«​ជីវិត​ក្នុង​ភាព​នឹងថ្កល់​» ​រឿងរ៉ាវ​របស់​ប្រជាជន​ក្រោម​របប​ខ្មែរក្រហម​ ​យ៉ាន់ យឿន ហៅ យ​ន យុទ្ធជន​កងពល​៣១០

295
ចែករម្លែក

ដោយៈ​វេ​នី ខក​ហ្កៀ​ល​, ប៊ា​ង ពី​វ័​ន្ត​, ស៊ឹម សុភ័ក្ត្រ និង រ៉ា ឆៃ​រ៉ា​ន់
​សម្ភាសន៍​មួយ យ៉ាន់ វុត្ថា ត្រូវជា​ប្អូនស្រី នៅ​ស្រុកចម្កា​លើ ខេត្តកំពង់ចាម​៖
​ ​បង​យ៉​ន ត្រូវគេ​កេណ្ឌ​ធ្វើ​ទាហាន​នៅពេល​គាត់​រៀន​នៅ​វត្ត​អំឡុង​ឆ្នាំ​១៩៧២​។ កាលនោះ​មាន​សុទ្ធតែ​យោធា​ខ្មែរក្រហម​ជាច្រើន​នាក់​នៅ​ទីនោះ ហើយ​គាត់​ក៏បាន​ស្ម័គ្រចិត្ត​ដែរ​។ ពុក​ម៉ែ​ព្រម​ឲ្យ បង​យ៉​ន ទៅ​ព្រោះ​គាត់​គាំទ្រ​ខាង​សម្តេច និង​ចង់​ស្រោចស្រង់​ប្រទេសជាតិ​។​

យ៉​ន ថត​ប្រហែល​ឆ្នាំ​១៩៧២​។(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ ​បង​យ៉​ន បានមក​លេង​យើង​ពីរ​បី​ថ្ងៃ​ដែរ​នៅ​ឆ្នាំ​១៩៧២ គឺ​មុនពេល បង​យឹម ត្រឡប់មកផ្ទះ​វិញ​។ បង​យឹម ជា​ខ្មែរក្រហម​ម្នាក់​ដែរ​។ គាត់​ពិការ​ដោយសារ​ច្បាំង​គ្នា​នៅ​កំពង់ចាម​។ ខ្ញុំ​មិនបាន​ដឹង​អ្វី​ច្រើន​អំពី​ដំណើរ​មកលេង​របស់គាត់​ទេ ព្រោះ​កាលណោះ​ខ្ញុំ​នៅ​តូច​មិន​ចាប់អារម្មណ៍​ដឹងឮ​រឿង​មនុស្ស​ចាស់​។
​ប្រហែល​ឆ្នាំ​១៩៧៦-៧៧ ឪពុក​របស់ខ្ញុំ​បាន​ជួប បង​យ៉​ន​។ ឪពុក​របស់ខ្ញុំ​នៅ​ក្រសួង​ឃោសនាការ​។ គាត់​បាន​ចុះទៅ​មើល​កម្មករ​នៅ​កំពង់សោម​។ បង​យ៉​ន និង​ពុក ជជែក​គ្នា​បាន​មួយសន្ទុះ​តូច​ដែរ​។ ក្រោយពេល​ឪពុក​របស់ខ្ញុំ​វិល​មក​ផ្ទះ ខ្មែរក្រហម​បាន​ចោទ​គាត់​ថា​ជន​ក្បត់​។ ខ្ញុំ​បាន​ព្យ​យាម​ទៅ​មើល​ពុក​ដែរ​តែមាន​មនុស្ស​ប្រាប់​ខ្ញុំ​ថា គាត់​ត្រូវបាន​បណ្តេញ​ចេញពី​ការងារ​ហើយ​។ ខ្មែរក្រហម​បានសម្លាប់​គាត់​នៅ​ពាក់កណ្តាល​ឆ្នាំ​១៩៧៧ តែ​ខ្ញុំ​មិនដឹងថា​នៅ​កន្លែង​ណា​ទេ​។​


​ក្រោយនេះ​បន្តិច អង្គការ​បញ្ជូន​ម្តាយ​ខ្ញុំ​ទៅ​សហករណ៍​មួយ ហើយ​សម្លាប់​គាត់​ចោល​នៅ​ទីនោះ​តែម្តង​។ មាន​មនុស្ស​ប្រាប់​ខ្ញុំ​ថា ម្តាយ​ខ្ញុំ​ត្រូវបាន​អង្គការ​សម្លាប់​នៅ​ចម្ការអណ្តូង ខេត្តកំពង់ចាម​។ ខ្មែរក្រហម​បាន​ចោទ​គាត់​ថា​ជា​អាម៉េរិកាំង និង​យួន​។ អង្គការ​ថែមទាំង​សម្លាប់​ប្អូនប្រុស​របស់ខ្ញុំ​ពីរ​នាក់ និង​ប្អូនស្រី​អាយុ​៧​ឆ្នាំ​ម្នាក់ទៀត​ក្នុងពេល​តែមួយ​ជាមួយ​ម្តាយ​ខ្ញុំ​។ ក្រៅពីនោះ បងប្រុស​ខ្ញុំ​បីនាក់​ទៀត​ត្រូវបាន​អង្គការ​យកទៅ​សម្លាប់ចោល​ពេល​ដោយឡែកៗ​ពីគ្នា​។ ខ្មែរក្រហម​មាន​ពាក្យ​មួយ​ឃ្លា​ថា «​ជីក​ស្មៅ​ត្រូវ​ជីក​ទាំង​ឫស​» មានន័យថា​ចាំបាច់​ត្រូវតែ​សម្លាប់​គ្រួសារ​ទាំងមូល​។ យើង​អាច​នៅរស់​រាន​បាន​ប្រសិនបើ​ខ្មែរក្រហម​មិន​តាមដាន​ប្រវត្តិរូប​របស់​យើង​។ បើ​អង្គ​ការសើរើ​ឃើញថា បានសម្លាប់​ឪពុកម្តាយ​យើង​ហើយ យើង​ជា​កូន​មុខជា​ត្រូវគេ​យកទៅ​សម្លាប់ចោល​ដែរ​ជាមិនខាន​។ ខ្ញុំ​គិតថា​ខ្មែរក្រហម​ខ្លាច​យើង​សងសឹក​ឲ្យ​ឪពុកម្តាយ​យើង​វិញ ទើប​ចាប់​ទាំង​សាច់ញាតិ​បងប្អូន​សូម្បីតែ​អ្នក​រួម​ការងារ​ជាមួយគ្នា​ក៏ដោយ​។​
​ខ្ញុំ​ចូលធ្វើ​បដិវត្តន៍​នៅពេល​អាយុ​១៤​ឆ្នាំ​។ ដំបូង​ខ្ញុំ​នៅ​កងកុមារ និង​ក្រោយមក​នៅ​មន្ទីរ​ជួសជុល​អាវុធ​។ ឆ្នាំ​១៩៧៧ ខ្មែរក្រហម​ឲ្យ​ខ្ញុំ​កាន់​កាំភ្លើង​មួយ​ដើម ហើយ​បញ្ជូន​ខ្ញុំ​ទៅ​ច្បាំង​ជាមួយ​វៀតណាម​តាម​ព្រំដែន​។ ខ្ញុំ​ធ្លាប់​ស្គាល់​តែ​យួន​លក់​ត្រី​នៅ​ផ្សារ តែ​ខ្ញុំ​មិន​ច្បាស់​ថា​កងទ័ព​វៀតណាម​មាន​រូបរាង​យ៉ាងម៉េច​ទេ​។ យ៉ាងណាក៏ដោយ ខ្ញុំ​ត្រូវតែ​ប្រយុទ្ធ​ព្រោះ​ខ្ញុំ​គ្មាន​កន្លែង​ណា​គួរ​ទៅទៀត​ទេ​។


​ខ្ញុំ​មាន​ប្រវត្តិរូប​មិនល្អ​។ ក្រោយពេល​ឪពុកម្តាយ​ខ្ញុំ​ត្រូវ​ជម្លៀសចេញ ខ្ញុំ​ភ័យញ័រ​ខ្លួន​អស់ហើយ ព្រោះ​ខ្មែរក្រហម​តាម​កត់​ប្រវត្តិរូប និង​សកម្មភាព​របស់ខ្ញុំ​យ៉ាង​លម្អិត​រាល់​អាទិត្យ​។ ខ្មែរក្រហម​ឃ្លាំមើល​ខ្ញុំ​ជាប់ ហើយ​ផ្លាស់​ខ្ញុំ​ទៅ​កន្លែង​នេះ​កន្លែង​នោះ​ជាច្រើន​ដង​។ លើសពីនេះទៅទៀត ខ្មែរក្រហម​បាន​ចុះទៅ​ភូមិ​ខ្ញុំ​តាមដាន​គោលជំហរ ថែមទាំង​សាកសួរ​មេក្រុម​ខ្ញុំ​អំពី​រឿងរ៉ាវ​របស់ខ្ញុំ​ទៀតផង​។ សំណាងល្អ​ដែល​មេក្រុម​ស្រឡាញ់​រាប់អាន​ខ្ញុំ ទើប​គាត់​រាយការណ៍​ប្រវត្តិ​រូបខ្ញុំ​ដោយ​ឥត​លាក់លៀម​។​


​ចាប់ពី​ឆ្នាំ​១៩៧២​មក ខ្ញុំ​មិនដែល​ទទួលដំណឹង​អ្វី​ពី បង​យ៉​ន ទេ​។ អ្នកខ្លះ​និយាយថា គាត់​ស្លាប់ ហើយ​ខ្លះ​ទៀតថា​គាត់​នៅរស់​នៅ​ប៉ែ​លិ​ន​។ ខ្ញុំ​ចង់ទៅ​លេង​គាត់​ដែរ តែ​លុយកាក់​សោហ៊ុយ​មិន​គ្រប់ ម្យ៉ាង​ប៉ៃលិន​តំបន់​ក្តៅគគុក​ក្រោយ​ឆ្នាំ​១៩៧៩ ហើយ​វា​ស្ថិតនៅក្រោម​ការកាន់កាប់​របស់​យោធា​ខ្មែរក្រហម​នៅឡើយ​។ អ្នក​នៅក្បែរ​ខាង​របស់គាត់​និយាយថា គាត់​ទើបនឹង​ស្លាប់​ថ្មីៗ​នេះ​ដោយ​កើត​អេដស៍​។​
​តើ​ខ្ញុំ​ធ្វើ​ម៉េច​សងសឹក​ឲ្យ​ក្រុមគ្រួសារ​ខ្ញុំ​បាន​ទៅ បើ​ខ្ញុំ​មិន​ទាំង​ដឹងថា​អ្នកណា​ជា​ជនដៃដល់​ផង​? សព្វថ្ងៃ​ប្រជាជន​ខ្លះ​ថា តា​ម៉ុក ជា​មេ​នាំ​គំនិត ប៉ុន្តែ​ប្រសិនបើ តា​ម៉ុក នៅរស់ ហើយ​យើង​កាត់​សាច់​គាត់​ជា​ចម្រៀកៗ​យកមក​ហូប​ក៏​មិន​គ្រប់​សម្រាប់​ជីវិត​ជនរងគ្រោះ​ជាង​មួយ​លាន​នាក់​ដែរ​។ គ្មាន​អី​ដែល​អាច​ទូទាត់​សង​នូវ​ការឈឺចាប់​របស់​យើង​បានឡើយ​។​


​ខ្ញុំ​មាន​អារម្មណ៍​ថា​ឯកោ​ព្រោះ​គ្មាន​គ្រួសារ​នៅ​ទំនុកបម្រុង​នឹង​គេ​។ គ្រួសារ​ដទៃទៀត​នៅមាន​សាច់ញាតិ បងប្អូន ឯខ្ញុំ​វិញ​គ្មាន វា​ហាក់ដូចជា​ខុសគ្នា​ឆ្ងាយ​ណាស់​។ រាល់ថ្ងៃ​ខ្ញុំ​ព្យាយាម​លួងលោម​ខ្លួនឯង​កុំ​ឲ្យ​គិត​រឿងនេះ ព្រោះ​ខ្ញុំ​ម្នាក់ឯង​មិនអាច​យក​វត្ថុ​ដែល​បាត់បង់​ទៅ ត្រឡប់មកវិញ​បានទេ​៕សរន