទទួលបានប្រាក់ឧបត្ថម្ភ​នេះ​ទៅវិញ​។​

​យ៉ាងណាក៏ដោយ ក្នុងដំណាក់កាល​ទី​១ កន្លងមកនេះ អាជ្ញាធរ​សមត្ថកិច្ច​បា​នរក​ឃើញ​អ្នកបន្លំ​ធ្វើជា​អ្នកក្រ ប្រមាណ​ជាង ៤.០០០ គ្រួសារ ហើយ​មន្ត្រី​ជំនាញ​ក៏បាន​ដកហូត​បណ្ណក្រីក្រ​ទាំងនោះមកវិញ ជា​បន្តបន្ទាប់​ផងដែរ​។​

​ជា​វិធាន​ការបន្ត នៅ​ដំណាក់កាល​ទី​២ ដែល​ត្រូវ​បើកប្រាក់​ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ នៅ​ខែកក្កដា​នេះ យន្តការ ដែលមាន​ស្រាប់ និង​បាន​អនុវត្តនៅ​ខែមិថុនា កន្លងមក ត្រូវតែ​បន្ត​អនុវត្ត ហើយ​មន្ត្រី​ជំនាញ​ទទួលបន្ទុក​កិច្ចការ​នេះ គួរតែ​រក​មូលហេតុ​ឲ្យ​ឃើញថា ហេតុអ្វី​បានជា​ពលរដ្ឋ មានឈ្មោះ​ប្រមាណ ៣ ម៉ឺន​គ្រួសារ មិន​បានទទួល​សាច់ប្រាក់​ឧបត្ថម្ភ ក្នុង​ខែមិថុនា កន្លងមក​៕ ដោយ​៖ ម៉េង​ឆៃ​/Ha