ក្រសួង​រ៉ែ​បញ្ឈប់​ការនាំ​ខ្សាច់​សំណង់​ពី​ខេត្តកោះកុង​ចេញទៅ​ក្រៅប្រទេស តែ​ខ្សាច់​ស​នៅ​ដដែល​ ​ ​

1370
ចែករម្លែក

(​ភ្នំពេញ​) ៖ ក្រសួង​រ៉ែ​និង​ថាមពល បានសម្រេច​ឲ្យ​បញ្ឈប់​ការនាំ​ខ្សាច់ ពី​ខេត្តកោះកុង​ចេញទៅ​ក្រៅប្រទេស​ដើម្បី​បង្ការ​ផលប៉ះពាល់​ដល់​​បរិស្ថាន និង​ជលសា​ស្ត្រ​នៅ​តំបន់​ព្រែក និង​ស្ទឹង​នៃ​ប្រព័ន្ធ​ស្ទឹង​ស្រែអំបិល​ប្រព័ន្ធ​ស្ទឹង​តា​តៃ ស្ទឹង​ត្រពាំងរូង​និង​ប្រព័ន្ធ​ស្ទឹង​កោះ​ប៉ា​នៃ​​ខេត្តកោះកុង​។​
​ ​
​យោងតាម​សេចក្ដីប្រកាស​ស្ដីពី​ការបញ្ឈប់​អនុញ្ញាត​ឲ្យ​នាំ​ខ្សាច់​សំណង់​គ្រប់​ប្រភេទ​និង​ខ្សាច់​ល្បាយ​ភក់​នៅ​ខេត្តកោះកុង​ចេញទៅ​ក្រៅ​​ប្រទេស របស់​ក្រសួង​រ៉ែ និង​ថាមពល​ចុះ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា “​ប្រការ​១​បញ្ឈប់​ជា​ស្ថាពរ​ការអនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​​នាំចេញ​ខ្សាច់​សំណង់​គ្រប់​ប្រភេទ និង​ខ្សាច់​ល្បាយ​ភក់ នៅ​ខេត្តកោះកុង​ច​ញ​ទៅ​ក្រៅប្រទេស​”​។​
​ ​
​សេចក្ដីប្រកាស​ដដែល​ប​ន្ថែ​ម​ថា នាយក​ខុទ្ទកាល័យ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​ទូទៅ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​​រ៉ែ អគ្គាធិការ ប្រធាន​នាយកដ្ឋាន​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកោះកុង​ត្រូវ​ទទួលបន្ទុក​អនុវត្ត​ប្រកាស​នេះ តាម​ភារកិច្ច​រៀងៗ​ខ្លួន​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ​។​

​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្តិ​ធារ៉ា បញ្ជាក់ប្រាប់​វិទ្យុ​ជា​ភាសា​ខ្មែរ​មួយ​នៅ​ថ្ងៃទី​១១ ខែកក្កដា ថា ការសម្រេច​ផ្អាក​ជា​ស្ថាពរ​នេះ គឺជា​កិច្ច​ការបន្ត​ពី​ការផ្អាក​ជា​បណ្ដោះ​អាសន្នកាល​ពី​ឆ្នាំ​២០១៦ កន្លងទៅ ដែល​កាលនោះ​ក្រសួង​ត្រូវ​សិក្សា និង​ពិនិត្យឡើងវិញ​នូវ​ផលប៉ះពាល់​បរិស្ថាន និង​សង្គម ដែល​ត្រូវបាន​ស្នើឡើង​ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន​។​

​លោក​បញ្ជាក់ថា សេចក្តីសម្រេច​ថ្មី​នេះ​គ្របដណ្ដប់​លើ​អាជីវកម្ម​ខ្សាច់​សំណង់ និង​ខ្សាច់​ល្បាយ​ភក់​នៅ​ខេត្តកោះកុង ដែលមាន​គោលបំណង​នាំចេញ ដូច្នេះ​ក្រុមហ៊ុន​ណា​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​សម្រាប់​នាំចេញ ត្រូវតែ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​។​ទោះបីជា​យ៉ាង​​ណា សេចក្តីសម្រេច​នេះ​មិន​គ្របដណ្ដប់​លើ​អាជីវកម្ម​ខ្សាច់​ស៊ី​លីកា (Silica) ឬ​ខ្សាច់​ស នៅ​ខេត្តកោះកុង នោះទេ ពោលគឺ​ក្រុមហ៊ុន​ណា​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​ខ្សាច់​ស៊ី​លីកា នៅ​អាច​បន្តសកម្មភាព​រប​ស់​ខ្លួន​បាន​ដដែល​។ លោក ម៉េង សក្តិ​ធារ៉ា បញ្ជាក់​ពី​មូល​ហេតុថា ខ្សាច់​នេះ​ស្ថិតក្រោម​បទបញ្ញត្តិ​ដោយឡែក​ពី​ខ្សាច់​សំណង់ និង​ខ្សាច់​ល្បាយ​ភក់​៕ ​ដោយ ៖វិបុល-វាសនា

កប៉ាល់​ដឹក​ខ្សាច់​នៅ​ខេត្តកោះកុង​នាពេល​កន្លងមក​(​រូបៈ​អាស៊ីសេរី​)

ទីតាំងផ្សាយពាណិជ្ជកម្ម