ចិនអំពាវនាវសហភាពអឺរ៉ុបអោយរួមគ្នាប្រឆាំងគាំពារនិយមរបស់អាមេរិក

1333
ចែករម្លែក

ចិនកាលពីថ្ងៃសុក្រទី៦មេសា បានអំពាវនាវសហភាពអឺរ៉ុបអោយប្រកាន់ជំហររួមគ្នាប្រឆាំងនឹងគាំពារនិយមរបស់អាមេរិក ខណៈពាណិជ្ជកម្មវាយសងទៅសងមករវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងប៉េកាំងគំរាមដល់អឺរ៉ុបផងដែរ។

ការអំពាវនេះកើតឡើងខណៈប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានថា លោកអាចវាយពន្ធ១០០ពាន់លានទៀតលើទំនិញនាំចូលពីចិន ជាហេតុនាំអោយមានការភ័យខ្លាចអំពីការផ្ទុះសង្រ្គាមពិភពលោក។

ហ្សាង មីញ ប្រធានបេសកកម្មចិនប្រចាំអឺរ៉ុប

ហ្សាង មីញ ប្រធានបេសកកម្មចិនប្រចាំអឺរ៉ុប បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា«ចិននិងសហភាពអឺរ៉ុប…គួរប្រកាន់យកជំហរច្បាស់មួយប្រឆាំងគាំពារនិយម រួមគ្នារក្សាសណ្តាប់ធ្នាប់ពាណិជ្ជកម្មពហុភាគីផ្អែកតាមច្បាប់ និងរក្សាសេដ្ឋកិច្ចពិភពលោកអោយស្ថិតនៅលើផ្លូវរឹងមាំនិងចីរភាព។នេះជាការទទួលខុសត្រូវរួមគ្នាមួយរបស់ចិននិងសហភាពអឺរ៉ុប។យើងត្រូវតែចាត់ការរួមគ្នាដើម្បីធ្វើអោយអ្វីទាំងអស់ហ្នឹងកើតឡើង»។

ក្នុងសេចក្តីថ្លែងការណ៍របស់លោក លោកហ្សាងបានការពារពហុភាគីនិយម និងថា «អាមេរិកបែរខ្នងដាក់ច្បាប់ដែលទទួលស្គាល់ទូទាំងពិភពលោក ហើយនឹងការសន្យារបស់ខ្លួនឯង។ចំណាត់ការបែបគាំពារនិយមក្រោមលេសសន្តិសុខជាតិទាំងនេះ នឹងធ្វើអោយខូចឈ្មោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលផ្តោតលើអង្គការពាណិជ្ជកម្មពិភពលោក( WTO)និងសណ្តាប់ធ្នាប់ពាណិជ្ជកម្មផ្តោតលើច្បាប់»។

ក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃសុក្របាននិយាយថា ខ្លួនត្រៀមរួចហើយសំរាប់«បង់ក្នុងតំលៃណាមួយ»នៅក្នុងជម្លោះពាណិជ្ជកម្មជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក្រោយពីបានប្រកាសផែនការតតបទៅនឹងការគំរាមរបស់អាមេរិក ជាមួយនឹងការយកពន្ធតំលៃ៥០ពាន់លានលើទំនិញនាំចូលពីអាមេរិក ដូចជាសណ្តែកសៀង រថយន្តនិងយន្តហោះធុនតូច។

សហភាពអឺរុបក៏ជាប់ក្នុងបញ្ហាពាណិជ្ជកម្មជាមួយអាមេរិកផងដែរ ក្រោមការគំរាមរបស់អាមេរិកថានឹងយកពន្ធខ្ពស់លើទំនិញអាលុយមីញ៉ូមនិងដែកថែប។កាលពីខែមុន ប្រធានាធិបតីត្រាំបានអនុញ្ញាតអោយផ្អាកពន្ធថ្មីនេះ តែទោះជាយ៉ាងណា ទុកពេលអោយអឺរ៉ុបត្រឹមថ្ងៃ១ឧសភាប៉ុណ្ណោះក្នុងការស្វែងរកដំណោះស្រាយមួយចំពោះអ្វីដែលមេដឹកនាំអាមេរិកហៅថា ការប្រតិបត្តិពាណិជ្ជកម្មមិនយុត្តិធម៌។

សហភាពអឺរ៉ុប តាំងពីមុនមកបានប្រតិកម្មដោយប្រយ័ត្នប្រយែងចំពោះវិធានការរបស់អាមេរិកប្រឆាំងចិនដោយអ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុបបាននិយាយនៅសប្តាហ៍នេះថា«អ្វីដែលសំខាន់សំរាប់ជំរុញនោះ គឺថាសហភាពអឺរ៉ុបជឿថាវិធានការគួរប្រកាន់យកការអនុវត្តន៍ក្នុងក្របខណ្ឌWTOដែលផ្តល់មធ្យោបាយដ៏ច្រើនសំរាប់ដោះស្រាយការខ្វែងគំនិតគ្នា»៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម