អ៊ីរ៉ង់​និយាយថា​ខ្លួន​បាញ់​មី​ស៊ី​ល​ចេញ​ពី​ក្រោម​ដី​ក្នុង​ពេលធ្វើ​សមយុទ្ធ​ឈូង​សមុទ្រ​

258
ចែករម្លែក

​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​បាន​និយាយថា​ពួកគេ​បាន​បាញ់​មី​ស៊ី​ល​ផ្លោង​ចេញពី​”​ជម្រៅ​ផែនដី​” កាលពី​ថ្ងៃ​ពុធ​ទី​២៩​កក្កដា​ក្នុង​អំឡុងពេល​ធ្វើ​សមយុទ្ធ​នៅ​ថ្ងៃ​ចុងក្រោយ​នៅក្បែរ​ដែនទឹក​ឈូង​សមុទ្រ​​ដែល​ងាយ​ផ្ទុះ​ជម្លោះ​នេះ​។​

​ការបាញ់​នេះ​បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់​ពី​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​នេះ​បាន​ហាត់​វាយប្រហារ​ទៅ​លើ​នាវា​ផ្ទុះ​យន្តហោះ​អាម៉េរិក​ក្លែងក្លាយ​មួយគ្រឿង ក្នុង​អំឡុងពេល​ធ្វើ​សមយុទ្ធ​ដោយ​មី​ស៊ី​ល​ជា​ច្រើន​គ្រាប់​​ត្រូវ​បាន​បាញ់​នៅ​ជិត​ច្រក​សមុទ្រហ័​រមូស ដែល​ជា​ផ្លូវ​ដឹកជញ្ជូន​ដ៏​សំខាន់​សម្រាប់​ផលិតផល​ប្រេង​ពិភពលោក​១​ភាគ​៥​។​

​ទូរទស្សន៍​រដ្ឋ​បាន​ផ្សព្វផ្សាយ​អំពី​ការធ្វើ​សមយុទ្ធ​នៅពេល​ថ្ងៃជា​ចុងក្រោយ​បំផុត​នេះ​នៅ​វាល​ខ្សាច់​ដោយ​បង្ហាញ​អណ្តាតភ្លើង ផ្សែង​និង មាន​ធូលី​ដី នៅ​មុនពេល​មាន​អ្វី​ដែល​ទំនងជា​គ្រាប់​ហោះ​ចំនួន​​គ្រាប់​៤ បាន​ហោះ​ឡើង​លើ​មេឃ​។​

​អង្គភាព​កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​នេះ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ​គេហទំព័រ​Sepahnews ថា​” វា​ជា​លើកដំបូង​នៅ​លើ​ពិភពលោក​ដែល​សមយុទ្ធ​បែប​នេះ​ត្រូវបាន​អនុវត្ត​។​

​សេចក្តីថ្លែងការណ៍​នេះ​មិន​បាន​បញ្ជាក់​លម្អិត​អំពី​ប្រភេទ​មី​ស៊ី​ល​ទាំងនោះ​ទេ​។​

​កង​ឆ្មាំ​បដិវត្តន៍​នេះ បាន​និយាយថា ក្នុងការ​ធ្វើ​សមយុទ្ធ​នេះ​ពួកគេ​ក៏​បាន​ទម្លាក់​គ្រាប់បែក​ជា​ច្រើន​គ្រាប់​ចេញពី​យន្តហោះ​ទម្លាក់​គ្រាប់បែក​Sukhoi Su-22 ជាច្រើន​គ្រឿង​ទៅលើ​គោលដៅ​ដែល​​កំណត់​នៅ​កោះ​Bani Farur នៅក្នុង​ទឹកដី​អ៊ីរ៉ង់​។​

​សមយុទ្ធ​សមុទ្រ​នេះ​ត្រូវបាន​ធ្វើឡើង​ចំ​ពេល​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​រវាង​អ៊ីរ៉ង់​សហរដ្ឋ​អាម៉េរិក​៕​ប្រែ​សម្រួល​៖​សុខា​/sn

​កាំជ្រួច​របស់​អ៊ីរ៉ង់​ហោះ​ចេញពី​ដី ក្នុងអំឡុងពេល​សមយុទ្ធ​

ទីតាំងផ្សាយពាណិជ្ជកម្ម