ទិវា យាង​សោយរាជ្យ នៃ ព្រះរាជាណាចក្រ ម៉ា​រ៉ុ​ក​

143
ចែករម្លែក

​ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ នៃ​ព្រះរាជាណាចក្រ​ម៉ា​រ៉ុ​ក ប្រារព្ធ​ទិវា​យាង​សោយរាជ្យ របស់​ពួកគេ ដើម្បី​រំឭក​ដល់​ថ្ងៃ​ឡើង​សោយរាជ្យ នៃ​ព្រះរាជា តាម​បវេណី​របស់ ម៉ា​រ៉ុ​ក គឺ​ព្រះបាទ មហា​ម៉េ​ដ​ទី​៦ ដែលជា​តំណ និង​តំណាង ឬ​ជាការ​រំឭក​ដល់​ការទទួលបាន ឯករាជ្យភាព​របស់ ម៉ា​រ៉ុ​ក ពី​អាណានិគម​បារាំង និង អេ​ស្ប៉ា​ញ កាលពី​ឆ្នាំ​១៩៥៦ ហើយ​ទិវា​សោយរាជ្យ​នេះ ធ្លាប់ធ្វើ​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា​, ធ្វើ​នៅ​ថ្ងៃទី​៣ ខែមីនា លុះ​ចាប់ពី​ឆ្នាំ​១៩៩៩ ទិវា​នេះ ធ្វើ​នៅ​ថ្ងៃទី​៣០ កក្កដា រហូតមក ។

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​ព្រះរាជាណាចក្រ​ម៉ា​រ៉ុ​ក គឺជា​ប្រទេស​រាជាធិបតេយ្យ អាស្រ័យ​រដ្ឋធម្មនុញ្ញ មាន​ផ្ទៃដី ៤៤៦.៥៥០ ( ៧១០.៨៥០ ? ) គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អាហ្វ្រិក​ខាងជើង មាន​ព្រំដែន​ជាប់​វាល​ខ្សាច់ សាហា​រ៉ា អាល់​ហ្ស៊េ​រី និង​អេ​ស្ប៉ា​ញ ។ ឆ្នាំ​២០២០ មាន​ប្រជាជ​ជាង ៣៦ លាន​នាក់ ភាគច្រើន គឺជា​អ្នក​កាន់សាសនា​អ៊ិ​ស្លាម រដ្ឋធានី គឺ​ទីក្រុង​រ៉ា​បា ភាសាផ្លូវការ គឺ​ភាសា​អារ៉ាប់ ទំនើប និង​ភាសា​ប៊ឺ​ប៊ឺ ។​

​ព្រះមហាក្សត្រ គឺជា​ព្រះប្រមុខរដ្ឋ ដែល​កាន់អំណាច​នីតិបញ្ញត្តិ និង​នីតិប្រតិបត្តិ​យ៉ាង​ទូលំ ទូលាយ ដោយ​រួមទាំង​អំណាច​យោធា​ផង ។ រាជក្រឹត្យ​របស់​ព្រះអង្គ​មាន​អនុ​ភាពជា​ច្បាប់ ព្រះមហាក្សត្រ​មាន​សិទ្ធិ​រំលាយ​រដ្ឋសភា ដោយ​គ្រាន់តែ​ត្រូវ​ប្រឹក្សា​ជាមួយ​នាយករដ្ឋមន្ត្រី និង ប្រធាន​តុលាការ​ធម្មនុញ្ញ ប៉ុណ្ណោះ ។​

ប្រវត្តិសាស្ត្រ​-​អាច​ណា​ចក្រ​សាច់​ខ្លាញ់​
​ខណៈ​អឺរ៉ុប បានធ្វើ​ឧស្សាហូបនីយកម្ម​នោះ អាហ្វ្រិក​ខាងជើង ក៏​កាន់តែ​មានតម្លៃ​ខ្លាំង​ឡើងៗ ចំពោះ​សក្តានុពល​របស់ខ្លួន សម្រាប់​ការធ្វើ​អាណានិគម​។ នា​អំឡុង​ដើម​ទសវត្សរ៍ ១៨៣០ បារាំង បានបង្ហាញ​នូវ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង ចំពោះ​ប្រទេស​ម៉ា​រ៉ុ​ក គឺ​ដើម្បី​ជា​របង​ការពារ ព្រំដែន​ប្រទេស​អាល់​ហ្ស៊េ​រី (​ដែល​បារាំង កំពុង​ត្រួតត្រា​) ផង និង​ជាទី​តាំង​យុទ្ធសាស្ត្រ​សម្រាប់ ឆ្លងកាត់​ទៅមក​ពី​មហាសាគរ​អា​ត្ល​ង់​ទិ​ក និង​មហាសាគរ​ម៉េ​ឌី​ទែ​រ៉ា​ណេ​ផង​។​

​ទំនាស់​ដែនដី​ជុំវិញ តំបន់ Ceuta ដែល​កំពុង​ស្ថិតនៅក្រោម​អាណានិគម​អេ​ស្ប៉ា​ញ​បាន​រីក​រាល ដាល​កាន់តែ​ក្តៅ​ទៅៗ រហូត​ទីបំផុត​នៅ​ឆ្នាំ​១៨៦០ អេ​ស្ប៉ា​ញ ត្រូវ​ឈានដល់​ការប្រកាស សង្គ្រាម​ប្រឆាំង​បារាំង ហើយ​ទីបំផុត​នៃ​សង្គ្រាម​នោះ អេ​ស្ប៉ា​ញ​ចំណេញ​បាន​ទឹកដី​មួយ ចំនួន​ទៀត សម្រាប់​ពង្រីក​តំបន់​អាណានិគម​របស់ខ្លួន ។ នៅ​ឆ្នាំ​១៨៨៤ អេ​ស្ប៉ា​ញ​បាន​បង្កើត រដ្ឋការ​អាណាព្យាបាល ទៅលើ​តំបន់ឆ្នេរ​នានា នៃ ម៉ា​រ៉ុ​ក ។

​នៅ​ឆ្នាំ​១៩០៤ ទាំង​បារាំង ទាំង​អេ​ស្ប៉ា​ញ បាន​ត្រួស​ត្រាយផ្លូវ​ចេញពី​តំបន់​នោះ​ទៅទៀត គឺ​បារាំង មានបំណង​បង្កើត​រដ្ឋការ អាណាព្យាបាល នៅ​តំបន់​ម៉ា​រ៉ុ​ក ប៉ុន្តែ​ត្រូវបាន អាល្លឺម៉ង់ ជំទាស់ ដោយបាន​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​ក្លា ហើយ​វិបត្តិ ក៏បាន​កើតឡើង​នៅ​ឆ្នាំ ១៩០៥ រវាង​មហាអំណាច អឺរ៉ុប ទាំងពីរ​នេះ ( បារាំង និង អាល្លឺម៉ង់​) ។

​សន្និសីទ​មួយ ត្រូវបាន​រៀបចំឡើង នៅ​នាទី​ក្រុង​កំពង់ផែ Algeciras នៃ​ប្រទេស អេ​ស្ប៉ា​ញ ពី​ចន្លោះ​ថ្ងៃទី​១៦ ខែមករា ដល់​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​១៩០៦ ដែល​បាន​ដោះស្រាយ​វិបត្តិ នៃ​មហិច្ឆតា របស់​បារាំង ទៅលើ​ម៉ា​រ៉ុ​ក បាន​មួយគ្រា ។​

​ប៉ុន្តែ​ដោយសារ​ម៉ា​រ៉ុ​ក គឺជា​ទីតាំង​ដ៏​មាន​សារសំខាន់​ខាង​យុទ្ធសាស្ត្រ នោះ ទើប​បារាំង ចាំបាច់ ត្រូវតែ​យក​អាណាចក្រ​អ៊ីស្លាម​មួយ​នេះ ទៅ​ត្រួតត្រា​ឱ្យ​ទាល់តែ​បាន ទើប​នៅ​ខែមេសា ឆ្នាំ​១៩១១ បារាំង បាន​បញ្ជូន និង​ដាក់ពង្រាយ​កងទ័ព​រប​ស់​ខ្លួន​នៅក្នុង​ទឹកដី​ម៉ា​រ៉ុ​ក ។ ឃើញ ដូច្នោះ​អាល្លឺម៉ង់ មិនអាច​នៅ​ព្រងើយ​ឡើយ ទើប អាល្លឺម៉ង់ ឆ្លើយតប​ដោយ​ការបញ្ជូន​នាវា ចម្បាំង ទៅកាន់​ទីក្រុង​កំពង់ផែ Agadir ម៉ា​រ៉ុ​ក នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​១៩១១ នោះដែរ បញ្ឆេះ​ឱ្យមាន​ភាព​តានតឹង​ផ្ទុះឡើង​ម្តងទៀត រវាង​មហាអំណាច​អឺរ៉ុប ទាំងពីរ​នេះ​ដែល អង់គ្លេស ក៏​ជា​ផ្នែក​មួយ​នៅ​ពីក្រោយ​ទំនាស់​នោះដែរ ។​

​ដើម្បី​ដោះស្រាយ​វិបត្តិ​ដ៏​រីក​រាលដាល​នេះ ស៊ុ​លត​ង់ ( ស្តេច​នៃ​ពិភព​មូ​ស្ល៊ី​ម ) ម៉ា​រ៉ុ​ក អាប់​ដែល ហា​ហ្វ៊ី​ដ ត្រូវបាន​តម្រូវឱ្យ​ចុះហត្ថលេខា លើ​សន្ធិសញ្ញា​មួយនា​ទីក្រុង​ហ្វេ​ស នៃ​ប្រទេស ម៉ា​រ៉ុ​ក នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​១៩១២ ដោយ​ដាក់​ម៉ា​រ៉ុ​ក ឱ្យ​ស្ថិតក្រោម​អាណាព្យាបាល​របស់ បារាំង ហើយ​បារាំង បាន​ដោះដូរ​ទឹកដី​អាណានិគម​របស់ខ្លួន នៅ​តំបន់​កុង​ហ្គោ កណ្តាល (​បច្ចុប្បន្ន សា​ធា​ធារ​ណ​រដ្ឋ​កុង​ហ្គោ​) ទៅឱ្យ​អាល្លឺម៉ង់ ជា​អ្នកត្រួតត្រា​វិញ ។ ចំណែក អេ​ស្ប៉ា​ញ​នៅ​បន្ត ត្រួតត្រា​លើ​តំបន់ឆ្នេរ​ខ្សាច់​សាហា​រ៉ា​ខាងជើង និង​ខាងត្បូង​ដដែល គឺ​ពួក​មហាអំណាច​ទាំង ៣ យក​ទឹកដី​របស់​ប្រទេស​នានា ទៅ​ចែកគ្នា​ទៅ​ត្រួតត្រា​បែប​នោះ តាមរយៈ​សន្ធិសញ្ញា នោះឯង ទើប​ពួកគេ​ស្ងប់ចិត្ត​រៀងខ្លួន​។ ប៉ុន្តែ​សន្ធិសញ្ញា​នោះ ត្រូវបាន​ប្រជាជន ម៉ា​រ៉ុ​ក ថ្កោលទោស​ថា ជាការ​ហែក​ទឹកដី​ម៉ា​រ៉ុ​ក ទៅឱ្យ​បរទេស ពោលគឺ​វា​បង្កើតបានជា​ភាព​មួម៉ៅ ក្តៅក្រហាយ កើតទុក្ខ​មិន​សុខចិត្ត ដល់​ប្រជាជន ម៉ា​រ៉ុ​ក ឯណោះ​ទៅវិញ ។

​ផលប្រយោជន៍​ដ៏​ច្រើន​មហិមា បានកើត​ឡើង នៅក្នុង​ដែនដី​ម៉ា​រ៉ុ​ក ញ៉ាំងឱ្យ បារាំង​រិត​បន្តឹង​ការ ត្រួតត្រា ដែលជា​ហេតុ​នាំទៅរក​ការបង្កើត​ឩ​ទ្ទាម​កម្ម របស់​ជនជាតិ​ម៉ា​រ៉ុ​ក ប្រឆាំងនឹង​អាណា និគម​បារាំង និង​ស៊ុ​លត​ង់ អាប់​ដែល​ហា​ហ្វ៊ី​ដ ដែល​ក្រោម​ការបង្គាប់បញ្ជា​របស់​បារាំង​។

​នៅ​ឆ្នាំ​១៩២១ ជនជាតិ ប៊ឺ​ប៊ឺ ( ដែលជា​អម្បូរ​ដ៏​ធំ​បំផុត​មួយ​របស់​ម៉ា​រ៉ុ​ក ) នៅ​តំបន់ភ្នំ រី​ហ្វ បាន​ងើប​បះបោរ​ប្រឆាំង ហើយ​បង្កើតជា​សាធារណរដ្ឋ​រី​ហ្វ ប៉ុន្តែ​ត្រូវបាន​កងទ័ព​បារាំង និង អេ​ស្ប៉ា​ញ ព្រួត​គ្នា​វាយកម្ទេច នៅ​ឆ្នាំ​១៩២៦ ។

ចលនា​ឯករាជ្យភាព
​សហរដ្ឋអាមេរិក គឺជា​ប្រមុខ​ដ៏​សំខាន់​មួយ ក្នុងចំណោម​ប្រមុខ​ដ៏​សំខាន់ ទាំង ២ ជាមួយ អង់គ្លេស នៅក្នុង​សង្គ្រាមលោកលើកទី​២ ។ ខណៈដែល​ខ្លួន​មិនទាន់​មានអំណាច​ខ្លាំងក្លា ដូច​អង់គ្លេស និង មហាអំណាច​ផ្សេងទៀត​នោះ ពិតជា​មិន​ចង់ឱ្យ​មហាអំណាច​ទាំងនោះ នៅមាន​ភាពជា​មហាអំណាច​ទៀតឡើយ នៅក្រោយ​សង្គ្រាម ព្រោះថា បើ​មហាអំណាច ទាំងនោះ នៅតែ​ជា​មហាអំណាច​ដូច​មុន (​អាច​លើស​ពីមុន​) សង្គ្រាម​ទៀត​នោះ​ទឹកមាត់ អាមេរិក នឹងមិន​ប្រៃ​ឡើយ ហើយក៏​នឹង​គ្មាន​ឱកាស​ពង្រីក​អំណាច​រប​ស់​ខ្លួន​ដែរ​ហើយ​បើ​គង់ តែ​នៅ​បែប​នោះ​ដដែល​នោះ អាមេរិក​ប្រាកដជា​មិនចាំបាច់​ហក់​ខ្លួន​ចូលទៅក្នុង​ភ្លើងសង្គ្រាម ឡើយ ព្រោះ​អ្នកណា​ក៏​ដឹង​ដែរ​ថា សង្គ្រាម​ធ្វើឱ្យ​ប្រទេស​នានា ហិនហោច​ព្រាត់ប្រាស និង​ទុក​សោក ហើយ​អាច​ក្លាយទៅជា​ប្រទេស ដ៏​ខ្ទេចខ្ទាំ បាត់បង់​ទឹកដី និង​ពូជសាសន៍​ទៀតផង ក៏មាន ។​

​ដោយហេតុ​នោះ​ហើយ ទើប​សហរដ្ឋអាមេរិក តែងតែ​ព្យាយាម​បង្កើត ឬ​គាំទ្រ​ជាសម្ងាត់ ( ឬ​ដោយ​ចេញមុខ ) ចំពោះ​ចលនា​ឯករាជ្យភាព នៃ​បណ្តា​ប្រទេស ក្រោម​អាណានិគម​នានា ដោយ​អាមេរិក គ្រាន់តែ​ប្រើពាក្យ​ថា “​ដើម្បី​សេរីភាព​“ តែប៉ុណ្ណោះ គឺ​គ្រប់គ្រាន់​សម្រាប់​បំបែក បំបាក់​ប្រទេស​ណាមួយ ឱ្យ​រើបម្រះ​ឡើង ពី​អាណានិគម​ណាមួយ ។ ដោយមាន​ការគាំទ្រ ជាសម្ងាត់​ពី សហរដ្ឋអាមេរិក នៅ​ឆ្នាំ​១៩៤៣ គណបក្ស Istiqlal Party (​គណបក្ស​ឯករាជ្យភាព​) ត្រូវបាន​បង្កើតឡើង ដោយបាន​ផ្តល់​ជាសំខាន់ នូវ​ភាពជា​អ្នកដឹកនាំ​ដល់​ពួក​ចលនា​ជាតិនិយម ។​

​កាលដែល​បារាំង ចូល​ត្រួតត្រា​ម៉ា​រ៉ុ​ក​នោះ ស៊ុ​លត​ង់ មហា​ម៉េ​ដ​ទី​៥ បាន​ជំទាស់​ជាដាច់ខាត ហើយ​ដោយសារតែ​ការជំទាស់​នោះ ទើប​ទីបំផុត ស៊ុ​លត​ង់ មហា​ម៉េ​ដ​ទី​៥ ត្រូវ​បារាំង ចាប់​និរទេស ទៅ​ម៉ា​ដា​ហ្កា​ស្កា​។ ពី​ក្រៅប្រទេស​មក នៅ​ឆ្នាំ​១៩៥៣ អតីត​ស៊ុ​ល​តង់​មហា​ម៉េ​ដ ទី​៥ បាន​បញ្ចេញ​សកម្មភាព​ប្រឆាំង​ទៅនឹង​ការធ្វើ​អាណានិគម​លើទឹក​ដី​ម៉ា​រ៉ុ​ក ពី​សំណាក់ បារាំង និង​អេ​ស្ប៉ា​ញ សាជាថ្មី​ទៀត ដែលនាំឱ្យ​ចលនា​តស៊ូ​ជាតិនិយម​ក្នុងប្រទេស​កាន់ តែមាន​ឥទ្ធិពល​ខ្លាំង​ទៅៗ នៅក្នុង​ចិត្តគំនិត និង​សង្គម​ម៉ា​រ៉ុ​ករ​ហូត​ឈានទៅដល់​ផ្ទុះ​អំពើហិង្សា នានា​ប្រឆាំង​ជនបរទេស ។

​អាណានិគម​បារាំង គិតថា ដើម្បី​លួង​ចិត្ត​ពលរដ្ឋ​ម៉ា​រ៉ុ​ក ដែល​ទាមទារ​ឱ្យ មហា​ម៉េ​ដ​ទី​៥ វិល​មកវិញ ហើយក៏​គិតថា​ងាយ​នឹង​គ្រប់គ្រង ឃ្លុំ​មាត់​ជាង​ផង​នោះ ទើប​បារាំង បាន​អនុ​ញ្ញ​ត ឱ្យ​អតីត​ស៊ុ​លត​ង់ មហា​ម៉េ​ដ ទី​៥ ត្រឡប់​ចូល​ទឹកដី​ម៉ា​រ៉ុ​ក​វិញ នៅ​ឆ្នាំ​១៩៥៥ ។ ប៉ុន្តែ​ការគិត របស់​បារាំង ប្រែក្លាយជា​កំហុស ព្រោះ​វត្តមាន​របស់​អតីត​ស៊ុ​លត​ង់ មហា​ម៉េ​ដ​ទី​៥ គឺជា​ប្រទីប ឬ ជា​ដងទង់​នៃ​គំនិត​តស៊ូ ដើម្បី​ឯករាជ្យភាព​របស់​ជន​ជាតិ​ម៉ា​រ៉ុ​ក​ទៅវិញ​ដែល​ញ៉ាំងឱ្យ​កម្លាំង​ជាតិ និយម កាន់តែ​មាន​ភាព​ពុះកញ្ជ្រោល​ខ្លាំង​ឡើងៗ ធ្វើឱ្យ​បារាំង កាន់តែ​ពិបាក​ទប់ទល់​ទើប​ទី បំផុត ក៏មាន​ការផ្តួចផ្តើម​គំនិត​ចរចា ដើម្បី​ឯករាជ្យភាព​ម៉ា​រ៉ុ​ក ត្រូវបានធ្វើ​នៅ​ឆ្នាំ​១៩៥៦ ។​

​នៅ​ខែមីនា ឆ្នាំ​១៩៥៦ អាណាព្យាបាល​បារាំង ទៅលើ​ម៉ា​រ៉ុ​ក ត្រូវបាន​ញ្ច​ប់ ហើយ ម៉ា​រ៉ុ​ក ទទួលបាន​ឯករាជ្យភាព​របស់ខ្លួន​ពី​បារាំង ក្នុងឋានៈ​ជា​ព្រះរាជាណាចក្រ​ម៉ា​រ៉ុ​ក យ៉ាង​ពេញ លេញ​។ មុននឹង​ការបញ្ចប់​ទៅនោះ បារាំង មិនបាន​សុខចិត្ត​ដើរ​ចេញពី​ទឹកដី​ម៉ា​រ៉ុ​ក​តែម្នាក់ឯង ឡើយ គឺ​ពួកគេ​បាន​ថ្ពក់​អូស​អេ​ស្ប៉ា​ញ ទៅជា​មួយ​ផងដែរ​។ ដោយហេតុ​នោះឯង​ហើយ ទើប​មួយខែ​ក្រោយមក អេ​ស្ប៉ា​ញ ក៏បាន​ប្រគល់​ទឹកដី​អាណានិគម ភាគច្រើនបំផុត​របស់​ខ្លួន នៅ ម៉ា​រ៉ុ​ក​ខាងជើង ឱ្យ​ម៉ា​រ៉ុ​ក​វិញ ប៉ុន្តែ​បាន​បន្ត​រក្សា​ទឹកដី​មួយចំនួន នៅ​ឆ្នេរ​សមុទ្ទ​ម៉េ​ឌី​ទែ​រ៉ា​ណេ នៅ​ដដែល ព្រោះ​ទឹកដី​នោះ មិន​ជាប់​ពាក់ព័ន្ធ​ជិតស្និទ្ធ​ទូទៅ​នឹង​ម៉ា​រ៉ុ​ក ទើប​បារាំង​ក៏​ពិបាក​ដាក់ លក្ខន្តិកៈ​ឱ្យ អេ​ស្ប៉ា​ញ បោះបង់​ដែរ ។

​ងារ​ជា ស៊ុ​លត​ង់ ត្រូវបាន​ជំនួស ដោយ​ព្រះរាជា ឬ​ព្រះមហាក្សត្រ ។ អតីត​ស៊ុ​ល​តង់​មហា​ម៉េ​ដ ទី​៥ បាន​យាង​ឡើង​សោយរាជ្យ នៅ​ឆ្នាំ​១៩៥៧ ហើយ​បាន​សោយ​ទិវង្គត នៅ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​១៩៦១ ដោយ​បុត្រ​របស់​ព្រះអង្គ​គឺ ព្រះបាទ ហាស្សាន់​ទី​២ ជា​អ្នក​ឡើង​សោយរាជ្យ​បន្ត ពី​ព្រះអង្គ ។ ព្រះបាទ ហាស្សាន់​ទី​២ បាន​សោយ​ទិវង្គត នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ ១៩៩៩ ហើយ​នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​១៩៩៩ បុត្រ​របស់​ព្រះអង្គ គឺ​ព្រះបាទ មហា​ម៉េ​ដ​ទី​៦​យាង​ឡើង គ្រងរាជ្យ​បន្ត រហូតមកដល់​បច្ចុប្បន្ន ។​

​ដោយហេតុនេះ ទិវា​យាង​សោយរាជ្យ ត្រូវបាន​ធ្វើឡើង​ដើម្បី​រំឭក​ដល់​កាលដែល​ព្រះរាជា​មហា ម៉េ​ដ​ទី​៦ យាង​ឡើង​សោយរាជ្យ នោះឯង ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

គំ​នរូ​ពណ៌នា​អំពី​សង្គ្រាម​ដែល​កងទ័ព​សាធារណរដ្ឋ រី​ហ្វ ជនជាតិ ម៉ា​រ៉ុ​ក ប្រឆាំងនឹង បារាំង និង អេ​ស្ប៉ា​ញ
ព្រះបាទ មហា​ម៉េ​ដ​ទី ៦ (​កណ្តាល​) យាង​ឡើង​ស្នងរាជ្យ​នៅ​ឆ្នាំ ១៩៩៩
ទីក្រុង រ៉ា​បា នៃ ព្រះរាជាណាចក្រ ម៉ា​រ៉ុ​ក